ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃមួយប្រភេទដែលមនុស្សភាគច្រើនតែងតែគិតថា លុះត្រាតែ «នោមមកមានស្រមោចរោម» ទើបជាសញ្ញាបញ្ជាក់ថាឈឺ។ ប៉ុន្តែ នេះជាការយល់ច្រឡំដ៏គ្រោះថ្នាក់បំផុត ព្រោះនៅពេលដែលស្រមោចរោមទឹកនោមមានន័យថា ជាតិស្ករក្នុងឈាមរបស់អ្នកបានហក់ឡើងខ្ពស់ខ្លាំងហួសកម្រិត និងអាចឈានចូលដល់ដំណាក់កាលបង្កផលវិបាកបាត់ទៅហើយ។
ប្រសិនបើអ្នក ឬមនុស្សជុំវិញខ្លួនស្រាប់តែមានអាការៈ «ស្រវាំងភ្នែក និងស្រេកទឹកខុសធម្មតា» ចូរប្រយ័ត្នស្តាយក្រោយ! ព្រោះនេះជាសញ្ញាព្រមានច្បាស់ៗ និងទាន់ហន់បំផុតដែលរាងកាយរបស់អ្នកកំពុងតែប្រកាសអាសន្នពីរលកនៃជំងឺទឹកនោមផ្អែម។
១. ហេតុអ្វីបានជាជំងឺទឹកនោមផ្អែមធ្វើឱ្យ «ស្រវាំងភ្នែក»?
មនុស្សជាច្រើននៅពេលមានអាការៈស្រវាំងភ្នែក តែងតែគិតភ្លាមទៅដល់បញ្ហាឡើងកម្រិតកែវភ្នែក ឬភ្នែកឡើងបាយ រួចក៏រត់ទៅកាត់វែនតា។ ប៉ុន្តែ ធាតុពិតការស្រវាំងភ្នែកដែលកើតឡើងភ្លាមៗ ឬពិបាកមើលវត្ថុជុំវិញខ្លួនឱ្យច្បាស់ បណ្តាលមកពី៖
-កោសិកាកែវភ្នែកហើម៖ នៅពេលដែលជាតិស្ករនៅក្នុងសរសៃឈាមឡើងខ្ពស់ពេក វានឹងទាញយកជាតិទឹកពីកោសិកាជុំវិញ បណ្តាលឱ្យកែវភ្នែក (Lens) របស់អ្នកប្រែប្រួលទម្រង់ និងហើម។ ការប្រែប្រួលរូបរាងកែវភ្នែកនេះ ធ្វើឱ្យសមត្ថភាពនៃការចាប់កំណែរូបភាពចុះខ្សោយ ញ៉ាំងឱ្យភ្នែកមើលឃើញស្រវាំងៗអាប់ៗ។
-គ្រោះថ្នាក់យូរអង្វែង៖ ប្រសិនបើបណ្តោយឱ្យជាតិស្ករខ្ពស់បែបនេះក្នុងរយៈពេលវែង វានឹងទៅបំផ្លាញសរសៃឈាមតូចៗនៅបាតភ្នែក (Diabetic Retinopathy) ដែលអាចឈានទៅរកការងងឹតភ្នែកជាអចិន្ត្រៃយ៍។
២. ហេតុអ្វីបានជាស្រាប់តែ «ស្រេកទឹកខុសធម្មតា»?
អារម្មណ៍ស្រេកទឹកដោយសារជំងឺទឹកនោមផ្អែម មិនមែនជាការស្រេកទឹកធម្មតាក្រោយពេលធ្វើការហត់ ឬអាកាសធាតុក្តៅនោះទេ វាជាការស្រេកទឹកខ្លាំង ទោះជាខំញ៉ាំទឹកប៉ុន្មានលីត្រក៏នៅតែស្ងួតក, ស្ងួតមាត់ មិនបាត់ឡើយ។ មូលហេតុគឺ៖
-តម្រងនោមធ្វើការធ្ងន់ហួសកម្រិត៖ នៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ពេក តម្រងនោមមិនអាចស្រូបយកជាតិស្ករទាំងនោះត្រឡប់មកវិញបានឡើយ ដូច្នេះវាក៏ត្រូវបង្ខំចិត្តបណ្តេញជាតិស្ករចោលតាមទឹកនោម។
-រាងកាយខ្សោះជាតិទឹក៖ នៅក្នុងដំណើរការបណ្តេញជាតិស្ករនេះ តម្រងនោមត្រូវទាញយកជាតិទឹក និងជាតិរ៉ែពីសាច់ដុំ និងកោសិកាផ្សេងៗក្នុងរាងកាយទៅជាមួយ បណ្តាលឱ្យអ្នក «នោមញឹកញាប់» (ជាពិសេសនៅពេលយប់)។ នៅពេលរាងកាយបាត់បង់ជាតិទឹកកាន់តែច្រើន ខួរក្បាលនឹងបញ្ជាសញ្ញាប្រកាសអាសន្នភ្លាមៗ ធ្វើឱ្យអ្នកមានអារម្មណ៍ស្រេកទឹកខ្លាំងជាបន្តបន្ទាប់។
សញ្ញាព្រមានអមផ្សេងទៀត ដែលត្រូវផ្ទៀងផ្ទាត់
ប្រសិនបើអាការៈស្រវាំងភ្នែក និងស្រេកទឹករបស់អ្នក កើតឡើងទន្ទឹមនឹងសញ្ញាគន្លឹះទាំងនេះ នោះឱកាសដែលអ្នកមានជំងឺទឹកនោមផ្អែមគឺស្ទើរតែ ៩០% ទៅហើយ៖
– ស្រកទម្ងន់ខុសធម្មតា៖ ញ៉ាំច្រើនជាងមុន ឃ្លានខ្លាំងជាងមុន ប៉ុន្តែទម្ងន់បែរជាស្រកចុះលឿនខុសធម្មតា។
–អស់កម្លាំង ល្វើយៗ៖ ទោះបីជាគេងគ្រប់គ្រាន់ ក៏គ្មានកម្លាំងកំហែងធ្វើការងារដែរ ព្រោះរាងកាយមិនអាចបំប្លែងជាតិស្ករទៅជាថាមពលបាន។
–ដំបៅ ឬរបួសក្រសះជា៖ មានដំបៅតូចតាច ឬដាច់រលាត់ស្បែក ប៉ុន្តែប្រើពេលរាប់សប្តាហ៍ ឬរាប់ខែក៏មិនងាយសះស្បើយ។
កុំបណ្តោយឱ្យអាការៈ «ស្រវាំងភ្នែក» ក្លាយជាការខូចខាតសរសៃបាតភ្នែក និងកុំបណ្តោយឱ្យ «ស្រេកទឹក» វិវត្តទៅជាវិបត្តិខូចតម្រងនោម ទើបចាប់ផ្តើមស្តាយក្រោយ និងរត់រកគ្រូពេទ្យ ។ ចូរយកចិត្តទុកដាក់លើសញ្ញាព្រមានតូចតាចរបស់រាងកាយ និងធ្វើការពិនិត្យសុខភាពឱ្យបានទៀងទាត់ ដើម្បីរក្សាសុភមង្គល និងសុខភាពដ៏រឹងមាំសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ!