យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញផ្នែកចម្អិនអាហារណែនាំថា ប៉េងប៉ោះដែលមិនទាន់ទុំពេញលេញ មិនគួរដាក់ទូទឹកកកភ្លាមៗទេ ព្រោះសីតុណ្ហភាពត្រជាក់អាចប៉ះពាល់ដល់អង់ស៊ីមដែលបង្កើតរសជាតិ ធ្វើឱ្យផ្លែបាត់បង់ភាពផ្អែម និងមានទឹកច្រើន។
វិធីល្អបំផុតគឺទុកក្នុងចាន ឬកន្ត្រកនៅសីតុណ្ហភាពធម្មតា ដោយដាក់ផ្នែកទងចុះក្រោម ដើម្បីកាត់បន្ថយការបាត់បង់សំណើម និងពន្យារអាយុកាលផ្លែ។ ចំណែកប៉េងប៉ោះដែលទុំរួចហើយ អាចរក្សាទុកក្នុងទូទឹកកកបាន ហើយគួរយកចេញប្រហែល ៣០ នាទីមុនទទួលទាន ដើម្បីឱ្យរសជាតិ និងសាច់ផ្លែត្រឡប់មកល្អវិញ៕