«គ្រាន់តែអស់កម្លាំងសោះ មានអីត្រូវភ័យ?» នេះជាគំនិតទូទៅដែលមនុស្សភាគច្រើនតែងតែគិត នៅពេលឃើញខ្លួនឯង ឬសមាជិកគ្រួសារចាប់ផ្តើមមានអាការៈស្លេកស្លាំង អស់កម្លាំងល្ហិតល្ហៃ និងគ្មានថាមពល។ មនុស្សជាច្រើនយល់ថា វាកើតឡើងដោយសារតែការធ្វើការងារហួសកម្លាំង គេងមិនគ្រប់គ្រាន់ ឬគ្រាន់តែជាការ «ខ្វះវីតាមីន» ធម្មតា ហើយក៏ទិញថ្នាំបំប៉នមកលេបដោយខ្លួនឯង។
ប៉ុន្តែ នៅក្នុងពិភពវេជ្ជសាស្ត្រ អាការៈស្លេកស្លាំង និងអស់កម្លាំងរ៉ាំរ៉ៃដែលមិនព្រមបាត់ទៅវិញ មិនមែនជារឿងសាមញ្ញឡើយ។ វអាចជា «ស៊ីរ៉ែនព្រមាន» ដ៏សំខាន់មួយដែលបញ្ជាក់ថា រាងកាយរបស់អ្នកកំពុងតែរងការវាយប្រហារពី «ជំងឺឈាមសាហាវ» ដូចជាជំងឺមហារីកឈាម ឬជំងឺខ្សោយខួរឆ្អឹងខ្នងជាដើម។
ខាងក្រោមនេះជាការពិតដែលអ្នកត្រូវដឹង ដើម្បីបំបែកភាពខុសគ្នារវាងការខ្វះវីតាមីនធម្មតា និងសញ្ញាព្រមាននៃជំងឺធ្ងន់ធ្ងរ៖
១. ហេតុអ្វីបានជាជំងឺឈាមសាហាវ បង្កឱ្យមានអាការៈ «ស្លេកស្លាំង និងអស់កម្លាំង»?
ដើម្បីយល់ពីបញ្ហានេះ យើងត្រូវដឹងពីតួនាទីរបស់ «ខួរឆ្អឹងខ្នង» ដែលជាស្រុកកំណើត និងជារោងចក្រផលិតគ្រាប់ឈាមរបស់រាងកាយ។ នៅក្នុងខ្លួនយើងមានគ្រាប់ឈាមក្រហម ដែលមាននាទីដឹកនាំអុកស៊ីសែនទៅចិញ្ចឹមសរីរាង្គទាំងអស់។
នៅពេលរាងកាយកើតមានជំងឺឈាមសាហាវ ដូចជា ជំងឺមហារីកឈាម (Leukemia/Lymphoma) ឬ ជំងឺខ្សោយខួរឆ្អឹងខ្នង (Aplastic Anemia) រោងចក្រផលិតឈាមនេះនឹងរងការខូចខាត៖
-កោសិកាមហារីកឈាមសាហាវដុះរីករាលដាលយ៉ាងលឿន ហើយទៅដណ្តើមទីកន្លែង ក៏ដូចជាបិទផ្លូវមិនឱ្យខួរឆ្អឹងផលិតគ្រាប់ឈាមក្រហមល្អៗបាន។
-នៅពេលគ្រាប់ឈាមក្រហមធ្លាក់ចុះទាបខ្លាំង (ស្លេកស្លាំង) សរីរាង្គទាំងអស់រួមទាំងបេះដូង និងខួរក្បាល នឹងខ្វះខាតអុកស៊ីសែន ធ្វើឱ្យអ្នកជំងឺអស់កម្លាំងល្ហិតល្ហៃខ្លាំង ទោះបីជាគេងពេញមួយថ្ងៃ ឬលេបថ្នាំបំប៉នក៏មិនបាត់ដែរ។
២. សញ្ញាខុសគ្នា៖ តើពេលណាទើបគួរហៅថាជា «ជំងឺឈាមសាហាវ»?
