ការចាប់ផ្តើមព្រឹកព្រលឹមដ៏ល្អ បញ្ជាក់ពីសុខភាពដ៏មាំមួនពេញមួយថ្ងៃ។ មនុស្សភាគច្រើនតែងតែនឹកឃើញដល់កាហ្វេ ឬតែមួយកែវមុនគេនៅពេលបើកភ្នែកឡើង ប៉ុន្តែតាមពិតទៅ «ទឹកស្អាតធម្មតាមួយកែវ» ដែលផឹកនៅពេលពោះទទេភ្លាមៗក្រោយភ្ញាក់ពីគេង ទៅវិញទេដែលជាអាវុធសម្ងាត់ជួយដាស់រាងកាយឱ្យមានថាមពល។ បន្ទាប់ពីរាងកាយបានសម្រាក និងខ្សោះជាតិទឹកអស់រយៈពេលពី ៦ ទៅ ៨ ម៉ោងក្នុងមួយយប់ ការបំពេញជាតិទឹកភ្លាមៗនឹងបង្កើតរឿងអស្ចារ្យទាំង ៥ នេះចំពោះសុខភាពរបស់អ្នក៖
១. ដាស់ប្រព័ន្ធមេតាបូលីស និងជួយសម្រកទម្ងន់
ការផឹកទឹកភ្លាមៗក្រោយភ្ញាក់ពីគេង ត្រូវបានស្រាវជ្រាវឃើញថាអាចជួយជម្រុញ និងបង្កើនល្បឿននៃប្រព័ន្ធមេតាបូលីស (Metabolism) ឬការដុតបំផ្លាញថាមពលក្នុងរាងកាយបានរហូតដល់ ២៤% ឯណោះ។ នៅពេលដែលប្រព័ន្ធដុតបំផ្លាញដំណើរការបានល្អ វានឹងជួយឱ្យរាងកាយរបស់អ្នកយកជាតិខ្លាញ់ទៅប្រើប្រាស់បានកាន់តែមានប្រសិទ្ធភាព ដែលនេះជាជំនួយការដ៏ពិសេសសម្រាប់អ្នកដែលចង់គ្រប់គ្រង និងសម្រកទម្ងន់។
២. បណ្តេញជាតិពុល និងសម្អាតប្រព័ន្ធពោះវៀន
នៅពេលយប់ រាងកាយរបស់យើងធ្វើការជួសជុលកោសិកា និងប្រមូលផ្តុំកាកសំណល់ជាតិពុលផ្សេងៗ។ ការផឹកទឹកនៅពេលព្រឹកព្រលឹម ប្រៀបដូចជាការ «លាងសម្អាត» ជម្រះជាតិពុលទាំងឡាយចេញពីក្រពះ និងពោះវៀន តាមរយៈការបត់ជើងតូច ឬធំ។ វាក៏ជួយកាត់បន្ថយបញ្ហាទល់លាមក និងជួយឱ្យពោះវៀនមានសមត្ថភាពស្រូបយកសារធាតុចិញ្ចឹមពីអាហារពេលព្រឹកបានកាន់តែល្អប្រសើរ។
៣. បង្កើនថាមពលខួរក្បាល និងកម្ចាត់ភាពស្រឡេស្រឡាំង
ខួរក្បាលរបស់មនុស្សយើងមានផ្ទុកជាតិទឹកហូតដល់ទៅ ៧០-៨០%។ នៅពេលដែលរាងកាយខ្សោះជាតិទឹក ទោះបីជាបន្តិចបន្តួចក៏ដោយ វានឹងធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង វិលមុខ ងងុយគេង និងខួរក្បាលគិតមិនសូវចេញនៅពេលព្រឹក។ ទឹកមួយកែវដំបូងនេះ នឹងរត់ទៅបំពេញជាតិទឹកក្នុងខួរក្បាលភ្លាមៗ កាត់បន្ថយភាពតានតឹង ធ្វើឱ្យអារម្មណ៍ស្រឡះ និងបង្កើនការចងចាំបានយ៉ាងរហ័ស។
៤. ជួយឱ្យស្បែកភ្លឺថ្លា ចេញពីខាងក្នុង
ការខ្សោះជាតិទឹកគឺជាសត្រូវដ៏ធំនៃស្បែក ដែលធ្វើឱ្យស្បែកស្ងួត ស្រអាប់ និងងាយកើតស្នាមជ្រីវជ្រួញមុនអាយុ។ ការផឹកទឹកនៅពេលពោះទទេ ជួយជម្រុញរលកឈាមឱ្យរត់ទៅចិញ្ចឹមកោសិកាស្បែកបានល្អ បង្កើនការបត់បែននៃស្បែក និងជួយបណ្តេញជាតិពុលដែលបង្កជាមុន។ លទ្ធផលគឺ អ្នកនឹងទទួលបានស្បែកដែលទន់ រលោង និងមានសំណើម ភ្លឺថ្លាចេញពីខាងក្នុង។
៥. បង្ការជំងឺក្រពះ និងការពារតម្រងនោម
សម្រាប់អ្នកដែលមានបញ្ហាឡើងអាស៊ីដក្រពះ ការផឹកទឹកនៅពេលព្រឹកនឹងជួយពន្យឺត និងរំលាយកំហាប់អាស៊ីដទាំងនោះ កាត់បន្ថយការឆ្អល់ចុកពោះ ឬអការៈភើជូរ។ ជាងនេះទៅទៀត វាក៏ជួយកាត់បន្ថយឱកាសនៃការកើតមានគ្រួសក្នុងតម្រងនោម និងការពារប្លោកនោមពីការឆ្លងមេរោគផ្សេងៗ ដោយសារទឹកបានទៅជួយរំលាយជាតិអំបិល និងសារធាតុរ៉ែដែលលើស។
+វិធីសាស្ត្រផឹកទឹកពេលព្រឹកឱ្យត្រូវតាមក្បួនសុខភាព៖
-ផឹកមុនពេលដុសធ្មេញ៖ ការផឹកទឹកភ្លាមៗមុនពេលដុសធ្មេញ ជួយឱ្យរាងកាយទទួលបានបាក់តេរីល្អៗ (Good Bacteria) ដែលរស់នៅក្នុងទឹកមាត់ក្នុងមាត់យើងកាលពីយប់ មករក្សាទ្រទ្រង់ប្រព័ន្ធការពាររាងកាយ។
-ជ្រើសរើសទឹកសីតុណ្ហភាពធម្មតា ឬទឹកឧណ្ហៗ៖ ជៀសវាងការផឹកទឹកកកត្រជាក់ខ្លាំងភ្លាមៗ ព្រោះវាអាចធ្វើឱ្យក្រពះកន្ត្រាក់។ ទឹកឧណ្ហៗគឺជាជម្រើសល្អបំផុតក្នុងការដាស់សរីរាង្គខាងក្នុង។
ការថែរក្សាសុខភាពឱ្យបានល្អ និងរស់នៅបានយូរអង្វែង មិនមែនជាទាមទារការផ្លាស់ប្តូរអ្វីដែលធំដុំ ឬចំណាយថវិកាច្រើននោះទេ។ គ្រាន់តែដាក់ទឹកមួយកែវនៅក្បែរគ្រែ ហើយទម្លាប់ខ្លួនផឹកវាភ្លាមៗបន្ទាប់ពីបើកភ្នែកឡើង អ្នកកំពុងតែផ្តល់កាដូដ៏អស្ចារ្យបំផុតដល់រាងកាយរបស់អ្នកហើយ។ ចូរចាប់ផ្តើមធ្វើវាចាប់ពីព្រឹកស្អែកនេះទៅ!