ថ្លើម គឺជាអវយវៈដ៏ស្ងៀមស្ងាត់ និងខិតខំធ្វើការបំផុតនៅក្នុងរាងកាយរបស់យើង។ វាមានតួនាទីបន្សាបជាតិពុល ផ្ទុកវីតាមីន និងជួយដល់ប្រព័ន្ធរំលាយអាហារ។ ប៉ុន្តែ មនុស្សសម័យថ្មីជាច្រើនកំពុងតែ «សម្លាប់ថ្លើម» ខ្លួនឯងបន្តិចម្តងៗជារៀងរាល់យប់ ដោយមិនដឹងខ្លួន តាមរយៈទម្លាប់អាក្រក់មុនពេលចូលគេង។
ដើម្បីការពារសុខភាពថ្លើម និងជៀសវាងការកើតមានជម្ងឺធ្ងន់ធ្ងរដូចជា ថ្លើមឡើងជាតិខ្លាញ់ រលាកថ្លើម ឬមហារីកថ្លើម មកដឹងពីទម្លាប់បំផ្លាញថ្លើមទាំង ៣ យ៉ាងដែលអ្នកត្រូវតែលុបបំបាត់ភ្លាមៗ៖
១. ទម្លាប់ញ៉ាំអាហារសម្រន់ពេលយប់ជ្រៅ (ជាពិសេសអាហារមានជាតិខ្លាញ់ និងផ្អែម)
មនុស្សសម័យថ្មីភាគច្រើនចូលចិត្តកម្ម៉ង់អាហារញ៉ាំពេលយប់ជ្រៅនៅពេលមើលរឿង ឬធ្វើការងារ។ ការញ៉ាំអាហារដែលមានជាតិខ្លាញ់ខ្ពស់ អាហារបំពង ឬភេសជ្ជៈផ្អែមៗមុនពេលចូលគេង គឺជាបន្ទុកដ៏ធ្ងន់ធ្ងរបំផុតសម្រាប់ថ្លើម។ នៅពេលយប់ ប្រព័ន្ធមេតាបូលីសក្នុងរាងកាយដំណើរការយឺត ចំណែកឯថ្លើមត្រូវបង្ខំចិត្តធ្វើការទាំងយប់ទាំងថ្ងៃដើម្បីបំប្លែងអាហារទាំងនោះទៅជាថាមពល។ នៅពេលវាធ្វើការមិនទាន់ ជាតិខ្លាញ់នឹងចាប់ផ្តើមដក់ជាប់នៅក្នុងកោសិកាថ្លើម ដែលបង្កឱ្យមាន «ជម្ងឺថ្លើមឡើងជាតិខ្លាញ់» ដោយមិនដឹងខ្លួន។
២. ការចូលគេងយប់ជ្រៅ ឬដាច់យប់ (Bedtime Procrastination)
យោងតាមនាឡិកាជីវសាស្ត្ររបស់រាងកាយមនុស្ស ចន្លោះម៉ោង ១១ យប់ ដល់ម៉ោង ៣ ភ្លឺ គឺជាពេលវេលាដ៏សំខាន់បំផុតដែលថ្លើមធ្វើការបន្សាបជាតិពុល និងជួសជុលកោសិកាដែលខូចខាតឡើងវិញ។ ទោះជាយ៉ាងណា លក្ខខណ្ឌនេះអាចកើតឡើងទៅបាន លុះត្រាតេរាងកាយស្ថិតក្នុងស្ថានភាព «គេងលក់ស្កប់ស្កល់» ប៉ុណ្ណោះ។ ការដេកចុចទូរស័ព្ទ មើលបណ្តាញសង្គម រហូតដល់ម៉ោង ១ ឬ ម៉ោង ២ រំលងអធ្រាត្រ ធ្វើឱ្យថ្លើមបាត់បង់ឱកាសក្នុងការស្តារថាមពល និងបន្សាបជាតិពុល ដែលនាំឱ្យជាតិពុលកកកុញក្នុងរាងកាយកាន់តែច្រើនឡើង។
៣. ការសេពគ្រឿងស្រវឹងមុនពេលចូលគេង
មនុស្សមួយចំនួនមានទម្លាប់ពិសារស្រាបៀរ ឬស្រាក្រហមបន្តិចបន្តួចមុនពេលចូលគេង ដោយគិតថាវាអាចជួយឱ្យគេងលក់ស្រួល។ ប៉ុន្តែតាមពិតទៅ គ្រឿងស្រវឹងគឺជាសត្រូវវាយប្រហារថ្លើមចំៗតែម្តង។ នៅពេលអ្នកគេង ល្បឿននៃការបន្សាបជាតិអាល់កុលរបស់ថ្លើមនឹងថយចុះ ធ្វើឱ្យជាតិពុលពីគ្រឿងស្រវឹងស្ថិតនៅក្នុងថ្លើមកាន់តែយូរ។ ការធ្វើបែបនេះជាប្រចាំ នឹងធ្វើឱ្យកោសិកាថ្លើមរលាក ទន់ខ្សោយ និងឈានទៅរកការកើត «ជម្ងឺក្រិនថ្លើម» នាពេលអនាគត។