មនុស្សភាគច្រើនតែងតែគិតថា ការឃើញលេខនៅលើជញ្ជីងធ្លាក់ចុះ គឺជាជោគជ័យនៃការសម្រកទម្ងន់។ ប៉ុន្តែនៅក្នុងវិទ្យាសាស្ត្រសុខភាព និងកាយវប្បកម្ម «ការសម្រកទម្ងន់» និង «ការសម្រកខ្លាញ់» គឺមានលក្ខណៈខុសគ្នាស្រឡះ ហើយលទ្ធផលដែលទទួលបានក៏ខុសគ្នាខ្លាំងដែរ។
១. អ្វីទៅជា «ការសម្រកទម្ងន់» (Weight Loss)?
ការសម្រកទម្ងន់ គឺសំដៅទៅលើការធ្លាក់ចុះនៃទម្ងន់សរុបនៃរាងកាយ ដែលរួមមានទម្ងន់ទឹក សាច់ដុំ ឆ្អឹង និងខ្លាញ់។
-វិធីសាស្ត្រទូទៅ៖ ភាគច្រើនកើតឡើងតាមរយៈការបង្អត់អាហារ ការកាត់បន្ថយរបបអាហារភ្លាមៗ ឬការធ្វើកាតឌីអូ (Cardio) ច្រើនហួសប្រមាណ។
-ផលប៉ះពាល់៖ នៅពេលដែលលេខជញ្ជីងស្រកចុះ លោកអ្នកអាចនឹងបាត់បង់ទាំងសាច់ដុំ និងទឹក នៅក្នុងខ្លួនទៅវិញ។ ការបាត់បង់សាច់ដុំធ្វើឱ្យរាងកាយចុះខ្សោយ ស្បែកយារធ្លាក់ និងធ្វើឱ្យប្រព័ន្ធដុតរំលាយអាហារ (Metabolism) ថយចុះ ដែលងាយនឹងធ្វើឱ្យធាត់ឡើងវិញក្នុងល្បឿនលឿន (Yo-Yo Effect)។
២. អ្វីទៅជា «ការសម្រកខ្លាញ់» ?
ការសម្រកខ្លាញ់ គឺសំដៅទៅលើការកាត់បន្ថយតែភាគរយខ្លាញ់អាក្រក់នៅក្នុងខ្លួន ប៉ុន្តែព្យាយាមរក្សា ឬបង្កើតដុំសាច់ដុំ (Muscle Mass) ឱ្យនៅដដែល។
-វិធីសាស្ត្រទូទៅ ៖ ផ្តោតលើការញ៉ាំអាហារដែលមានប្រូតេអ៊ីនខ្ពស់ គ្រប់គ្រងបរិមាណកាឡូរី (Calorie Deficit) និងការហាត់ប្រាណបែបលើកទម្ងន់ (Weight Training) រួមផ្សំជាមួយ morning cardio ឬការដើរ។
-ផលប្រយោជន៍៖ រាងកាយនឹងមានភាពហាប់ណែន មានរាងរៅច្បាស់លាស់ (ទោះបីជាជញ្ជីងមិនសូវស្រក) មានសុខភាពល្អ និងថាមពលមាំមួន ព្រោះប្រព័ន្ធដុតរំលាយអាហារដំណើរការបានល្អខ្លាំង។
ចំពោះ តើមួយណាជាជម្រើសត្រឹមត្រូវ?
«ការសម្រកខ្លាញ់» គឺជាគោលដៅដែលត្រឹមត្រូវ និងមានសុខភាពល្អបំផុត!
ចូរឈប់ខ្វល់ខ្វាយខ្លាំងពេកជាមួយនឹងលេខនៅលើជញ្ជីង ព្រោះសាច់ដុំ ១គីឡូក្រាម និងខ្លាញ់ ១គីឡូក្រាម មានទម្ងន់ស្មើគ្នាលើជញ្ជីង ប៉ុន្តែវាមានទំហំនិងរូបរាងខុសគ្នាដាច់ស្រឡះនៅក្នុងខ្លួនរបស់យើង។ ដើម្បីសម្រកខ្លាញ់បានជោគជ័យ ចូរងាកមកផ្តោតលើការញ៉ាំអាហាររូបត្ថម្ភគ្រប់គ្រាន់ បន្ថយម្សៅ/ស្ករ បង្កើនប្រូតេអ៊ីន ហាត់ប្រាណលើកទម្ងន់ និងរក្សាទម្លាប់ដើរឱ្យបានទៀងទាត់ នោះលោកអ្នកនឹងទទួលបានរាងកាយដ៏ស្រស់ស្អាត និងសុខភាពមាំមួនពិតប្រាកដ។