ការចាលអាស៊ីដក្រពះ ឬជំងឺច្រាលទឹកអាស៊ីដ (GERD) គឺជាទុក្ខកង្វល់ដ៏ធំមួយដែលរំខានដល់ដំណេក និងក្តីសុខរបស់មនុស្សជាច្រើននៅពេលយប់។ ការក្រហាយដើមទ្រូង ភើរជូរ និងណែនណែនក្នុងពោះ តែងតែធ្វើឱ្យយើងគេងមិនលក់ ឬភ្ញាក់ទាំងកណ្តាលអធ្រាត្រ។ ប៉ុន្តែ តើអ្នកដឹងទេថា ពេលខ្លះដំណោះស្រាយមិនមែននៅលើឱសថតែមួយមុខនោះឡើយ គឺគ្រាន់តែផ្លាស់ប្តូរមក «គេងផ្អៀងខាងឆ្វេង» ក៏អាចជួយសម្រាលអាការៈនេះបានយ៉ាងអស្ចារ្យដែរ។
ខាងក្រោមនេះជាហេតុផលវិទ្យាសាស្ត្រ និងអត្ថប្រយោជន៍ដែលអ្នកគួរយល់ដឹង៖
ហេតុអ្វីការគេងផ្អៀងខាងឆ្វេងអាចជួយបាន? (យោងតាមលក្ខណៈកាយវិភាគសាស្ត្រ)
តាមលក្ខណៈរូបរាងកាយរបស់មនុស្សយើង ក្រពះមានទីតាំងស្ថិតនៅផ្នែកខាងឆ្វេងនៃដងខ្លួន។ នៅពេលដែលយើងសម្រេចចិត្តគេងផ្អៀងទៅខាងឆ្វេង ក្រពះនឹងស្ថិតនៅទីតាំងទាបជាងបំពង់អាហារ។ កត្តានេះធ្វើឱ្យទឹកអាស៊ីដ និងអាហារទាំងឡាយនៅក្នុងក្រពះ ធ្លាក់ចុះមកក្រោមដោយសារកម្លាំងទំនាញផែនដី ដែលជាហេតុធ្វើឱ្យទឹកអាស៊ីដមិនអាចហូរច្រាលបកថយក្រោយទៅក្នុងបំពង់អាហារបានឡើយ។
ផ្ទុយទៅវិញ ប្រសិនបើអ្នកគេងផ្អៀងទៅខាងស្តាំ ក្រពះនឹងស្ថិតនៅទីតាំងខ្ពស់ជាងបំពង់អាហារ ដែលធ្វើឱ្យទឹកអាស៊ីដងាយនឹងហូរច្រាល និងបង្កការក្រហាយដើមទ្រូងខ្លាំងជាងមុនទ្វេដង។
អត្ថប្រយោជន៍បន្ថែមនៃការគេងផ្អៀងខាងឆ្វេង
ក្រៅពីជួយទប់ស្កាត់ការចាលអាស៊ីដ ការគេងផ្អៀងខាងឆ្វេងក៏ផ្តល់ផលល្អៗជាច្រើនទៀតដល់សុខភាពទូទៅ៖
-ជំនួយដល់ប្រព័ន្ធរំលាយអាហារ៖ ជួយឱ្យកាកសំណល់អាហារធ្វើចលនាឆ្លងកាត់ពោះវៀនធំបានងាយស្រួល និងជំរុញការរំលាយអាហារឱ្យមានប្រសិទ្ធភាពខ្ពស់នៅពេលព្រឹក។
-កាត់បន្ថយការស្រមុក៖ ជួយបើកផ្លូវដង្ហើមឱ្យស្រឡះល្អ មិនងាយទប់ខ្យល់ដង្ហើមដូចការគេងផ្ងារឡើយ។
-ល្អសម្រាប់សុខភាពបេះដូង៖ ជួយសម្រាលសម្ពាធឈាមដែលរត់ទៅកាន់បេះដូង ធ្វើឱ្យរបត់ឈាមរត់បានស្រួលពេញរាងកាយ។
គន្លឹះបន្ថែមដើម្បីគេងលក់ស្រួល និងគ្មានការចាលអាស៊ីដ
ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែទ្វេដង បងប្អូនគួរអនុវត្តទម្លាប់ល្អៗទាំងនេះបន្ថែម៖
-កុំគេងភ្លាមៗក្រោយញ៉ាំអាហារ៖ គួរទុកពេលយ៉ាងតិច ៣ ទៅ ៤ ម៉ោង ក្រោយការពិសារអាហារពេលល្ងាច ទើបចូលគេង។
-កាត់បន្ថយអាហារបង្កអាស៊ីដ៖ ជៀសវាងអាហារហឹរខ្លាំង ខ្លាញ់ច្រើន គ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីននៅពេលល្ងាច។
-កល់ក្បាលដំណេកឱ្យខ្ពស់បន្តិច៖ ការប្រើប្រាស់ខ្នើយកល់ក្បាល និងស្មាឱ្យខ្ពស់ជាងដងខ្លួនបន្តិច (ប្រហែល ១៥ ទៅ ២០ សង់ទីម៉ែត្រ) អាចជួយទប់ស្កាត់ការច្រាលទឹកអាស៊ីដបានយ៉ាងល្អ។