យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាស្មាតហ្វូនជំនាន់ថ្មីៗគាំទ្រកម្លាំងសាករហូតដល់ 80W ឬ 150W ក៏ដោយ ប៉ុន្តែអ្នកកាសែតបច្ចេកវិទ្យា Jon Gilbert បានសម្រេចចិត្តជ្រើសរើសប្រព័ន្ធសាកថ្មដែលមានកម្លាំងត្រឹមតែ 2.75W សម្រាប់ដាក់នៅក្បែរគ្រែគេងរបស់គាត់។
ការសាកថ្មលឿនខ្លាំងពេកឬការសាកទុករួចចោលពេញមួយយប់ អាចបណ្ដាលឱ្យកម្ដៅឡើងខ្លាំងនិងធ្វើឱ្យថ្ម Lithiumឆាប់ខូចគុណភាពនិងចុះខ្សោយ។
ផ្ទុយទៅវិញ ការប្រើប្រាស់ក្បាលសាកយឺត (សាកភ្លើងតិច) ជួយការពារសុខភាពថ្ម ដោយសារពេលយើងគេងពេញមួយយប់ ថ្មសាកពេញត្រឹមម៉ោងត្រូវក្រោកពីព្រលឹមល្មម ដោយមិនបារម្ភរឿងសាកពេញ 100% ហើយទុករួចចោលយូរម៉ោងនោះទេ។
ថ្វីត្បិតតែវាមិនស័ក្តិសមសម្រាប់ការប្រើប្រាស់ពេលប្រញាប់ប្រញាល់ក្នុងពេលថ្ងៃ ប៉ុន្តែវិធីសាស្ត្រនេះជួយថែរក្សាអាយុកាលទូរស័ព្ទឱ្យប្រើប្រាស់បានយូរឆ្នាំ និងមិនធ្វើឱ្យទូរស័ព្ទក្ដៅឡើយ៕