នៅក្នុងវដ្តជីវិតដ៏ប្រញាប់ប្រញាល់នៃសម័យទំនើប មនុស្សជាច្រើនបាន និងកំពុងបង្កើតទម្លាប់ញ៉ាំអាហារយ៉ាងលឿនស្លន់ស្លោ ដើម្បីបង្ហើយកិច្ចការប្រចាំថ្ងៃ ។ អ្នកខ្លះទំពារមិនទាន់ម៉ត់ផង ក៏លេបចូលៗដើម្បីប្រញាប់ទៅធ្វើការ ឬមើលទូរស័ព្ទបន្ត ។ លោកអ្នកប្រហែលជាធ្លាប់ដឹងហើយថា ការញ៉ាំលឿនធ្វើឱ្យប៉ះពាល់ដល់ក្រពះ ប៉ុន្តែតើអ្នកដឹងទេថា យោងតាមការសិក្សាផ្នែកវេជ្ជសាស្ត្រចុងក្រោយ ទម្លាប់មួយនេះក៏ជា «ឃាតករលាក់មុខ» ដែលកំពុងបំផ្លាញប្រព័ន្ធសរសៃប្រសាទខួរក្បាល និងជាដើមហេតុចម្បងនៃជំងឺធាត់ដុះក្បាលពោះផងដែរ?
ខាងក្រោមនេះជាការបកស្រាយបែបវិទ្យាសាស្ត្រស៊ីជម្រៅ ពីផលប៉ះពាល់ដ៏គួរឱ្យខ្លាចនៃការញ៉ាំលឿនពេក៖
១. ធ្វើឱ្យ «ខួរក្បាលវង្វេង» និងរំខានសញ្ញាណឆ្អែត
រាងកាយរបស់មនុស្សយើងមានប្រព័ន្ធទំនាក់ទំនងដ៏អស្ចារ្យមួយរវាងពោះវៀន និងខួរក្បាល (Gut-Brain Axis)។ នៅពេលដែលយើងញ៉ាំអាហារ ក្រពះត្រូវការពេលវេលាយ៉ាងតិច ២០ នាទី ដើម្បីបញ្ជូនសញ្ញាអរម៉ូនម្យ៉ាងឈ្មោះថា «Leptin» (អរម៉ូនប្រាប់ថាឆ្អែត) ទៅកាន់ខួរក្បាល។
នៅពេលអ្នកញ៉ាំលឿនពេក (ត្រឹមតែ ៥ ទៅ ១០ នាទីរួចរាល់) សញ្ញាណនេះមិនទាន់រត់ទៅដល់ខួរក្បាលនៅឡើយទេ។ លទ្ធផលគឺ ខួរក្បាលរបស់អ្នកស្ថិតក្នុងស្ថានភាព «វង្វេងវង្វាន់បណ្តោះអាសន្ន» ដោយវាមិនទាន់ដឹងថាមានអាហារចូលពេញក្រពះឡើយ ដែលធ្វើឱ្យអ្នកនៅតែមានអារម្មណ៍ចង់ញ៉ាំបន្ត ទោះបីជារាងកាយទទួលបានកាឡូរីលើសលប់ទៅហើយក្តី។
២. អន្ទាក់បង្កឱ្យ «ធាត់ដុះក្បាលពោះ» និងការឡើងទម្ងន់ទ្វេដង
ការសិក្សាស្រាវជ្រាវបានបង្ហាញថា អ្នកដែលញ៉ាំអាហារលឿន មានឱកាសប្រឈមនឹងជំងឺធាត់ (Obesity) ខ្ពស់ជាងអ្នកញ៉ាំយឺតរហូតដល់ទៅ ៣ ដង។ មូលហេតុគឺ៖
-ការលេបកាឡូរីហួសកម្រិត៖ ដោយសារខួរក្បាលទទួលសញ្ញាឆ្អែតមិនទាន់ អ្នកនឹងញ៉ាំអាហារក្នុងបរិមាណច្រើនជាងតម្រូវការពិតប្រាកដ។
