យោងតាមការចុះផ្សាយពីប្រភពបរទេស ទ្រឹស្ដី “ពណ៌បាក់ទឹកចិត្ត” ដែលចោទប្រកាន់ថាកុមារចូលចិត្តពណ៌ខ្មៅ ប្រផេះ ឬខៀវចាស់ គឺជាសញ្ញាជំងឺផ្លូវចិត្ត គឺជារឿងមិនពិតឡើយ។ ផ្ទុយទៅវិញ វាគ្រាន់តែជាយុទ្ធសាស្ត្រទីផ្សាររបស់ស្ថាប័នអប់រំនិងពាណិជ្ជកម្មមួយចំនួន ដើម្បីកេងចំណេញពីការភ័យស្លន់ស្លោរបស់អាណាព្យាបាលប៉ុណ្ណោះ។
ការចូលចិត្តពណ៌ស្រអាប់របស់ក្មេងៗ គឺជារឿងធម្មតាដែលកើតចេញពីចំណូលចិត្ត ស្ទីលផ្ទាល់ខ្លួន ឬក្ដីស្រឡាញ់លើភាពស្ងប់ស្ងាត់ប៉ុណ្ណោះ មិនមែនជាការបង្ហាញពីជំងឺបាក់ទឹកចិត្តទេ។ ពណ៌មិនអាចយកមកធ្វើជាកត្តាវិនិច័យជំងឺបានឡើយ។
ឪពុកម្ដាយត្រូវតាមដានបម្រែបម្រួលអាកប្បកិរិយារបស់កូនជាក់ស្ដែង ដោយត្រូវយកចិត្តទុកដាក់និងប្រឹក្សាជាមួយអ្នកជំនាញ លុះត្រាតែកូនមានរោគសញ្ញាដូចជា អារម្មណ៍ចុះទន់ខ្សោយ បាត់បង់ចំណាប់អារម្មណ៍ ដាច់ឆ្ងាយពីសង្គម ផ្លាស់ប្ដូរការហូបចុកនិងគេងខុសប្រក្រតី និងនិយាយពាក្យអវិជ្ជមាន ដែលកើតឡើងជាប់ៗគ្នាលើសពីពីរសប្ដាហ៍។ ជំនួសឱ្យការស្ដីបន្ទោស ម្ដាយឪពុកគប្បីចំណាយពេលអង្គុយស្ដាប់ និងសួរនាំរឿងរ៉ាវនៅពីក្រោយគំនូររបស់កូនដោយក្ដីស្រឡាញ់និងការយល់ចិត្ត៕