ប្រសិនបើគ្រាន់តែជាការខ្វះវីតាមីន (ដូចជា វីតាមីន B12, អាស៊ីដហ្វូលិក ឬខ្វះជាតិដែក) អាការៈស្លេកស្លាំងនឹងងើបឡើងវិញក្រោយការកែប្រែរបបអាហារ ឬលេបថ្នាំបំប៉នត្រឹមត្រូវ។ ប៉ុន្តែ បើវាជាសញ្ញានៃជំងឺឈាមសាហាវ វានឹងមកអមដោយ «សញ្ញាព្រមានរួមផ្សំ» ដូចខាងក្រោម៖
-ងាយឆ្លងមេរោគ ឬក្ដៅខ្លួនញឹកញាប់៖ ដោយសារគ្រាប់ឈាមស (ប្រព័ន្ធការពាររាងកាយ) មិនប្រក្រតី ទោះជាផ្តាសាយតូចតាចក៏ពិបាកជា និងក្តៅខ្លួនខុសធម្មតា។
-ងាយហូរឈាម ឬចេញស្នាមជាំ៖ មានស្នាមជាំស្វាយៗលើស្បែកដោយគ្មានមូលហេតុ ហូរឈាមតាមអញ្ចាញធ្មេញ ឬឈាមច្រមុះញឹកញាប់ ព្រោះប្លាកែត (សារធាតុជួយឱ្យឈាមកក) ធ្លាក់ចុះទាប។
-ស្រកទម្ងន់លឿន និងបែកញើសយប់៖ ស្រកគីឡូខ្លាំងខុសធម្មតាដោយមិនបានសម្រកទម្ងន់ និងបែកញើសជោកខ្លួននៅពេលយប់ ទោះជាស្ថិតក្នុងបន្ទប់ត្រជាក់។
-ហើម ឬណែនពោះ៖ មានដុំពកអត់ឈឺនៅក ក្លៀក ឬក្រលៀន (ហើមក្រពេញ) ឬមានអារម្មណ៍ណែនពោះឆ្វេង ដោយសារថ្លើម ឬអណ្តើករីកធំ។
៣. វិធីសាស្ត្រវែកមុខ និងស្វែងរកការពិត
ចងចាំថា៖ ការទស្សន៍ទាយតាមភ្នែកទទេ ឬតាមអារម្មណ៍ មិនអាចផ្តល់ចម្លើយត្រឹមត្រូវឡើយ។
វិធីសាស្ត្រតែមួយគត់ និងលឿនបំផុតគឺ «ការពិនិត្យឈាម» (Complete Blood Count – CBC) នៅមន្ទីរពិសោធន៍ ឬមន្ទីរពេទ្យ។ ការវិភាគគ្រាប់ឈាមនឹងបង្ហាញភ្លាមៗពីចំនួនគ្រាប់ឈាមក្រហម ឈាមស និងប្លាកែត។ ប្រសិនបើមានសញ្ញាមិនប្រក្រតីខ្ពស់ គ្រូពេទ្យជំនាញខាងជំងឺឈាមនឹងធ្វើការ «បូមពិនិត្យខួរឆ្អឹងខ្នង» (Bone Marrow Aspirate) ដើម្បីកំណត់រោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា។
៤. ដំណោះស្រាយ និងសារដាស់តឿន
ជំងឺឈាមសាហាវមិនមែនជាទោសប្រហារជីវិតដែលគ្មានផ្លូវកែប្រែទ្បើយ។ វិទ្យាសាស្ត្រវេជ្ជសាស្ត្រនាពេលបច្ចុប្បន្នមានការរីកចម្រើនខ្លាំង តាមរយៈការប្រើប្រាស់ថ្នាំគីមី (Chemotherapy) ថ្នាំចំគោលដៅ (Targeted Therapy) ឬការផ្លាស់ប្តូរខួរឆ្អឹង (Bone Marrow Transplant) ដែលអាចព្យាបាលអ្នកជំងឺឱ្យជាសះស្បើយ ឬពន្យារជីវិតបានយ៉ាងមានប្រសិទ្ធភាព ប្រសិនបើរកឃើញ និងព្យាបាលនៅដំណាក់កាលដំបូង។
-ឈប់ទិញថ្នាំលេបផ្សំផ្តេសផ្តាស៖ ការលេបថ្នាំបំប៉នឈាមដោយគ្មានវេជ្ជបញ្ជា មិនត្រឹមតែមិនអាចព្យាបាលជំងឺឈាមសាហាវបានទេ តែវាកំពុងតែពន្យារពេល និងផ្តល់ឱកាសឱ្យជំងឺវិវត្តទៅដំណាក់កាលធ្ងន់ធ្ងរ។
-ស្តាប់រាងកាយរបស់អ្នក៖ ប្រសិនបើអ្នក ឬមនុស្សក្បែរខ្លួនមានអាការៈស្លេកស្លាំង អស់កម្លាំងល្ហិតល្ហៃលើសពី ២-៣ សប្តាហ៍ ដោយគ្មានមូលហេតុច្បាស់លាស់ ចូរប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យឈាមភ្លាមៗ។