សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការដើរជាប្រចាំត្រូវបានចាត់ទុកថាជាវិធីហាត់ប្រាណសាមញ្ញ មិនចំណាយប្រាក់ និងសមស្របសម្រាប់មនុស្សគ្រប់វ័យ។ ការសិក្សាជាច្រើនបង្ហាញថា ការដើរអាចជួយលើកកម្ពស់សុខភាពទូទៅ ពង្រឹងប្រព័ន្ធភាពស៊ាំ និងអាចរួមចំណែកកាត់បន្ថយហានិភ័យជំងឺមួយចំនួន រួមទាំងមហារីក។
អ្នកស្រាវជ្រាវរកឃើញថា ការដើរលឿន និងទៀងទាត់អាចជួយកាត់បន្ថយហានិភ័យមហារីកមួយចំនួន ដូចជា មហារីកក្រពេញប្រូស្តាត មហារីកពោះវៀនធំ មហារីកលំពែង និងមហារីកសុដន់ តាមរយៈការជួយគ្រប់គ្រងទម្ងន់ ធ្វើឱ្យការរំលាយអាហារល្អ និងកែលម្អដំណើរការរបស់រាងកាយ។
អ្នកជំនាញណែនាំឱ្យដើរជាប្រចាំ ដោយអាចចាប់ផ្តើមពី ៣០នាទីក្នុងមួយថ្ងៃ។ ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ គួរដើរឱ្យត្រឹមត្រូវតាមស្ថានភាពរាងកាយ ដូចជា ដើរលឿនសម្រាប់អ្នកចង់សម្រកទម្ងន់ ដើរបោះជំហានសមស្របសម្រាប់អ្នកមានបញ្ហាសន្លាក់ និងរក្សាឥរិយាបថត្រឹមត្រូវពេលដើរ៕