នៅក្នុងយុគសម័យបច្ចុប្បន្ន អាហារដែលមានរសជាតិប្លែកៗ ប្លែកភ្នែក និងដក់ជាប់ចិត្ត ភាគច្រើនត្រូវបានកែច្នៃឡើងដោយការបន្ថែមគ្រឿងផ្សំចម្បងៗបីមុខ គឺ «ប្រៃ ផ្អែម និងខ្លាញ់»។ រសជាតិទាំងបីនេះប្រៀបដូចជាមេដែកឆក់ទាញការចង់ចាំ និងការឃ្លានរបស់យើង ប៉ុន្តែប្រសិនបើយើងបណ្តោយខ្លួនឱ្យញ៉ាំវាហួសកម្រិតជារៀងរាល់ថ្ងៃ វានឹងក្លាយជាការចាក់ថ្នាំពុលសម្លាប់ខ្លួនឯងបន្តិចម្តងៗ ដោយមិនដឹងខ្លួន។
តើរស់ជាតិទាំងបីនេះ បំផ្លាញសរីរាង្គកាយរបស់យើងយ៉ាងដូចម្តេចខ្លះ?
១. រសជាតិ «ប្រៃ» (សូដ្យូមខ្ពស់)៖ បំផ្លាញតម្រងនោម និងសរសៃឈាម
ការញ៉ាំប្រៃពេក (ដូចជា ទឹកត្រី ទឹកស៊ីអ៊ីវ អាហារផ្អាប់ ជ្រក់ និងអាហារកែច្នៃ) ធ្វើឱ្យរាងកាយផ្ទុកជាតិសូដ្យូមច្រើនហួសប្រមាណ។
-យន្តការបំផ្លាញ៖ កាលណាជាតិសូដ្យូមក្នុងឈាមឡើងខ្ពស់ រាងកាយត្រូវទាញរក្សាទឹកទុកកាន់តែច្រើន ដែលធ្វើឱ្យបរិមាណឈាមកើនឡើង និងបង្កសម្ពាធយ៉ាងខ្លាំងទៅលើជញ្ជាំងសរសៃឈាម។
-គ្រោះថ្នាក់៖ វានឹងនាំឱ្យកើតជំងឺលើសឈាម ដែលជាឫសគល់នៃជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) និងធ្វើឱ្យតម្រងនោមខូច ព្រោះវាត្រូវធ្វើការធ្ងន់ធ្ងរពេកក្នុងការចម្រោះជាតិប្រៃចេញ។
២. រសជាតិ «ផ្អែម» (ជាតិស្ករហួសប្រមាណ)៖ ផ្លូវកាត់ទៅរកជំងឺទឹកនោមផ្អែម និងភាពចាស់ជាងវ័យ
ជាតិស្ករដែលទទួលបានពីភេសជ្ជៈផ្អែមៗ តែគុជ នំខេក ឬអាហារកែច្នៃ គឺជាថាមពលទទេ (Empty Calories) ដែលគ្មានសារធាតុចិញ្ចឹម។
-យន្តការបំផ្លាញ៖ នៅពេលញ៉ាំផ្អែមច្រើនពេក លំពែងត្រូវបង្ខំចិត្តបញ្ចេញអរម៉ូនអាំងស៊ុយលីន (Insulin) មកគ្រប់គ្រងជាតិស្ករ។ យូរៗទៅ កោសិការាងកាយនឹងលែងទទួលដឹង (Insulin Resistance)។
-គ្រោះថ្នាក់៖ វានឹងទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺធាត់ជ្រុល និងធ្វើឱ្យស្បែកឆាប់ជ្រីវជ្រួញ ព្រោះជាតិស្ករទៅបំផ្លាញកូឡាជែននៅក្នុងរាងកាយ។
៣. រសជាតិ «ខ្លាញ់» (ខ្លាញ់អាក្រក់ និងខ្លាញ់កែច្នៃ)៖ ស្ទះសរសៃឈាម និងគាំងបេះដូង
ខ្លាញ់ដែលគួរឱ្យខ្លាចបំផុតគឺ ខ្លាញ់សត្វ អាហារបំពងក្រៀមៗ និងខ្លាញ់កែច្នៃ (Trans Fat) ដែលមានក្នុងអាហាររហ័សទាន់ចិត្ត (Fast Food)។
-យន្តការបំផ្លាញ៖ ខ្លាញ់អាក្រក់ (LDL) នឹងទៅកកផ្តុំ និងតោងជាប់តាមជញ្ជាំងខាងក្នុងនៃសរសៃឈាម បង្កើតជាកំណកខ្លាញ់រឹង ដែលធ្វើឱ្យសរសៃឈាមរួមតូច និងបាត់បង់ភាពបត់បែន។
-គ្រោះថ្នាក់៖ វានឹងកាត់ផ្តាច់លំហូរឈាមដែលទៅចិញ្ចឹមបេះដូង និងខួរក្បាល បង្កឱ្យមានការគាំងបេះដូងស្រួចស្រាវ (Heart Attack) ឬស្លាប់មួយចំហៀងខ្លួនភ្លាមៗ។
សញ្ញាព្រមាន៖ ផលបូកនៃ «ប្រៃ + ផ្អែម + ខ្លាញ់»
នៅពេលធាតុទាំងបីនេះជួបគ្នា វានឹងបង្កើតជាសមកាលកម្មនៃជំងឺរ៉ាំរ៉ៃដែលវេជ្ជសាស្ត្រហៅថា “Metabolic Syndrome” (រោគសញ្ញាមេតាបូលីក) ដែលរួមមាន៖ ធាត់ដុះក្បាល លើសឈាម ជាតិស្ករខ្ពស់ និងខ្លាញ់ក្នុងឈាមខ្ពស់។ នេះជាកញ្ចប់ជំងឺដែលត្រៀមនឹងផ្ទុះឡើង និងអាចឆក់យកជីវិតរបស់អ្នកគ្រប់ពេល។
+វិធីដកខ្លួនចេញពីអន្ទាក់ឃាតកររសជាតិទាំងបី
ការស្រឡាញ់ខ្លួនឯង មិនមែនជាការបង្អត់អាហារនោះទេ ប៉ុន្តែគឺការចេះជ្រើសរើសរបបអាហារដែលមានតុល្យភាព៖
-អនុវត្តរូបមន្ត “កាត់បន្ថយបន្តិចម្តងៗ”៖ ប្រសិនបើមិនអាចឈប់ភ្លាមៗ ត្រូវព្យាយាមបន្ថយការថែមទឹកត្រី កាត់បន្ថយកម្រិតស្ករនៅក្នុងភេសជ្ជៈ (ឧទាហរណ៍៖ កុម្ម៉ង់ស្ករត្រឹម ៣០% ឬ ៥០%) និងប្តូរពីអាហារបំពងមកជាអាហារស្ងោរ ឆៅ ឬដុតវិញ។
-អានស្លាកសញ្ញាអាហារ (Nutrition Facts)៖ មុននឹងទិញអាហារកែច្នៃ ឬភេសជ្ជៈ គួរពិនិត្យមើលបរិមាណសូដ្យូម ជាតិស្ករ និងខ្លាញ់ជានិច្ច។
-ញ៉ាំអាហារធម្មជាតិ (Whole Foods)៖ បង្កើនការញ៉ាំបន្លែ ផ្លែឈើស្រស់ និងសាច់សុទ្ធដែលមិនឆ្លងកាត់ការកែច្នៃច្រើន ដើម្បីជួយបន្សាប និងបណ្តេញជាតិពុលចេញពីរាងកាយ។