យោងតាមការចុះផ្សាយពីប្រភពបរទេស កីឡាតិន្នីសមិនត្រឹមតែជាកីឡាដ៏សប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាលំហាត់ប្រាណបែប Aerobic ដ៏ល្អបំផុតមួយសម្រាប់ពង្រឹងសុខភាពបេះដូង និងសួតឱ្យធ្វើការកាន់តែសកម្ម។
តាមរយៈការកម្រើកខ្លួនជាប់លាប់លើទីលាន ការលេងកីឡានេះជួយឱ្យចង្វាក់បេះដូងមានភាពរឹងមាំ និងបង្កើនការដុតបំផ្លាញថាមពលក្នុងរាងកាយ។ ក្រៅពីអត្ថប្រយោជន៍ចំពោះបេះដូង តិន្នីសក៏បានជួយឱ្យសុខភាពផ្លូវចិត្តកាន់តែប្រសើរឡើង ដោយការសិក្សាបានបង្ហាញថាអ្នកលេងជាប្រចាំមានអត្រារោគសញ្ញានៃជំងឺបាក់ទឹកចិត្តទាបជាងអ្នកមិនលេងរហូតដល់ ៦០%។ ការលេងកីឡានេះជួយជំរុញឱ្យរាងកាយបញ្ចេញអ័រម៉ូនរីករាយដែលកាត់បន្ថយភាពតានតឹង រួមផ្សំជាមួយការតភ្ជាប់ទំនាក់ទំនងសង្គម និងការហ្វឹកហាត់ខួរក្បាលតាមរយៈការគិតយុទ្ធសាស្ត្ររហ័ស។
ដើម្បីទទួលបានប្រសិទ្ធភាពនេះដោយសុវត្ថិភាព អ្នកគួរចាប់ផ្តើមដោយការកម្តៅសាច់ដុំឱ្យបានល្អ និងពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើអ្នកមានបញ្ហាប្រឈមនឹងការឈឺសន្លាក់៕