ការឈឺក្បាល គឺជារោគសញ្ញាទូទៅមួយដែលមនុស្សស្ទើរតែគ្រប់គ្នាធ្លាប់ជួបប្រទះ ដែលភាគច្រើនបណ្តាលមកពីការស្ត្រេស គេងមិនគ្រាន់ ឬជំងឺចំណាកស្រឡាយ (Migraine)។ ប៉ុន្តែ ក្នុងករណីខ្លះ ការឈឺក្បាលមិនមែនជារឿងធម្មតាឡើយ វាអាចជា «សញ្ញាព្រមានដំបូង» នៃជំងឺដុំសាច់ក្នុងខួរក្បាល (Brain Tumor)។
ដើម្បីការពារ និងសង្គ្រោះជីវិតបានទាន់ពេលវេលា នេះជាការរៀបរាប់ពីលក្ខណៈពិសេសនៃការឈឺក្បាល ដែលអ្នកមិនត្រូវមើលរំលងដាច់ខាត៖
សញ្ញាគ្រោះថ្នាក់៖ ឈឺក្បាល ៥ ប្រភេទ ដែលអាចជាដុំសាច់ក្នុងខួរក្បាល
ប្រសិនបើអ្នក ឬមនុស្សជុំវិញខ្លួនមានអាការៈឈឺក្បាលដែលមានលក្ខណៈដូចខាងក្រោម គួរប្រញាប់ទៅជួបគ្រូពេទ្យឯកទេសដើម្បីពិនិត្យជាបន្ទាន់៖
១. ឈឺខ្លាំងនៅពេលព្រឹកព្រលឹម ឬពេលយប់
ការឈឺក្បាលដែលបណ្តាលមកពីដុំសាច់ ច្រើនតែធ្វើទុក្ខខ្លាំងនៅពេលដែលអ្នកទើបតែភ្ញាក់ពីគេង ឬនៅពាក់កណ្តាលអធ្រាត្រ រហូតដល់ថ្នាក់ធ្វើឱ្យអ្នកភ្ញាក់ពីគេងទាំងស្រុតស្មារតី។ នេះដោយសារតែនៅពេលយើងគេងដេក សម្ពាធឈាម និងទឹកនៅក្នុងខួរក្បាលមានការកើនឡើង រួមផ្សំនឹងទំហំដុំសាច់ដែលទៅសង្កត់កោសិកាខួរក្បាល។
២. ឈឺកាន់តែខ្លាំងឡើងៗជាលំដាប់
ខុសពីការឈឺក្បាលធម្មតាដែលបាត់ទៅវិញក្រោយពេលសម្រាក ឬលេបថ្នាំបំបាត់ការឈឺចាប់។ ការឈឺក្បាលដោយសារដុំសាច់ គឺមានសន្ទុះខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ និងមិនងាយស្រាលឡើយ ទោះបីជាលេបថ្នាំបំបាត់ការឈឺចាប់ក៏ដោយ។
៣. ឈឺរួមផ្សំនឹងការក្អួតចង្អោរ (ដោយគ្មានមូលហេតុ)
ប្រសិនបើអ្នកឈឺក្បាលផង និងមានអាការៈចង់ក្អួត ឬក្អួតចុកឈាមមកភ្លាមៗ ដោយមិនមានទាក់ទងនឹងជំងឺពោះវៀន ឬពុលចំណីអាហារឡើយ នេះជាសញ្ញាបញ្ជាក់ថា សម្ពាធក្នុងលលាដ៍ក្បាល (Intracranial Pressure) កំពុងតែកើនឡើងខ្លាំង។
៤. ឈឺក្បាលកាន់តែខ្លាំងនៅពេលក្អក កណ្តាស់ ឬឱន
នៅពេលដែលអ្នកក្អក កណ្តាស់ ឱនក្បាលចុះក្រោម ឬប្រឹងធ្វើការធ្ងន់ ហើយមានអារម្មណ៍ថា ក្បាលរបស់អ្នកឈឺខ្ទោកៗខ្លាំងជាងមុនភ្លាមៗ នោះវាអាចជាសញ្ញាបង្ហាញថា មានដុំសាច់កំពុងរារាំងលំហូរទឹកក្នុងខួរក្បាល។
៥. ឈឺក្បាលអមដោយ «រោគសញ្ញាប្រព័ន្ធប្រសាទ» ផ្សេងៗ
នេះជាសញ្ញាប្រកាសអាសន្នដ៏សំខាន់បំផុត។ ប្រសិនបើការឈឺក្បាលរបស់អ្នក កើតឡើងទន្ទឹមនឹង៖
-ភ្នែកស្រវាំង មើលឃើញរូបបែកជាពីរ ឬស្រវាំងមួយចំហៀង
-មានអារម្មណ៍ទន់ដៃ ទន់ជើង ឬស្ពឹកមួយចំហៀងខ្លួន
-និយាយមិនច្បាស់ វង្វេងវង្វាន់ ឬមានការប្រែប្រួលបុគ្គលិកលក្ខណៈភ្លាមៗ
-មានអាការៈប្រកាច់ (ទោះបីជាមិនធ្លាប់មានប្រវត្តិប្រកាច់ពីមុនមកក៏ដោយ)