អាការៈ ចុកក និង រោយចង្កេះ ក្នុងពេលតែមួយ គឺជាបញ្ហាទូទៅដែលអាចកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសអ្នកដែលធ្វើការការិយាល័យ ឬអ្នកដែលត្រូវអង្គុយយូរៗ។ ឆ្អឹងក និងឆ្អឹងចង្កេះ គឺជាផ្នែកពីរនៃតម្រង់ជួរឆ្អឹងខ្នង ដែលផ្ទុកទម្ងន់ និងចលនារបស់រាងកាយ ដូច្នេះនៅពេលផ្នែកណាមួយមានបញ្ហា វាអាចជះឥទ្ធិពលដល់គ្នាទៅវិញទៅមក ។
ខាងក្រោមនេះជាមូលហេតុចម្បងៗដែលបណ្តាលឱ្យមានអាការៈនេះ៖
១. ទម្លាប់ឥរិយាបថមិនត្រឹមត្រូវ
នេះជាមូលហេតុញឹកញាប់បំផុត៖
–ការសម្លឹងមើលទូរស័ព្ទ ឬកុំព្យូទ័រឱនក្បាលចុះក្រោមយូរពេក (ទម្លាប់នេះបង្កើតសម្ពាធយ៉ាងខ្លាំងលើសាច់ដុំក និងឆ្អឹងខ្នង)។
–ការអង្គុយខុសទម្រង់ ដូចជា អង្គុយទ្រោបខ្លួន អង្គុយទម្រេត ឬកោងខ្នង ដែលធ្វើឱ្យសាច់ដុំក និងចង្កេះត្រូវប្រឹងទប់ទម្ងន់ខុសធម្មតា។
២. ការឡើងរឹង ឬរលាកសាច់ដុំ
–កើតឡើងដោយសារការប្រើប្រាស់សាច់ដុំខ្លាំងពេក ការលើករបស់ធ្ងន់ខុសបច្ចេកទេស ឬការធ្វើចលនាខុសទំនងភ្លាមៗ។
–ការគេងលើពូក ឬខ្នើយដែលទន់ពេក ឬរឹងពេក ក៏អាចធ្វើឱ្យសាច់ដុំក និងចង្កេះប្រឹងទាំងយប់ បណ្តាលឱ្យចុកស្រពន់ពេលភ្ញាក់ពីគេង។
៣. បញ្ហាទាក់ទងនឹងឆ្អឹងខ្នង
–ការសឹក ឬលានទ្រនាប់ឆ្អឹងខ្នង (Herniated/Degenerative Disc)៖ នៅពេលទ្រនាប់ឆ្អឹងនៅតំបន់ក ឬចង្កេះមានការសឹក ឬលានទៅសង្កត់លើសរសៃប្រសាទ វានឹងបង្កជាការឈឺចាប់ខ្លាំង។
–ជំងឺសឹកសន្លាក់ឆ្អឹងខ្នង (Spondylosis)៖ ច្រើនកើតលើមនុស្សវ័យកណ្តាល ឬវ័យចំណាស់ ដែលធ្វើឱ្យមានការចុកស្រពន់រ៉ាំរ៉ៃ។
៤. ស្រ្តេស និងការតានតឹងអារម្មណ៍
–នៅពេលអ្នកមានអារម្មណ៍ធុញថប់ ឬស្រ្តេស រាងកាយនឹងបញ្ចេញអរម៉ូនដែលធ្វើឱ្យសាច់ដុំនៅតំបន់ក ស្មា និងចង្កេះឡើងរឹងដោយមិនដឹងខ្លួន ដែលបង្កទៅជាការចុកអួលៗរ៉ាំរ៉ៃ។
៥. កង្វះលំហាត់ប្រាណ និងការធ្វើចលនា
–ការអង្គុយមួយកន្លែងលើសពី ២-៣ ម៉ោងដោយមិនបានដើរ ឬពត់ពែនខ្លួន ធ្វើឱ្យឈាមរត់មិនបានល្អ និងធ្វើឱ្យសរសៃសាច់ដុំឡើងរឹង។
វិធីជួយសម្រាលអាការៈបឋមដោយខ្លួនឯង៖
–ផ្លាស់ប្តូរឥរិយាបថ៖ អង្គុយឱ្យត្រង់ខ្លួន ដាក់កុំព្យូទ័រឱ្យស្មើនឹងកម្រិតភ្នែក ហើយឧស្សាហ៍ងើបឈរ ឬដើររៀងរាល់ ៤៥ នាទីម្តង។
–ធ្វើការស្អំ៖ បើទើបតែចុកខ្លាំងភ្លាមៗ គួរបិទកាវបិទ ឬស្អំទឹកកក (រយះពេល ២៤-៤៨ ម៉ោងដំបូង)។ បើចុកស្រពន់រ៉ាំរ៉ៃយូរថ្ងៃ គួរស្អំទឹកក្តៅឧណ្ហៗ ដើម្បីជួយឱ្យសាច់ដុំធូរស្រាល និងឈាមរត់បានល្អ។
–ពត់ពែនខ្លួនថ្នមៗ (Stretching)៖ ធ្វើលំហាត់ប្រាណពត់ក និងពត់ចង្កេះតិចៗ ដើម្បីកាត់បន្ថយការឡើងរឹងសរសៃ។
ពេលណាដែលត្រូវទៅជួបគ្រូពេទ្យ? បើសិនជាអាការៈចុកក និងរោយចង្កេះនេះ មិនបាត់សោះលើសពី ២ សប្តាហ៍ ឬមានរោគសញ្ញារួមផ្សំដូចជា ៖ មានអារម្មណ៍ផ្សា ស្ពឹក ឬទន់ដៃជើង, ឈឺរាលចុះទៅគូទ និងជើង (Sciatica) ឬឈឺខ្លាំងនៅពេលយប់ គប្បីទៅជួបគ្រូពេទ្យជំនាញផ្នែកឆ្អឹង និងសន្លាក់ ដើម្បីថតពិនិត្យ (X-ray ឬ MRI) និងព្យាបាលឱ្យបានត្រឹមត្រូវ។