យោងតាមការចុះផ្សាយពីប្រភពបរទេស រឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយបានកើតឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យា HITប្រទេសចិន។
សាកលវិទ្យាល័យនេះបានរៀបចំពិធីមង្គលការជារៀងរាល់ឆ្នាំសម្រាប់និស្សិតថ្នាក់បណ្ឌិត និងគូស្នេហ៍របស់ពួកគេ ដោយផ្តល់ជូននូវកាដូពិសេសគឺចិញ្ចៀនពេជ្រដ៏អស្ចារ្យ។
អ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺ គ្រាប់ពេជ្រទំហំ ១ ការ៉ាត់នៅលើចិញ្ចៀនទាំងនោះ មិនមែនជាពេជ្រធម្មជាតិដែលយកពីក្នុងដីឡើយ ប៉ុន្តែជាពេជ្រដែលបង្កើតឡើងយ៉ាងផ្ចិតផ្ចង់នៅក្នុងមន្ទីរពិសោធន៍របស់សាលាផ្ទាល់។
ជាការពិតណាស់ ក្រុមស្រាវជ្រាវផ្នែកអវកាសនៃវិទ្យាស្ថាន HIT បានប្រើប្រាស់ឧស្ម័នមេតាន និងអ៊ីដ្រូសែន ដើម្បីចិញ្ចឹមគ្រាប់ពេជ្រទាំងនេះឡើងក្នុងបន្ទប់ពិសោធន៍។ ចាប់តាំងពីកម្មវិធីនេះចាប់ផ្ដើមនៅឆ្នាំ ២០១៣ មក គូស្នេហ៍ជាង ៨០០ គូហើយបានរៀបការក្រោមកម្មវិធីដ៏មានអត្ថន័យនេះ។
បច្ចុប្បន្ន ការបង្កើតពេជ្រសិប្បនិម្មិតនេះមានការរីកចម្រើនយ៉ាងខ្លាំងនៅប្រទេសចិន ដោយវាមានគុណភាពមិនចាញ់ពេជ្រធម្មជាតិទេ ប៉ុន្តែមានតម្លៃធូរថ្លៃជាងដល់ទៅ ៩០%ឯណោះ៕