យោងតាមការចុះផ្សាយពីប្រភពបរទេស ការចិញ្ចឹមកូនមិនមែនជាការប្រណាំងប្រជែងដែលត្រូវតែឈ្នះគ្រប់តម្លៃនោះទេ។
ការដែលកូនមិនពូកែ មិនមែនមកពីឪពុកម្ដាយធ្វើតិចពេកទេ គឺមកពីធ្វើច្រើនពេកតាមរយៈការគ្រប់គ្រងនិងដាក់សម្ពាធខ្លាំងពេក។ បើតាមការស្រាវជ្រាវលើសិស្សពូកែបានបង្ហាញថា ក្មេងដែលរៀនពូកែពិតប្រាកដមិនមែនកើតពីការបង្ខិតបង្ខំនោះទេ ប៉ុន្តែនៅពីក្រោយពួកគេ គឺជាឪពុកម្ដាយដែលចេះដកថយឱ្យត្រូវពេល។
ឪពុកម្ដាយដ៏វៃឆ្លាតទាំងនោះមិនបង្ខំឬជេរប្រមាថកូនឡើយ ប៉ុន្តែជួយជំរុញទឹកចិត្តពីខាងក្នុង ព្រមទាំងមិនរត់ប្រណាំងម៉ោងរៀនដោយផ្តោតលើការកសាងទម្លាប់សិក្សាប្រកបដោយប្រសិទ្ធភាព និងចេះបង្កើតបរិយាកាសគ្រួសារវិជ្ជមានដោយផ្ដល់ភាពកក់ក្ដៅនិងការគាំទ្រផ្លូវចិត្តជាជាងបំប្លែងផ្ទះឱ្យទៅជាសាលារៀនទីពីរ៕