អាការៈឈឺទ្រូង ឬណែនទ្រូង គឺជាចំណុចមួយដែលមនុស្សជាច្រើនតែងតែមានការភាន់ច្រឡំ។ មនុស្សមួយចំនួននៅពេលមានអាការៈហើមពោះ ឆ្អល់ពោះ ឬចាលអាស៊ីដក្រពះ តែងតែមានអារម្មណ៍ភ័យស្លន់ស្លោខ្លាំងព្រោះគិតថាខ្លួនមានបញ្ហាបេះដូង។ ផ្ទុយទៅវិញ មនុស្សមួយចំនួនទៀតដែលកំពុងប្រឈមនឹងជំងឺដាច់សរសៃឈាមបេះដូង (Heart Attack) បែរជាគិតថាខ្លួនគ្រាន់តែ «ភើ ឬខ្យល់គរ» ទៅវិញ ដែលការយឺតយ៉ាវនេះអាចគ្រោះថ្នាក់ដល់ជីវិត។
ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងមនុស្សជុំវិញខ្លួន ចូរស្វែងយល់ពីរបៀបបែងចែកការឈឺទ្រូងទាំងពីរប្រភេទនេះ៖
១. ឈឺទ្រូងដែលជាសញ្ញា «ដាច់សរសៃឈាមបេះដូង»
ការដាច់សរសៃឈាមបេះដូង ឬការស្ទះសរសៃឈាមបេះដូងភ្លាមៗ គឺជាស្ថានភាពអាសន្នវេជ្ជសាស្ត្រ។ អាការៈឈឺទ្រូងរបស់វាមានលក្ខណៈពិសេសដូចខាងក្រោម៖
-លក្ខណៈនៃការឈឺ៖ មិនមែនជាការឈឺខ្ទាស់ៗ ឬចាក់ដោតមួយភ្លែតនោះទេ ប៉ុន្តែវាជាការ «ឈឺណែន ចុកខ្លាំង ដូចមានអ្វីមកសង្កត់ ឬរឹតរួតពីលើទ្រូង»។
-ទីតាំង និងការរាលដាល៖ ការឈឺចាប់ច្រើនតែកើតឡើងនៅចំកណ្តាលទ្រូង ឬឆៀងខាងឆ្វេង ហើយវាអាច «រាលដាល» ទៅកាន់ស្មាឆ្វេង ដើមដៃខាងឆ្វេង ថ្គាម ក ឬធ្លាយទៅខ្នង។
-រោគសញ្ញារួមផ្សំ៖ អមដោយការដកដង្ហើមថប់ៗ ហត់ វិលមុខ បែកញើសត្រជាក់ (ទោះបីជានៅក្នុងម៉ាស៊ីនត្រជាក់) និងមានអារម្មណ៍ភ័យខ្លាចខ្លាំង។
-រយៈពេល និងសកម្មភាព៖ ការឈឺចាប់នេះមិនបាត់ទៅវិញទេ ទោះបីជាអ្នកសម្រាក ឬប្តូរឥរិយាបថក៏ដោយ ហើយវាតែងតែកើតឡើងខ្លាំងនៅពេលអ្នកបញ្ចេញកម្លាំង ឬមានអារម្មណ៍តានតឹង។
២. ឈឺទ្រូងដែលបង្កឡើងដោយ «ការហើមពោះ ឬចាលអាស៊ីដក្រពះ»
ប្រព័ន្ធរំលាយអាហារ (ក្រពះ និងពោះវៀន) ស្ថិតនៅផ្នែកខាងក្រោមឆ្អឹងជំនី ជិតនឹងតំបន់បេះដូង។ នៅពេលមានខ្យល់ហ្គាសច្រើន ឬអាស៊ីដច្រាលឡើងលើ វានឹងបង្កើតសម្ពាធដល់ដើមទ្រូង៖
-លក្ខណៈនៃការឈឺ៖ មានអារម្មណ៍ «ភាយៗ ក្រហាយក្រហល់ក្រហាយក្នុងទ្រូង» (Heartburn) ឬឈឺខ្ទាស់ៗដូចមានខ្យល់រត់។
-ទីតាំង និងការរាលដាល៖ ច្រើនតែឈឺនៅផ្នែកខាងក្រោមដើមទ្រូង ឬម្តុំចុងដង្ហើម ហើយការឈឺចាប់នេះ «មិនរាលដាល» ទៅដៃ ឬថ្គាមនោះទេ។
-រោគសញ្ញារួមផ្សំ៖ មានអារម្មណ៍ថាចង់ភើ ភើមកជូរ ឬល្វីងនៅបំពង់ក ហើមពោះ តឹងពោះ និងមានអារម្មណ៍ធូរស្រាលខ្លះបន្ទាប់ពីបានភើ ឬផោម។
-រយៈពេល និងសកម្មភាព៖ ការឈឺចាប់តែងតែកើតឡើង ឬធ្ងន់ធ្ងរទៅៗ បន្ទាប់ពីទទួលទានអាហាររួច ឬនៅពេល «គេងរាបស្មើ ឬឱនចុះក្រោម» (ព្រោះវាធ្វើឱ្យអាស៊ីដហូរច្រាលឡើងលើ)។