យោងតាមការចុះផ្សាយពីប្រភពបរទេស បុរសអាយុ ៤១ឆ្នាំម្នាក់បានជឿជាក់លើពាក្យចចាមអារ៉ាមថាសត្វអយស្ទ័រស្រស់គឺជាឱសថទិព្វសម្រាប់បង្កើនសមត្ថភាពផ្លូវភេទ ដោយបានបរិភោគវាជាប្រចាំក្នុងពេលផឹកស៊ី។ ប៉ុន្តែក្រោយមក លទ្ធផលពិនិត្យសុខភាពបានបង្ហាញពីបញ្ហាសុខភាពជាច្រើនដូចជា ទឹកនោមផ្អែមរំលាយអាហារ ខ្លាញ់ក្នុងឈាមខ្ពស់ និងអ័រម៉ូនតេស្តូស្តេរ៉ូនកម្រិតទាប។
តាមការបញ្ជាក់របស់វេជ្ជបណ្ឌិតមូលហេតុពិតប្រាកដនៃការធ្លាក់ចុះកម្លាំងកាយគឺបណ្តាលមកពីការគេងតិច ធាត់ក្បាលពោះ សម្ពាធការងារ និងការប្រើប្រាស់គ្រឿងស្រវឹងច្រើន។ អយស្ទ័រពិតជាសម្បូរជាតិស័ង្កសីមែន ប៉ុន្តែវាមិនមែនជាថ្នាំទិព្វដែលអាចជួយដោះស្រាយបញ្ហាអសមត្ថភាពផ្លូវភេទបានភ្លាមៗនោះទេ។
ផ្ទុយទៅវិញការបរិភោគអយស្ទ័រឆៅអាចប្រឈមនឹងហានិភ័យនៃការឆ្លងបាក់តេរីនិងជំងឺផ្សេងៗ។ វេជ្ជបណ្ឌិតបានណែនាំថា សមត្ថភាពបុរសមិនអាស្រ័យលើចំនួនអយស្ទ័រនៅលើតុអាហារឡើយ គឺអាស្រ័យលើការគេងឱ្យបានគ្រប់គ្រាន់ គ្រប់គ្រងទម្ងន់ ហាត់ប្រាណទៀងទាត់ និងកាត់បន្ថយគ្រឿងស្រវឹង៕