ជំងឺរលាកក្រពះ ឬដំបៅក្រពះ គឺជាបញ្ហាសុខភាពទូទៅមួយដែលប្រជាពលរដ្ឋកម្ពុជាយើងភាគច្រើនតែងតែជួបប្រទះ ដោយសារទម្លាប់នៃការរស់នៅ ការញ៉ាំអាហារមិនទៀងពេល ឬភាពតានតឹងក្នុងអារម្មណ៍ (ស្រ្តេស)។ ភាពស៊ាំទៅនឹងជំងឺនេះ បានធ្វើឱ្យមនុស្សជាច្រើនមានទម្លាប់ទិញថ្នាំលេបដោយខ្លួនឯង ដោយមិនបានដឹងឡើយថា រោគសញ្ញាមួយចំនួនដែលមើលទៅដូចជា «ជំងឺក្រពះធម្មតា» នោះ អាចជាសញ្ញាព្រមានដំបូងៗនៃ «ជំងឺមហារីកក្រពះ និងពោះវៀន» ទៅវិញទេ។
ការរកឃើញ និងព្យាបាលតាំងពីដំណាក់កាលដំបូង គឺជាកត្តាកំណត់រវាងជីវិត និងសេចក្តីស្លាប់។ ខាងក្រោមនេះជារោគសញ្ញាគន្លឹះដែលអ្នកមិនត្រូវមើលរំលង និងបំភាន់ឡើយ៖
1. ណែនពោះ ហើមពោះ ឬឆាប់ឆ្អែតខុសធម្មតា
មនុស្សជាច្រើនតែងគិតថា ការណែនពោះ ឬភើមកាត់ៗក្រោយញ៉ាំអាហារ រួមទាំងការមានអារម្មណ៍ថា «ឆ្អែតទោះបីជាញ៉ាំបានបន្តិចបន្តួច» គឺបណ្តាលមកពីការមិនរលាយអាហារ ឬមានខ្យល់ក្នុងក្រពះ។ ប៉ុន្តែ នៅក្នុងករណីមហារីកក្រពះដំបូងៗ ដុំសាច់អាចនឹងចាប់ផ្តើមលូតលាស់រារាំងផ្លូវអាហារ ឬធ្វើឱ្យជញ្ជាំងក្រពះបាត់បង់ភាពយឺត ដែលបណ្តាលឱ្យអ្នកមានអារម្មណ៍ថាណែន និងឆាប់ឆ្អែតលឿនខុសពីធម្មតា។
2. ឈឺចុកចាប់នៅតំបន់ចុងដង្ហើម ឬពោះវៀនមិនបាត់សោះ
ការឈឺចុកៗ ឬក្រហាយនៅតំបន់ចុងដង្ហើម តែងតែត្រូវបានគេទម្លាក់កំហុសទៅលើជំងឺរលាកក្រពះ។ អ្វីដែលខុសគ្នានោះគឺ៖ ប្រសិនបើជាជំងឺក្រពះធម្មតា ក្រោយពេលលេបថ្នាំការពារក្រពះ ឬផ្លាស់ប្តូររបបអាហារ អាការៈឈឺចាប់នឹងអន់ថយ ឬបាត់ទៅវិញ។ ផ្ទុយទៅវិញ បើវាជាសញ្ញានៃជំងឺមហារីក ការឈឺចាប់នោះនឹងកើតឡើងរ៉ាំរ៉ៃ មិនព្រមបាត់ទោះបីជាលេបថ្នាំក្រពះអស់ជាច្រើនប្រអប់ក៏ដោយ ហើយការឈឺចាប់អាចនឹងកើនឡើងខ្លាំងនៅពេលយប់។
3. ស្រកទម្ងន់ខុសប្រក្រតី ដោយគ្មានមូលហេតុ
