នៅក្នុងសង្គមយើង មនុស្សភាគច្រើនតែងតែយល់ច្រឡំថា «ការគេងស្រមុក» ជារឿងធម្មតា ឬជាសញ្ញានៃការគេងលក់ស្កប់ស្កល់ ហត់នឿយពីការងារ ឬជាការកំប្លែងលេងសើចនៅក្នុងគ្រួសារ។ ប៉ុន្តែនៅក្នុងពិភពវេជ្ជសាស្ត្រ ការគេងស្រមុកខ្លាំងៗ និងមានដង្ហើមទាក់ៗ មិនមែនជារឿងកំប្លែងនោះទេ តែវាជា «សំឡេងស៊ីរ៉ែនព្រមានពីគ្រោះថ្នាក់» ដែលអាចឆក់យកជីវិតរបស់អ្នកទាំងកណ្តាលអាធ្រាត្រ បើអ្នកនៅតែបន្តមើលស្រាលវា។
តើការគេងស្រមុកធម្មតា អាចក្លាយជា «ឃាតករលាក់មុខ» នាំអ្នកទៅជួបស្តេចយមរាជមុនអាយុដោយរបៀបណា? អាថ៌កំបាំងដ៏គួរឱ្យខ្លាចនោះគឺវាផ្សារភ្ជាប់ទៅនឹងជំងឺមួយប្រភេទហៅថា «រោគសញ្ញាឈប់ដកដង្ហើមពេលគេង» (Sleep Apnea)។
១. យន្តការឃាតកម្ម៖ ខួរក្បាល និងបេះដូងត្រូវបាន «ច្របាច់ក» ជារៀងរាល់យប់
នៅពេលដែលអ្នកគេងស្រមុកដោយសារជំងឺ Sleep Apnea សាច់ដុំបំពង់ករបស់អ្នកនឹងធ្លាក់ចុះមកបិទផ្លូវដង្ហើមទាំងស្រុង។ នៅពេលនោះ ខ្យល់អុកស៊ីសែនមិនអាចរត់ទៅចិញ្ចឹមខួរក្បាល និងរាងកាយបានឡើយ ដែលធ្វើឱ្យអ្នក «ឈប់ដកដង្ហើម» ជាបណ្តោះអាសន្ន ចាប់ពីពីរបីវិនាទី រហូតដល់រាប់នាទី ហើយវាអាចកើតឡើងរាប់សិបទៅរាប់រយដងក្នុងមួយយប់!
សាកស្រមៃមើលថា ជារៀងរាល់យប់ បេះដូង និងខួរក្បាលរបស់អ្នកត្រូវបានគេ «ច្របាច់ក» បង្អត់អុកស៊ីសែនម្តងហើយម្តងទៀត តើវានឹងត្រូវខូចខាតកម្រិតណា?
២. មូលហេតុដែលធ្វើឱ្យ «គេងស្រមុក» អាចសម្លាប់មនុស្សបាន
ការបង្អត់អុកស៊ីសែនទៅខួរក្បាលជារៀងរាល់យប់ គឺជាដើមចមបង្កជាជំងឺដង្កាត់សាហាវៗជាច្រើនដែលនាំទៅរកសេចក្តីស្លាប់៖
-គ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke) ភ្លាមៗ៖ នៅពេលកម្រិតអុកស៊ីសែនក្នុងឈាមធ្លាក់ចុះខ្លាំង សម្ពាធឈាមនឹងហក់ឡើងខ្ពស់ភ្លាមៗទាំងកណ្តាលយប់ ដើម្បីបង្ខំឱ្យឈាមរត់ទៅចិញ្ចឹមខួរក្បាល។ ការបុកឡើងនៃសម្ពាធឈាមដ៏គំហុករាល់យប់បែបនេះ ងាយនឹងធ្វើឱ្យដាច់ ឬស្ទះសរសៃឈាមខួរក្បាល ស្លាប់មួយចំហៀងខ្លួន ឬបាត់បង់ជីវិតភ្លាមៗ។
-បេះដូងលោតខុសចង្វាក់ និងគាំងបេះដូង (Heart Attack)៖ ការខ្វះអុកស៊ីសែនធ្វើឱ្យបេះដូងត្រូវធ្វើការធ្ងន់ហួសកម្លាំងទាំងដង្ហក់ ឈានទៅរកការលោតខុសចង្វាក់ធ្ងន់ធ្ងរ និងអាចបង្កជាការ «គាំងបេះដូងស្លាប់ទាំងកំពុងគេងលក់» (ដែលចាស់ៗបុរាណតែងហៅថា ខ្មោចសង្កត់ ឬ ដេកស្លាប់ ដោយរកមូលហេតុមិនឃើញ)។
-គ្រោះថ្នាក់ចរាចរណ៍ដោយសារ «ការងងុយដេកពេលថ្ងៃ»៖ អ្នកជំងឺ Sleep Apnea ទោះដេក ៨ ម៉ោង ក៏ខួរក្បាលមិនបានសម្រាកពិតប្រាកដឡើយ ព្រោះត្រូវភ្ញាក់ព្រើតៗដើម្បីដកដង្ហើម។ វាធ្វើឱ្យពួកគេមានអាការៈងងុយដេកខ្លាំងនៅពេលថ្ងៃ រហូតដល់អាច «ងងុយដេកមួយភាំង (Micro-sleep)» ពេលកំពុងបើកបរ ឬបញ្ជាម៉ាស៊ីន ដែលនាំទៅរកគ្រោះថ្នាក់ដល់ជីវិតយ៉ាងរន្ធត់។
៣. សញ្ញាព្រមាន៖ តើស្រមុកបែបណាដែលប្រកាសអាសន្ន?
ចូរប្រញាប់សង្កេតមើលខ្លួនឯង ឬមនុស្សជាទីស្រឡាញ់របស់អ្នក បើមានសញ្ញាទាំងនេះ ត្រូវរកគ្រូពេទ្យជាបន្ទាន់៖ ១. ស្រមុកខ្លាំងៗ លឺខ្លាំងរហូតរំខានដល់អ្នកដទៃ។ ២. មានសំឡេងស្រមុកទាក់ៗ ស្រាប់តែស្ងាត់មួយសន្ទុះ (ឈប់ដកដង្ហើម) រួចក៏ដកដង្ហើមថ្ងូរញ៉ាក់ ឬភ្ញាក់ព្រើតឡើងទាំងដង្ហក់។ ៣. ក្រោកពីគេងទាំងស្ងួតក ឈឺក្បាល និងមានអារម្មណ៍ថាមិនបានគេងពេញមួយយប់។ ៤. ងងុយដេកខ្លាំងនៅពេលថ្ងៃ ទោះបីជាបានគេងច្រើនកាលពីយប់ក៏ដោយ។
គន្លឹះសង្គ្រោះជីវិត៖ កុំទុកឱ្យយឺតពេល
ប្រសិនបើអ្នក ឬសមាជិកគ្រួសារមានអាការៈទាំងនេះ ចូរទៅជួបគ្រូពេទ្យជំនាញដើម្បីធ្វើការតេស្តពិនិត្យការគេង (Sleep Test)។ បច្ចុប្បន្ន មានបច្ចេកវិទ្យាជាច្រើនដែលអាចជួយសង្គ្រោះអ្នកបាន ដូចជាការប្រើប្រាស់ម៉ាស៊ីនជំនួយដកដង្ហើម CPAP ពេលគេង ការសម្រកទម្ងន់ ឬការកែប្រែទម្លាប់គេងមកគេងផ្អៀងជំនួយ។
«សំឡេងស្រមុក មិនមែនជាសញ្ញានៃការគេងលក់ស្រួលនោះទេ តែវាជាការស្រែកហៅរកជំនួយពីរាងកាយរបស់អ្នក»។
កុំបណ្តោយឱ្យភាពថ្លោះធ្លោយ និងការគិតថា មិនអីទេ ផ្លាស់ប្តូរគ្រែគេងដ៏មានសុភមង្គលរបស់អ្នក ទៅជាក្តារមឈូសទាំងមិនដឹងខ្លួន ។