កម្រិតកូឡេស្តេរ៉ុល ឬជាតិខ្លាញ់ក្នុងឈាមខ្ពស់ ត្រូវបានគេស្គាល់ថាជា «ឃាតករលាក់មុខ» មួយរូបទៀតនៅក្នុងរាងកាយ ព្រោះវាមិនសូវបញ្ចេញរោគសញ្ញាច្បាស់លាស់ភ្លាមៗឡើយ នៅពេលដែលវាចាប់ផ្តើមឡើងខ្ពស់ដំបូង។ មនុស្សភាគច្រើនដឹងខ្លួន លុះត្រាតែជាតិខ្លាញ់ទាំងនោះទៅកកស្ទះក្នុងសរសៃឈាមបង្កជាបញ្ហាធ្ងន់ធ្ងរទៅហើយ។
ទោះជាយ៉ាងណាក៏ដោយ រាងកាយរបស់យើងនៅតែផ្ដល់ជា «សញ្ញាព្រមាន» តូចៗមួយចំនួន ដែលយើងអាចសង្កេតដឹង ដើម្បីទៅពិនិត្យឈាមបានទាន់ពេលវេលា។ ខាងក្រោមនេះជាសញ្ញាសំខាន់ៗដែលអ្នកគួរយកចិត្តទុកដាក់៖
សញ្ញាព្រមាននៅលើរាងកាយដែលបញ្ជាក់ពីខ្លាញ់ក្នុងឈាមខ្ពស់
១. ដុះដុំខ្លាញ់លឿងៗនៅលើស្បែក
នេះជាសញ្ញាខាងក្រៅមួយដែលច្បាស់បំផុត។ អ្នកអាចសង្កេតឃើញមានដុំពកតូចៗពណ៌លឿង ឬពណ៌សាច់ ឡើងនៅលើស្បែក ជាពិសេសនៅម្ដុំត្របកភ្នែក (Xanthelasma) កែងដៃ ជង្គង់ ឬកែងជើង។ ដុំទាំងនេះគឺជាកាកសំណល់ខ្លាញ់ដែលរាងកាយយកទៅស្តុកទុកនៅក្រោមស្បែក ដោយសារតែវាមានបរិមាណច្រើនពេកនៅក្នុងឈាម។
២. មានវង់ពណ៌ស ឬប្រផេះជុំវិញប្រស្រីភ្នែក
ប្រសិនបើអ្នកសង្កេតមើលក្នុងកញ្ចក់ ហើយឃើញមានវង់វង់ពណ៌ស ពណ៌ប្រផេះ ឬពណ៌ខៀវស្រងាត់ ឡើងនៅជុំវិញរង្វង់ប្រស្រីភ្នែក (ផ្នែកពណ៌ខ្មៅ ឬត្នោតនៃភ្នែក) វាក៏អាចជាសញ្ញានៃការកកកុញជាតិខ្លាញ់ផងដែរ។ សម្រាប់មនុស្សចាស់ វាជារឿងធម្មតា ប៉ុន្តែសម្រាប់មនុស្សវ័យក្មេង ឬវ័យកណ្តាល វាជាសញ្ញាបង្ហាញថាមានកូឡេស្តេរ៉ុលខ្ពស់ខ្លាំង។
៣. អាការៈស្ពឹកស្រពន់ ឬត្រជាក់ចុងដៃចុងជើង
នៅពេលដែលកូឡេស្តេរ៉ុលអាក្រក់ (LDL) កកកុញនៅក្នុងសរសៃឈាម វានឹងធ្វើឱ្យសរសៃឈាមរួមតូច និងរឹង (Atheosclerosis) នាំឱ្យចរន្តឈាមរត់ទៅចិញ្ចឹមផ្នែកចុងដៃចុងជើងមិនបានល្អ។ កង្វះលំហូរឈាមនេះ បង្កឱ្យអ្នកមានអារម្មណ៍ថា ស្ពឹកៗ ឈឺឆៀបៗ ឬត្រជាក់នៅចុងដៃចុងជើងខុសធម្មតា។
៤. ងាយហត់ ដកដង្ហើមមិនដល់គ្នា ឬណែនទ្រូង
នៅពេលដែលសរសៃឈាមបេះដូងចាប់ផ្តើមត្បៀតដោយសារបន្ទះខ្លាញ់ បេះដូងត្រូវប្រឹងធ្វើការខ្លាំងជាងមុនដើម្បីច្របាច់ឈាម។ ហេតុនេះ ទោះបីជាអ្នកធ្វើសកម្មភាពស្រាលៗ ឬដើរបន្តិចបន្តួច ក៏មានអារម្មណ៍ថាហត់ខ្លាំង អស់កម្លាំងលឿន ឬមានអារម្មណ៍ថាណែនៗអួលៗនៅដើមទ្រូងដែរ។
៥. ឧស្សាហ៍វិលមុខ ធ្ងន់ក្បាល ឬចុកបរិវេណកញ្ចឹងក
ការកកស្ទះខ្លាញ់នៅក្នុងសរសៃឈាមរត់ទៅចិញ្ចឹមខួរក្បាល អាចធ្វើឱ្យលំហូរអុកស៊ីសែនទៅខួរក្បាលមានការថយចុះ។ វាស្តែងចេញជាអាការៈដូចជា ងងុយគេងខុសប្រក្រតី វង្វេងវង្វាន់ វិលមុខ ធ្ងន់ក្បាល ឬមានអារម្មណ៍ថាតឹងចុកនៅបរិវេណកញ្ចឹងក និងស្មាជាញឹកញាប់។