តើអ្នកធ្លាប់មានអារម្មណ៍ថា ភ្នែកងងឹតស្លុប វិលមុខខ្យល់គ ឬធេងធោងមួយភាំង ហាក់ដូចជានឹងដួល នៅពេលដែលអ្នកទើបតែក្រោកឈរភ្លាមៗពីការអង្គុយ ឬការគេងដែរឬទេ?
មនុស្សភាគច្រើនតែងតែគិតថា នេះគ្រាន់តែជាអការៈទន់ដៃទន់ជើងធម្មតា ដោយសារការសម្រាកមិនគ្រប់គ្រាន់ ឬមកពី «អការៈការិយាល័យ» ដែលអង្គុយធ្វើការងារយូរពេក ។ ប៉ុន្តែ នៅក្នុងផ្នែកវេជ្ជសាស្ត្រ អាការៈវិលមុខពេលក្រោកឈរភ្លាមៗនេះ ត្រូវបានគេហៅថា «សម្ពាធឈាមធ្លាក់ចុះពេលប្តូរឥរិយាបថ» ដែលវាអាចជាសញ្ញាព្រមាននៃបញ្ហាសុខភាពលាក់កំបាំងមួយចំនួន ដែលអ្នកមិនគួរមើលរំលងឡើយ។
ខាងក្រោមនេះជាមូលហេតុពិតប្រាកដ និងសញ្ញាព្រមានដែលអ្នកត្រូវដឹង៖
១. មូលហេតុចម្បងៗដែលបង្កឱ្យវិលមុខពេលក្រោកឈរ
រាងកាយខ្វះជាតិទឹក៖ នៅពេលដែលអ្នកមិនបានញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ ឬបាត់បង់ជាតិទឹកច្រើន វាធ្វើឱ្យមាឌឈាមក្នុងរាងកាយថយចុះ ដែលជាហេតុធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះភ្លាមៗពេលក្រោកឈរ។
ភាពមិនប្រក្រតីនៃប្រព័ន្ធបេះដូង៖ បេះដូងដើរយឺតពេក ជំងឺខ្សោយបេះដូង ឬបញ្ហាសរសៃឈាម ធ្វើឱ្យរាងកាយមិនអាចរុញច្រានឈាមទៅចិញ្ចឹមខួរក្បាលបានទាន់ពេលវេលា នៅពេលប្តូរឥរិយាបថពីដេក ឬអង្គុយ មកជាឈរ។
បញ្ហាប្រព័ន្ធប្រសាទ និងអ័រម៉ូន៖ ជំងឺទឹកនោមផ្អែម (ដែលទាក់ទងនឹងជាតិស្ករក្នុងឈាមឡើងខ្ពស់) ឬជំងឺក្រពេញអរម៉ូនមួយចំនួន អាចធ្វើឱ្យខូចខាតដល់ប្រព័ន្ធប្រសាទដែលគ្រប់គ្រងសម្ពាធឈាម។
ផលរំខាននៃឱសថ៖ ការប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាម (ថ្នាំលើសឈាម) ថ្នាំបណ្តេញទឹកនោម ឬថ្នាំបាក់ទឹកចិត្តមួយចំនួន ក៏ជាភ្នាក់ងារធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះខុសប្រក្រតីផងដែរ។
២. សញ្ញាព្រមានរួមផ្សំដែលគួរឱ្យព្រួយបារម្ភ
ប្រសិនបើអាការៈវិលមុខរបស់អ្នក កើតឡើងញឹកញាប់ ហើយមានភ្ជាប់មកជាមួយនូវរោគសញ្ញាទាំងនេះ សូមកុំទុកចោលឱ្យសោះ៖
ស្រវាំងភ្នែក ឬងងឹតមុខស្លុបទាំងស្រុង។
មានអារម្មណ៍អស់កម្លាំងល្ហិតល្ហៃ ណែនទ្រូង ឬបេះដូងលោតខុសចង្វាក់ (លោតញាប់ខុសធម្មតា)។
ចង្អោរ វង្វេងវង្វាន់មួយភាំង ឬធ្ងន់ធ្ងររហូតដល់សន្លប់បាត់ស្មារតី។
៣. វិធីសាស្ត្រថែរក្សា និងការពារខ្លួនងាយៗ
ដើម្បីកាត់បន្ថយ និងការពារអការៈដ៏គ្រោះថ្នាក់នេះ លោកអ្នកគួរអនុវត្តទម្លាប់ល្អៗប្រចាំថ្ងៃ៖
វិន័យក្នុងការញ៉ាំទឹក៖ ត្រូវបង្កើតទម្លាប់ញ៉ាំទឹកស្អាតឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ដើម្បីរក្សាមាឌឈាមឱ្យមានស្ថេរភាព និងជួយតម្រងនោមលាងជម្រះជាតិពុល។
ក្រោកឈរយឺតៗ៖ ជៀសវាងការស្ទុះក្រោកឈរភ្លាមៗ។ ប្រសិនបើទើបតែភ្ញាក់ពីគេង គួរអង្គុយសម្រួលខ្លួននៅលើគ្រែប្រមាណ ១-២ នាទីសិន មុននឹងក្រោកឈរ។
ហាត់ប្រាណជម្រុញរបត់ឈាម៖ គួរឆ្លៀតពេលធ្វើលំហាត់ប្រាណកាតឌីអូ (Cardio) ស្រាលៗនៅពេលព្រឹក ឬដើរតិចៗសម្រួលសរសៃបន្ទាប់ពីញ៉ាំបាយរួច ដើម្បីជួយឱ្យប្រព័ន្ធសរសៃឈាម និងបេះដូងដំណើរការបានល្អ។
អាការៈវិលមុខរហូតដល់ងងឹតមុខ អាចបង្កគ្រោះថ្នាក់ខ្លាំងណាស់ ពិសេសការដួលសន្លប់ បោកក្បាល ដែលនាំឱ្យមានរបួសធ្ងន់ធ្ងរ ។ ប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះអការៈនេះជាប់ជាប្រចាំ ទោះបីជាបានសម្រាក និងញ៉ាំទឹកគ្រប់គ្រាន់ហើយក៏ដោយ សូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីវាស់សម្ពាធឈាម ពិនិត្យឈាម និងស្វែងរកមូលហេតុពិតប្រាកដជាបន្ទាន់!