យោងតាមការចុះផ្សាយពីប្រភពបរទេស កុមារតូចៗច្រើនតែមិនចេះរៀបរាប់ពីអារម្មណ៍ពិតរបស់ពួកគេដោយត្រង់នោះឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងបញ្ចេញជាពាក្យពេចន៍សាមញ្ញៗដើម្បីផ្ញើសញ្ញាសុំការជួយសង្គ្រោះពីអាណាព្យាបាល ដែលក្នុងនោះមានប្រយោគសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖
ប្រយោគទីមួយគឺ “និយាយទៅក៏គ្មានអ្នកណាស្ដាប់ដែរ” ដែលបង្ហាញថាកូនមានអារម្មណ៍ថាមិនត្រូវបានគេឱ្យតម្លៃ ឬត្រូវបានមាតាបិតាពន្យារពេលក្នុងការស្តាប់រឿងរ៉ាវរបស់គេ។
ប្រយោគទីពីរគឺ “តើខ្ញុំពិតជាគ្មានសមត្ថភាពមែនទេ?” មិនមែនជាការអន់ចិត្តលើពិន្ទុប៉ុណ្ណោះទេ តែជាការសួរចង់ដឹងថាតើឪពុកម្ដាយនៅតែស្រឡាញ់គេដដែលឬទេ បើទោះបីជាគេមិនពូកែដូចការរំពឹងទុកក៏ដោយ។
ប្រយោគទីបីគឺ “អ្នកណាក៏ពូកែជាងខ្ញុំដែរ” ជាសញ្ញាបញ្ជាក់ថាកូនកំពុងបាត់បង់ទំនុកចិត្តលើខ្លួនឯង ដោយត្រូវការការយល់ចិត្តនិងលើកទឹកចិត្តជាជាងការបង្ខិតបង្ខំឱ្យខិតខំប្រឹងប្រែង។
ប្រយោគទីបួនគឺ “ខ្ញុំមិនអីទេ” គឺជាពាក្យដែលងាយបញ្ឆោតឪពុកម្តាយបំផុត។ តាមពិតទៅ វាមានន័យថាកូនកំពុងជួបបញ្ហាប៉ុន្តែមិនដឹងត្រូវរៀបរាប់ប្រាប់យ៉ាងម៉េច។
ក្នុងនាមជាមាតាបិតា ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះអារម្មណ៍និងពាក្យសំដីរបស់កូន ព្រោះការយល់ដឹងនិងការនៅក្បែរទាន់ពេលវេលា គឺជាកត្តាសំខាន់បំផុតដើម្បីជួយកូនចៀសផុតពីវិបត្តិផ្លូវចិត្ត៕