តម្រងនោម គឺជាសរីរាង្គដ៏សំខាន់បំផុតមួយ ដែលបំពេញតួនាទីយ៉ាងសកម្មក្នុងការចម្រោះជាតិពុល កាកសំណល់ និងទឹកដែលលើសចេញពីរាងកាយ តាមរយៈទឹកនោម។ យ៉ាងណាមិញ ជំងឺតម្រងនោមរ៉ាំរ៉ៃ ជារឿយៗត្រូវបានគេហៅថា «ឃាតករស្ងៀមស្ងាត់» ព្រោះវាមិនសូវបញ្ចេញរោគសញ្ញាឱ្យដឹងច្បាស់ៗនៅដំណាក់កាលដំបូងឡើយ លុះត្រាតែតម្រងនោមខូចខាតធ្ងន់ធ្ងរទៅហើយ ទើបលេចចេញសញ្ញាច្បាស់លាស់។
ប្រសិនបើរាងកាយរបស់អ្នកចាប់ផ្តើមបង្ហាញ «សញ្ញាព្រមាន» ទាំងនេះ សូមកុំព្រងើយកន្តើយ ហើយគួរប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យជាបន្ទាន់៖
១. ការប្រែប្រួលនៃការបត់ជើងតូច
ដោយសារតម្រងនោមជាអ្នកផលិតទឹកនោម ការប្រែប្រួលណាមួយនៃទម្លាប់នេះ គឺជាសញ្ញាដំបូងបង្អស់៖
-នោមញឹកខុសធម្មតា៖ ជាពិសេសនៅពេលយប់ ព្រោះនៅពេលតម្រងនោមខូចខាត វាកាន់តែជម្រុញឱ្យចង់នោម។
-ទឹកនោមមានពពុះច្រើន ៖ ពពុះច្រើនហើយមិនងាយរលាយបាត់ (ដូចពពុះសាប៊ូ) បញ្ជាក់ថាមានការធ្លាយសារធាតុប្រូតេអ៊ីន (Albumin) ចេញមកតាមទឹកនោម។
-ទឹកនោមមានឈាមលាយឡំ៖ តម្រងនោមដែលខូច មិនអាចរក្សាគ្រាប់ឈាមទុកបាន ទើបធ្វើឱ្យធ្លាយគ្រាប់ឈាមមកជាមួយទឹកនោម។ ២. មានអាការៈហើម (ហើមជើង ភ្នែក ឬដៃ)
នៅពេលតម្រងនោមចុះខ្សោយ វាមិនអាចបណ្តេញជាតិទឹក និងជាតិអំបិល (សូដ្យូម) ដែលលើសចេញពីរាងកាយបានឡើយ។ ជាតិទឹកទាំងនោះនឹងទៅកកកុញនៅតាមលីspace នៃកោសិកា បង្កឱ្យមានការហើមប៉ោងនៅត្រង់ ប្រទង់ភ្នែក (ហើមភ្នែកពេលព្រឹក) ខ្នងជើង កងជើង ឬដៃ។
៣. អស់កម្លាំងខ្លាំង ល្ហិតល្ហៃ និងពិបាកផ្ដោតអារម្មណ៍
តម្រងនោមមានតួនាទីផលិតអរម៉ូនម្យ៉ាងឈ្មោះថា Erythropoietin (EPO) ដែលជួយជម្រុញរាងកាយឱ្យបង្កើតគ្រាប់ឈាមក្រហម។ នៅពេលតម្រងនោមខូច ការផលិតអរម៉ូននេះធ្លាក់ចុះ បង្កជា «ជំងឺស្លេកស្លាំង ឬខ្វះឈាម» ធ្វើឱ្យអុកស៊ីសែនទៅចិញ្ចឹមរាងកាយមិនគ្រប់គ្រាន់ នាំឱ្យអ្នកមានអារម្មណ៍អស់កម្លាំងល្ហិតល្ហៃ វិលមុខ និងខួរក្បាលមិនសូវស្មារតី។
៤. ធុំក្លិនដង្ហើមអាក្រក់ និងដឹងរសជាតិអាហារប្លែកៗ
នៅពេលកាកសំណល់ និងជាតិពុល (Urea) មិនត្រូវបានចម្រោះចេញ វាជះឥទ្ធិពលដល់ប្រព័ន្ធរំលាយអាហារ៖
-ធ្វើឱ្យធុំក្លិនខ្យល់ដង្ហើមដូចអាម៉ូញាក់ ឬធុំក្លិនដូចទឹកនោម។
-ញ៉ាំអាហារលែងដឹងរសជាតិឆ្ងាញ់ (ដឹងរសជាតិដូចដែក)។
-មានអាការៈក្អួតចង្អោរ និងមិនចង់បរិភោគអាហារ។
៥. ស្បែកស្ងួត និងរមាស់ខ្លាំង
ការរមាស់ស្បែកដោយសារជំងឺតម្រងនោម មិនមែនជារមាស់ធម្មតានោះទេ ប៉ុន្តែវាជារមាស់ជ្រៅទៅក្នុងឆ្អឹង ឬសាច់។ នេះបណ្តាលមកពីតម្រងនោមលែងមានសមត្ថភាពរក្សាតុល្យភាពជាតិរ៉ែ (ជាពិសេសជាតិផូស្វ័រឡើងខ្ពស់ពេកក្នុងឈាម) និងការកកកុញនៃជាតិពុលក្រោមស្បែក។
៦. ដកដង្ហើមថប់ៗ ឬខ្លីៗ
អាការៈនេះកើតឡើងដោយសារមូលហេតុពីរ៖ ទីមួយ គឺដោយសារជាតិទឹកដែលលើសហូរទៅកកកុញនៅក្នុងសួត (ហើមសួត) និងទីពីរ គឺបង្កឡើងដោយជំងឺខ្វះឈាម ដែលធ្វើឱ្យរាងកាយខ្វះអុកស៊ីសែន ទាមទារឱ្យយើងដកដង្ហើមញាប់ និងថប់ដង្ហើម ទោះបីជាមិនបានធ្វើការធ្ងន់ក៏ដោយ។
អ្នកណាខ្លះដែលប្រឈមខ្ពស់ជាងគេ?
ប្រសិនបើអ្នកមានជំងឺប្រចាំកាយដូចខាងក្រោមនេះ អ្នកត្រូវតែទៅពិនិត្យមុខងារតម្រងនោម (Creatinine & eGFR) យ៉ាងហោចណាស់ ១ដង ក្នុងមួយឆ្នាំ៖
-អ្នកមានជំងឺ ទឹកនោមផ្អែម (មូលហេតុចម្បងនៃតម្រងនោមខូច)
-អ្នកមានជំងឺ លើសឈាម
-អ្នកដែលនិយម ពិសារថ្នាំបំបាត់ការឈឺចាប់ ញឹកញាប់ដោយគ្មានវេជ្ជបញ្ជា
-អ្នកមានប្រវត្តិគ្រួសារធ្លាប់មានជំងឺតម្រងនោម
កុំរង់ចាំរហូតដល់តម្រងនោមឈប់ដំណើរការទាំងស្រុង ទើបស្វែងរកការព្យាបាល ព្រោះការលាងឈាម ឬប្តូរតម្រងនោម គឺជាការចំណាយដ៏ធំធេង និងប៉ះពាល់ដល់គុណភាពជីវិតខ្លាំងណាស់។ ការស្រឡាញ់សុខភាព គឺចាប់ផ្តើមពីការសង្កេត និងការពិនិត្យឈាមឱ្យបានទៀងទាត់!