ឱ្យតែនិយាយពីបញ្ហាក្រពះ មនុស្សភាគច្រើនតែងតែនឹកឃើញដល់ពាក្យថា «ញ៉ាំបាយមិនទៀងពេល» មុនគេបង្អស់។ នៅពេលដែលមានអាការៈឈឺពោះ ភើជូរ ឬឆ្អល់ចុងដង្ហើម យើងតែងតែបន្ទោសទៅលើការរវល់ការងារហួសពេលញ៉ាំបាយ ហើយគិតថាគ្រាន់តែទិញថ្នាំជួយបន្សាបអាស៊ីដមកលេប ឬញ៉ាំបាយឱ្យទៀងពេលវិញទៅគឺរួចរាល់ហើយ។
ប៉ុន្តែ ការពិតដ៏គួរឱ្យព្រួយបារម្ភនោះគឺ៖ «ជំងឺមហារីកក្រពះ មានឫសគល់ជ្រៅជាងការញ៉ាំបាយខុសពេលឆ្ងាយណាស់!»។ ការញ៉ាំបាយមិនទៀងពេល គ្រាន់តែជាកត្តារួមផ្សំមួយដែលធ្វើឱ្យរលាកក្រពះ ឬស្រកីក្រពះចុះខ្សោយ ប៉ុន្តែវាមិនមែនជា «ឃាតករចម្បង» ដែលបំប្លែងកោសិកាក្រពះទៅជាកោសិកាមហារីកនោះទេ។
តើអ្វីទៅជាមូលហេតុពិតប្រាកដ និងជាកត្តាហានិភ័យខ្ពស់ដែលជំរុញឱ្យកើតជំងឺមហារីកក្រពះដោយមិនដឹងខ្លួន?
១. មេកំណាចពិតប្រាកដ៖ មេរោគក្រពះ H. Pylori (Helicobacter pylori)
នៅក្នុងពិភពវេជ្ជសាស្ត្រ មូលហេតុចម្បងបំផុតមួយនៃជំងឺមហារីកក្រពះ គឺការឆ្លង មេរោគ H. Pylori។ មេរោគប្រភេទនេះអាចរស់នៅក្នុងស្រទាប់អាស៊ីដដ៏ខ្លាំងក្លារបស់ក្រពះបានយ៉ាងងាយស្រួល។ វាបង្កឱ្យមានការរលាកក្រពះរ៉ាំរ៉ៃ រហូតបង្កើតជាដំបៅ។ ប្រសិនបើទុកចោលយូរឆ្នាំដោយមិនបានព្យាបាលសម្លាប់មេរោគនេះឱ្យដាច់ទេ កោសិកាក្រពះដែលរលាកដដែលៗនោះ នឹងចាប់ផ្តើមបំប្លែងខ្លួនទៅជាកោសិកាមហារីក។ យើងអាចឆ្លងមេរោគនេះតាមរយៈការញ៉ាំអាហារ ឬទឹកមិនស្អាត និងការញ៉ាំអាហាររួមគ្នាដោយគ្មានស្លាបព្រាកណ្តាល។
២. របបអាហារ «ឃាតករលាក់មុខ»
ក្រៅពីមេរោគ អាហារដែលយើងញ៉ាំចូលទៅរាល់ថ្ងៃ គឺជាអ្នកសម្រេចវាសនាក្រពះរបស់យើង៖
-អាហារផ្អាប់ និងអាហារប្រៃខ្លាំង៖ ជ្រក់ ម៉ាំ ប្រហុក សាច់ប្រៃ ឬត្រីងៀត មានផ្ទុកជាតិប្រៃ និងសារធាតុគីមីកើតឡើងពីការផ្អាប់ (Nitrites) ខ្ពស់ ដែលងាយបំផ្លាញស្រទាប់ការពារក្រពះ និងជម្រុញល្បឿនមហារីក។
-អាហារកែច្នៃ និងសាច់ដុត៖ សាច់ក្រក ហាំ សាច់ប៉ាតេ និងសាច់ដែលដុតខ្លោចៗ បង្កើតនូវសារធាតុគីមីម្យ៉ាងហៅថា Carcinogens ដែលជាភ្នាក់ងារបង្កមហារីកដោយផ្ទាល់។
៣. ទម្លាប់រស់នៅបំផ្លាញសុខភាព (បារី និងស្រា)
ការជក់បារីមិនត្រឹមតែបំផ្លាញសួតនោះទេ តែសារធាតុពុលក្នុងផ្សែងបារីដែលយើងលេបចូលទៅជាមួយទឹកមាត់ ក៏ចូលទៅបំផ្លាញកោសិកាក្រពះយ៉ាងធ្ងន់ធ្ងរផងដែរ។ ចំណែកឯការសេពគ្រឿងស្រវឹងហួសប្រមាណ នឹងទៅរំលាយស្រទាប់រំអិលការពារជញ្ជាំងក្រពះ ធ្វើឱ្យក្រពះងាយរងការរលាក និងដំបៅរ៉ាំរ៉ៃ។
៤. កត្តាតំណពូជ និងវ័យ
ប្រសិនបើមានសមាជិកគ្រួសារផ្ទាល់ (ឪពុកម្តាយ បងប្អូនបង្កើត) មានប្រវត្តិធ្លាប់កើតជំងឺមហារីកក្រពះ នោះអ្នកក៏មានភាគរយប្រឈមខ្ពស់ជាងមនុស្សទូទៅដែរ។ លើសពីនេះ មនុស្សដែលមានវ័យចាប់ពី ៤៥ ឆ្នាំឡើងទៅ ក៏ស្ថិតក្នុងក្រុមហានិភ័យដែលត្រូវប្រុងប្រយ័ត្នខ្ពស់ដូចគ្នា។
ធ្វើដូចម្តេចទើបដឹងថា ឈឺពោះបែបណាជាសញ្ញាព្រមានមហារីកក្រពះ?
នៅដំណាក់កាលដំបូង ជំងឺមហារីកក្រពះស្ទើរតែមិនស្តែងសញ្ញាអ្វីប្លែកពីជំងឺក្រពះធម្មតានោះឡើយ។ ប៉ុន្តែ ចូរប្រញាប់ទៅជួបគ្រូពេទ្យដើម្បី ឆ្លុះក្រពះ (Endoscopy) ជាបន្ទាន់ បើមានរោគសញ្ញាប្រកាសអាសន្នទាំងនេះ៖
-ឈឺពោះ ឬឆ្អល់ចុងដង្ហើមរ៉ាំរ៉ៃ លេបថ្នាំក្រពះហើយក៏មិនបាត់។
-ស្រកទម្ងន់ខុសធម្មតា និងលឿនរហ័ស ដោយគ្មានមូលហេតុ។
-ឆាប់ឆ្អែតខុសធម្មតា (ញ៉ាំបានបន្តិចក៏មានអារម្មណ៍ថាណែនពេញពោះ)។
-ភើមកមានឈាម ធ្លាក់ឈាមក្រហមចាស់ ឬបត់ជើងធំមានពណ៌ខ្មៅ (សញ្ញាធ្លាក់ឈាមក្នុងក្រពះ)។
-ស្លេកស្លាំង អស់កម្លាំងល្ហិតល្ហៃជានិច្ច ដោយសារការបាត់បង់គ្រាប់ឈាមស្ងាត់ៗ។