យោងតាមការសិក្សាថ្មីពីសាកលវិទ្យាល័យ UCL (អង់គ្លេស) និងសាកលវិទ្យាល័យ Sydney (អូស្ត្រាលី) បានបង្ហាញថា ការបន្ថែមសកម្មភាពរាងកាយខ្លាំងៗត្រឹមតែ ៥ នាទីក្នុងមួយថ្ងៃ អាចជួយគ្រប់គ្រងសម្ពាធឈាមបានយ៉ាងប្រសើរ។
តាមរយៈការវិភាគលើមនុស្សជិត ១៥,០០០ នាក់ អ្នកស្រាវជ្រាវបានរកឃើញថា ការដូរពីសកម្មភាពអង្គុយស្ងៀម ឬដើរយឺតៗ មកជាការហាត់ប្រាណខ្លាំងក្នុងរយៈពេលខ្លីដូចជា ការដើរឡើងជណ្តើរ ការជិះកង់ ឬការរត់មួយភ្លែត អាចជួយកាត់បន្ថយសម្ពាធឈាមទាំងស៊ីស្តូលិក និងដ្យាស្តូលិកបាន។ ទោះបីជាតួលេខនៃការថយចុះនេះហាក់ដូចជាតិចតួច ប៉ុន្តែសម្រាប់កម្រិតសុខភាពសាធារណៈ ការថយចុះសម្ពាធឈាមត្រឹមតែបន្តិចបន្តួច ក៏អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលបានដល់ទៅ ១០%។
ដូច្នេះ ប្រសិនបើអ្នករវល់ខ្លាំង គ្រាន់តែឆ្លៀតពេលដើរឡើងជណ្តើរ ឬរត់តិចៗជំនួសឱ្យការអង្គុយសម្រាក ក៏ជាជំហានដ៏សំខាន់មួយក្នុងការការពារសុខភាព និងអាយុជីវិតរបស់អ្នកផងដែរ៕