ការស្រកទម្ងន់លឿន និងគួរឱ្យកត់សម្គាល់ (ឧទាហរណ៍៖ ស្រកលើសពី ៥% នៃទម្ងន់ខ្លួនក្នុងរយៈពេលប៉ុន្មានខែ) ដោយអ្នកមិនបានធ្វើការតមអាហារ ឬហាត់ប្រាណសម្រកទម្ងន់នោះឡើយ គឺជាសញ្ញាព្រមានដ៏ធំបំផុតមួយនៃជំងឺមហារីក។ កោសិកាមហារីកតែងតែដណ្តើមយកថាមពល និងសារធាតុចិញ្ចឹមពីរាងកាយ ម្យ៉ាងវិញទៀត វាក៏បញ្ចេញសារធាតុម្យ៉ាងដែលធ្វើឱ្យអ្នកជំងឺបាត់បង់ចំណង់អាហារផងដែរ។
4. លាមកមានពណ៌ខ្មៅ ឬមានឈាមបន្លំ
នេះជាសញ្ញាគន្លឹះដែលបញ្ជាក់ពីការហូរឈាមក្នុងប្រព័ន្ធរំលាយអាហារ៖
–មហារីកក្រពះ៖ ឈាមដែលហូរចេញពីក្រពះនឹងត្រូវកាត់រំលាយដោយអាស៊ីត ធ្វើឱ្យលាមកដែលមកមាន ពណ៌ខ្មៅដូចជ័រលុះ ឬមានក្លិនឆ្អាតខ្លាំង។
–មហារីកពោះវៀន៖ អ្នកអាចនឹងសង្កេតឃើញមានឈាមស្រស់ ឬឈាមក្រម៉ៅលាយឡំជាមួយលាមក ឬមានទឹករំអិលបន្លំមកជាមួយ។ មនុស្សភាគច្រើនតែងច្រឡំសញ្ញានេះទៅនឹង «ជំងឺឫសដូងបាត» ហើយទុកចោលរហូតដល់ហួសពេល។
5. ការប្រែប្រួលទម្លាប់នៃការបន្ទោរបង់ (សញ្ញាដាច់ដោយឡែកនៃមហារីកពោះវៀន)
ប្រសិនបើអ្នកសង្កេតឃើញថា ទម្លាប់នៃការបន្ទោរបង់របស់អ្នកប្រែប្រួលខុសពីមុនភ្លាមៗ ដូចជា៖ ជួបប្រទះការទល់លាមករ៉ាំរ៉ៃ ឆ្លាស់គ្នាជាមួយការរាគរូសដោយគ្មានមូលហេតុ ឬមានអារម្មណ៍ថាបត់ជើងធំហើយនៅតែមិនអស់ពោះ (ចង់ទៅទៀត) ព្រមទាំងទំហំនៃដុំលាមកប្រែជាតូចឆ្មារជាងមុន នេះជាសញ្ញាថាដុំសាច់ក្នុងពោះវៀនកំពុងតែរីកធំ និងធ្វើឱ្យត្បៀតផ្លូវលាមកហើយ។
6. អស់កម្លាំងល្ហិតល្ហៃ និងស្លេកស្លាំងរ៉ាំរ៉ៃ
ការហូរឈាមតិចៗជាប្រចាំពីដុំសាច់នៅក្នុងក្រពះ ឬពោះវៀន ដែលយើងមិនអាចមើលឃើញដោយភ្នែកទទេ (Occult Blood) នឹងបណ្តាលឱ្យអ្នកជំងឺធ្លាក់ចូលក្នុងស្ថានភាព «ស្លេកស្លាំងដោយសារខ្វះជាតិដែក»។ អ្នកជំងឺនឹងមានអាការៈស្បែកស្លេកបបូរមាត់ស្លេក ឆាប់ហត់ អស់កម្លាំងល្ហិតល្ហៃ ទោះបីជាមិនបានធ្វើការធ្ងន់ក៏ដោយ។
សារដាស់តឿនសុខភាព៖ ប្រសិនបើអ្នក ឬសមាជិកគ្រួសារ មានរោគសញ្ញាណាមួយខាងលើកើតឡើង លើសពី ២ សប្តាហ៍ ហើយលេបថ្នាំក្រពះមិនធូរស្រាលសោះ សូមកុំបង្អង់ពេល ឬទិញថ្នាំលេបបន្តទៀតអី។