ការរក្សាទុកអាហារសល់ក្នុងទូទឹកកក រួចយកមកកម្តៅញ៉ាំឡើងវិញ គឺជាទម្លាប់ទូទៅរបស់គ្រួសារជាច្រើនដើម្បីសន្សំសំចៃ។ ប៉ុន្តែ អ្នកប្រហែលជាមិនដឹងទេថា ចំពោះអាហារមួយចំនួន ដំណើរការនៃការកម្តៅឡើងវិញមិនត្រឹមតែធ្វើឱ្យបាត់បង់សារធាតុចិញ្ចឹមនោះទេ ថែមទាំងអាចបំប្លែងសមាសធាតុខាងក្នុងឱ្យទៅជាជាតិពុល ដែលបំផ្លាញប្រព័ន្ធរំលាយអាហារ និងកើនឡើងហានិភ័យនៃជំងឺមហារីកទៀតផង។
ដើម្បីការពារសុខភាពខ្លួនឯង និងក្រុមគ្រួសារ នេះជា អាហារ ៤ មុខ ដែលអ្នកដាច់ខាត «មិនគួរកម្តៅញ៉ាំឡើងវិញ» ឡើយ៖
១. បន្លែបៃតង (ស្ពៃ ឆៃថាវ និងលីកូ)
បន្លែស្លឹកបៃតងសម្បូរទៅដោយជាតិ នីត្រាត (Nitrates) ខ្ពស់ ដែលល្អសម្រាប់រាងកាយនៅពេលញ៉ាំស្រស់ៗ ឬចម្អិនភ្លាមៗ។ ប៉ុន្តែ នៅពេលដែលវាត្រូវបានទុកចោល ហើយយកមកកម្តៅឡើងវិញ ជាតិជំនួយទាំងនោះនឹងបំប្លែងទៅជា នីទ្រីត (Nitrites) និង នីត្រូសាមីន (Nitrosamines) ដែលជាសារធាតុពុលបង្កជំងឺមហារីកយ៉ាងកាចសាហាវ និងប៉ះពាល់ដល់សមត្ថភាពដឹកនាំអុកស៊ីសែននៅក្នុងឈាម។
២. អាហារប្រភេទផ្សិត
ផ្សិតគឺជាប្រភពប្រូតេអ៊ីន និងវីតាមីនដ៏ល្អ តែវាមានភាពងាយរងគ្រោះខ្លាំងណាស់បន្ទាប់ពីចម្អិនរួច។ ប្រសិនបើអ្នកកម្តៅផ្សិតដែលសល់ឡើងវិញ គ្រឿងផ្សំប្រូតេអ៊ីននៅក្នុងផ្សិតនឹងត្រូវបំផ្លាញ និងប្រែប្រួលទម្រង់ ដែលអាចបណ្តាលឱ្យអ្នកជួបបញ្ហាប្រព័ន្ធរំលាយអាហារ ហើមពោះ ឈឺពោះ ឬរាគរូសភ្លាមៗ។
៣. បាយសល់
មនុស្សភាគច្រើនចូលចិត្តកម្តៅបាយកក ឬយកទៅឆា។ ការពិតទៅ គ្រោះថ្នាក់មិនមែនមកពីកម្តៅនោះទេ គឺមកពី ការរក្សាទុក។ នៅក្នុងបាយមានផ្ទុកបាក់តេរីម្យ៉ាងឈ្មោះ Bacillus cereus ដែលអាចរស់រានទោះបីជាដាំឆ្អិនក៏ដោយ។ បើទុកបាយសល់ចោលក្នុងសីតុណ្ហភាពបន្ទប់ធម្មតា បាក់តេរីនេះនឹងរីកដុះដាលបង្កើតជាជាតិពុល ហើយទោះបីជាអ្នកយកទៅកម្តៅឱ្យក្តៅខ្លាំងប៉ុណ្ណាក៏មិនអាចសម្លាប់ជាតិពុលនោះបានដែរ ដែលជាហេតុធ្វើឱ្យពុលអាហារ ឬក្អួតចង្អោរ។
៤. សាច់មាន់
សាច់មាន់សម្បូរទៅដោយដង់ស៊ីតេប្រូតេអ៊ីនខ្ពស់ជាងសាច់ក្រហម។ នៅពេលដែលអ្នកយកសាច់មាន់ដែលត្រជាក់មកកម្តៅឡើងវិញ សមាសធាតុប្រូតេអ៊ីនស្មុគស្មាញរបស់វាគ្មិនផ្លាស់ប្តូរទម្រង់ (Denature) ដែលធ្វើឱ្យក្រពះពិបាកកិន និងរំលាយ អាចបង្កជាជំងឺរលាកក្រពះ ឬពុលអាហារបាន។ ប្រសិនបើចង់ញ៉ាំសាច់មាន់សល់ ជម្រើសល្អគឺគួរញ៉ាំវាបែបត្រជាក់ៗ (ដូចជាហែកញាំ) ជំនួសឱ្យការកម្តៅឱ្យក្តៅខ្លាំង។
វិធីសាស្ត្រល្អបំផុតគឺ គួរចម្អិនអាហារក្នុងបរិមាណល្មមញ៉ាំអស់ក្នុងមួយពេល ។ ប្រសិនបើសល់ ត្រូវទុកដាក់ក្នុងទូទឹកកកឱ្យបានត្រឹមត្រូវក្នុងរយៈពេល ២ ម៉ោងក្រោយចម្អិន និងមិនត្រូវកម្តៅអាហារដដែលៗលើសពីមួយដងឡើយ។ ចូរការពារសុខភាពរបស់អ្នកតាំងពីផ្ទះបាយទៅ!»