ជំងឺគាំងបេះដូង ជារឿយៗមិនមែនបង្ហាញខ្លួនមកទាំងគំហុក ដួលសន្លប់ភ្លាមៗដូចនៅក្នុងកុននោះទេ។ នៅក្នុងជីវិតពិត វាតែងតែមកក្នុងទម្រង់ជា «អាការៈលាក់ខ្លួន» ស្ងាត់ៗ ដែលធ្វើឱ្យយើងភាន់ច្រឡំថាជាការហត់នឿយធម្មតា ជួបវិបត្តិក្រពះ ឬគ្រាន់តែជាបញ្ហាសាច់ដុំ។ ការមើលរំលងសញ្ញាព្រមានទាំងនេះ គឺជាហេតុផលចម្បងដែលធ្វើឱ្យមនុស្សជាច្រើនសង្គ្រោះមិនទាន់ពេលវេលា។
បើអ្នក ឬមនុស្សក្បែរខ្លួនមានអាការៈលាក់ខ្លួនទាំង ៣ នេះ កុំទម្រន់ និងកុំគិតថាគ្រាន់តែហត់ធម្មតាឱ្យសោះ៖
១. អារម្មណ៍តឹងណែន ឬណែនថប់ៗនៅដើមទ្រូង (Chest Discomfort)
មនុស្សភាគច្រើនតែងតែរង់ចាំទាល់តែមានការឈឺចុកចាប់ខ្លាំងដូចគេចាក់ទើបភ័យខ្លាច ប៉ុន្តែជំងឺគាំងបេះដូងជារឿយៗចាប់ផ្តើមដោយភាពមិនស្រួលក្នុងទ្រូង។
សញ្ញាលាក់ខ្លួន៖ មានអារម្មណ៍ថាណែនៗ ធ្ងន់ៗ ដូចមានអ្វីមកសង្កត់ពីលើ ឬតឹងណែននៅចំកណ្តាលដើមទ្រូង។ វាអាចកើតឡើងពីរបីនាទី រួចបាត់ទៅវិញ ហើយក៏ត្រឡប់មកវិញ។
ចំណុចភាន់ច្រឡំ៖ មនុស្សភាគច្រើនគិតថាខ្លួនឯង «ហើមពោះ ឆ្អល់ចុងដង្ហើម ឬចុកអាស៊ីដក្រពះ» ព្រោះវាមានអារម្មណ៍ស្រដៀងគ្នាខ្លាំង។
២. ហត់ ដកដង្ហើមមិនដល់គ្នា ទោះបីជាមិនបានធ្វើការធ្ងន់ (Shortness of Breath)
ការហត់អស់កម្លាំងបន្ទាប់ពីហាត់ប្រាណ ឬធ្វើការធ្ងន់ជារឿងធម្មតា ប៉ុន្តែបើការហត់នោះកើតឡើងខុសប្លែកពីសព្វដង វាកំពុងតែប្រកាសអាសន្នហើយ។
សញ្ញាលាក់ខ្លួន៖ អ្នកមានអារម្មណ៍ថាថប់ដង្ហើម ដកដង្ហើមញាប់ៗ ឬហត់ខុសធម្មតា ទោះបីជាគ្រាន់តែដើរតិចតួច ឬកំពុងតែអង្គុយសម្រាកសោះ។ អាការៈនេះអាចមកទន្ទឹមគ្នា ឬកើតមុនការឈឺទ្រូង។
ចំណុចភាន់ច្រឡំ៖ តែងតែត្រូវគេវាយតម្លៃថា «មកពីអត់ងងុយ ធ្វើការច្រើន ឬគ្រាន់តែខ្សោយកម្លាំងធម្មតា»។
៣. ការឈឺចុកចាប់រាលដាលទៅផ្នែកខាងលើនៃរាងកាយ (Radiating Pain)
បេះដូង និងប្រព័ន្ធប្រសាទផ្នែកខាងលើមានការផ្សារភ្ជាប់គ្នា ដូច្នេះហើយពេលបេះដូងមានបញ្ហា វានឹងបញ្ជូនសញ្ញាឈឺចាប់ទៅកន្លែងផ្សេង។
សញ្ញាលាក់ខ្លួន៖ មានអារម្មណ៍ចុក រោយ ឬរាក់ៗ ចេញពីទ្រូងរាលដាលទៅ ស្មា ដៃ (ជាពិសេសដៃខាងឆ្វេង) កញ្ចឹងក ថ្គាម ឬរាលដាលទៅខ្នង។ ជារឿយៗ វាមកខ្ទប់ជាមួយការចេញញើសត្រជាក់ វិលមុខ ឬចង់ក្អួតចង្អោរ។
ចំណុចភាន់ច្រឡំ៖ មនុស្សភាគច្រើនគិតថាខ្លួនឯង «រោយសាច់ដុំ គេងខុសខ្នើយ ឬឈឺសន្លាក់ឆ្អឹង» រួចក៏រឹតប្រេងកោសខ្យល់ ទុកចោលរហូតដល់ហួសពេល។
អ្វីដែលអ្នកត្រូវធ្វើជាដាច់ខាត?
ស្តាប់រាងកាយខ្លួនឯង៖ បើអាការៈទាំងនេះកើតឡើងភ្លាមៗ ហើយមិនធ្លាប់មានពីមុនមក ចូរដាស់ស្មារតីខ្លួនឯងថា វាមិនមែនជារឿងធម្មតាទេ។
ប្រញាប់ទៅមន្ទីរពេទ្យ៖ ប្រសិនបើមានសញ្ញាទាំងនេះលើសពី ១0-១៥ នាទី ហើយកាន់តែធ្ងន់ទៅៗ ចូរប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។ កុំបើកបរទៅដោយខ្លួនឯង ត្រូវហៅឡានពេទ្យ ឬឱ្យអ្នកផ្ទះជូនទៅ។
ក្នុងករណីសង្ស័យថាគាំងបេះដូង ការទៅមន្ទីរពេទ្យលឿនជាងមុន ១ នាទី គឺអាចសង្គ្រោះកោសិកាបេះដូងបានរាប់លាន និងអាចជួយសង្គ្រោះជីវិតរបស់អ្នក ឬមនុស្សជាស្រឡាញ់បានយ៉ាងប្រាកដ។