-អាំងស៊ុយលីនឡើងខ្ពស់ខុសប្រក្រតី៖ ការញ៉ាំលឿនធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមហក់ឡើងខ្ពស់ភ្លាមៗ ជម្រុញឱ្យរាងកាយបញ្ចេញអាំងស៊ុយលីនយ៉ាងគំហុក ដែលអរម៉ូននេះមានតួនាទីបំលែងជាតិស្ករដែលលើស ទៅជា «ខ្លាញ់កកកុញនៅតំបន់ក្បាលពោះ»។
៣. បំផ្លាញប្រព័ន្ធរំលាយអាហារ និងបង្កើតជាតិហ្គាស
ធ្មេញមានតួនាទីកិនបំបែកអាហារ រីឯក្រពះមានតួនាទីរំលាយ។ នៅពេលអ្នកញ៉ាំលឿន អាហារដែលចូលទៅក្នុងក្រពះនៅតែមានដុំធំៗ ធ្វើឱ្យក្រពះត្រូវច្របាច់និងបញ្ចេញអាស៊ីដខ្លាំងជាងមុនដើម្បីរំលាយ។ ទម្លាប់នេះយូរៗទៅនឹងបង្កជា៖
-ជំងឺហើមពោះ ណែនពោះ និងភើជូរ។
-ជំងឺរលាកក្រពះរ៉ាំរ៉ៃ និងជំងឺច្រាលអាស៊ីដ (GERD)។
-ក្នុងអំឡុងពេលញ៉ាំលឿន អ្នកក៏បានលេបខ្យល់ចូលទៅក្នុងពោះច្រើនជាងធម្មតា ដែលបង្កឱ្យមានជាតិហ្គាសពេញពោះវៀន។
+ ក្បួនកែប្រែទម្លាប់៖ ញ៉ាំដោយដឹងខ្លួន (Mindful Eating)
ដើម្បីការពារខួរក្បាល និងថែរក្សារាងកាយកុំឱ្យដុះក្បាលពោះ លោកអ្នកអាចចាប់ផ្តើមអនុវត្តវិធីសាស្ត្រងាយៗទាំងនេះ៖
-ទំពារឱ្យបាន ០ ទៅ ៣០ ដងក្នុងមួយម៉ាត់៖ ការទំពារឱ្យម៉ត់ជួយសម្រាលបន្ទុកក្រពះ និងពន្យារពេលឱ្យខួរក្បាលដឹងខ្លួនថាឆ្អែត។
-ដាក់ស្លាបព្រាចុះ៖ បន្ទាប់ពីបញ្ចូលអាហារមួយម៉ាត់ទៅក្នុងមាត់ ចូរដាក់ស្លាបព្រាចុះ រួចទំពារឱ្យអស់សិន សឹមចាប់ម៉ាត់បន្ទាប់។
0បិទទូរស័ព្ទ និងទូរទស្សន៍៖ ការមើលអេក្រង់ពេលញ៉ាំបាយ ធ្វើឱ្យខួរក្បាលបាត់បង់ការផ្តោតអារម្មណ៍លើអាហារ និងជម្រុញឱ្យយើងញ៉ាំលឿនដោយមិនដឹងខ្លួន។
-កំណត់ពេល ២០ នាទី៖ ព្យាយាមប្រើប្រាស់ពេលវេលាយ៉ាងតិច ២០ នាទីសម្រាប់អាហារមួយពេល។
ចូរឈប់ញ៉ាំប្រណាំងនឹងពេលវេលា តែកែប្រែមកជាការទំពារថ្នមៗ ញ៉ាំដោយក្តីរីករាយ ព្រោះការញ៉ាំយឺត និងម៉ត់ចត់ គឺជាឱសថធម្មជាតិដ៏ពូកែស័ក្តិសិទ្ធិក្នុងការការពារខួរក្បាល និងរក្សាភើ្ថរភាពរាងកាយឱ្យជៀសឆ្ងាយពីក្បាលពោះកំប៉ោងជារៀងរហូត។