ជំងឺរលាកក្រពះ ឬដំបៅក្រពះ គឺជាបញ្ហាសុខភាពទូទៅមួយដែលមនុស្សសម័យថ្មីសឹងតែគ្រប់គ្នាតែងតែជួបប្រទះ ដោយសារតែទម្លាប់នៃការរស់នៅ ការញ៉ាំអាហារមិនទៀងពេល និងសម្ពាធស្ត្រេសពីការងារ។ មនុស្សភាគច្រើនតែងតែគិតថា «គ្រាន់តែឈឺក្រពះធម្មតាតាសើ ញ៉ាំថ្នាំបន្តិចបន្តួច ឬភើចេញមកក៏បាត់ទៅវិញហើយ»។
ប៉ុន្តែ ការព្រងើយកន្តើយ និងការបណ្តោយឱ្យរលាកក្រពះរ៉ាំរ៉ៃរាប់ឆ្នាំ គឺជាការបើកផ្លូវស្ងាត់ៗឱ្យកោសិកាក្រពះប្រែប្រួល រហូតវិវត្តទៅជា «មហារីកក្រពះ» ដែលជាឃាតករលាក់មុខដ៏សាហាវបំផុតមួយ។ តើធ្វើដូចម្តេចទើបយើងអាចដឹងថា អាការៈឈឺក្រពះរបស់យើងកំពុងតែឈានទៅរកដំណាក់កាលគ្រោះថ្នាក់?
វិធីសង្កេតសញ្ញាព្រមាន៖ ពីជំងឺក្រពះធម្មតា ទៅជាសញ្ញាអាសន្នមហារីក
ចូរប្រុងប្រយ័ត្ន និងប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ប្រសិនបើអ្នកមានអាការៈ «ឈឺក្រពះ» អមដោយសញ្ញាព្រមានទាំងនេះ៖
-ឈាម ឬបត់ជើងធំមានពណ៌ខ្មៅ (Melena)៖ នេះជាសញ្ញាព្រមានធ្ងន់ធ្ងរ ដែលបញ្ជាក់ថាមានការហូរឈាមនៅក្នុងក្រពះ។ នៅពេលឈាមជួបជាមួយអាស៊ីតក្រពះ វានឹងប្រែជាពណ៌ខ្មៅស្រអាប់ដូចកាកកាហ្វេ ធ្វើឱ្យលាមកមានពណ៌ខ្មៅខុសប្រក្រតី។
-ស្រកទម្ងន់លឿនដោយគ្មានមូលហេតុ៖ ប្រសិនបើអ្នកមិនបានតមអាហារ ឬហាត់ប្រាណសម្រកទម្ងន់ទាល់តែសោះ តែទម្ងន់ស្រាប់តែធ្លាក់ចុះលឿនខុសធម្មតា អមដោយការមិនចង់ញ៉ាំបាយ (បាត់បង់ចំណង់អាហារ) នោះជាសញ្ញាគួរឱ្យសង្ស័យខ្លាំង។
-លេបអាហារមិនចូល ឬស្លាក់ត្រង់ក ៖ មានអារម្មណ៍ថាអាហារទើរត្រង់ក ឬពិបាកលេបចូលទៅក្នុងពោះ ទោះបីជាអាហារនោះទន់ ឬជាទឹកក៏ដោយ ដែលនេះអាចមកពីមានដុំសាច់ដុះរាំងស្ទះផ្លូវអាហារ។
-ឆាប់ឆ្អែតខុសធម្មតា ៖ ញ៉ាំបាយបានតែ ២-៣ ម៉ាត់ ស្រាប់តែមានអារម្មណ៍ថាណែនពោះ ឆ្អែតស្ទះ ដូចជាញ៉ាំបាយពេញមួយឆ្នាំង។ វាអាចមកពីដុំសាច់បំពេញកន្លែងទំនេរនៅក្នុងក្រពះ។
-ក្អួតចង្អោររ៉ាំរ៉ៃមិនព្រមបាត់៖ តែងតែមានអារម្មណ៍ចង់ក្អួតរាល់ពេលញ៉ាំអាហាររួច ឬក្អួតចេញមកមានលាយឈាមស្រស់ ឬឈាមខ្មៅៗ។
-ស្លេកស្លាំង អស់កម្លាំងល្ហិតល្ហៃ៖ បណ្តាលមកពីការបាត់បង់ឈាមតិចៗពីដំបៅក្រពះ ឬដុំសាច់ក្នុងក្រពះរាល់ថ្ងៃដោយមិនដឹងខ្លួន ធ្វើឱ្យរាងកាយខ្វះគ្រាប់ឈាមក្រហម។
តើអ្វីខ្លះដែលធ្វើឱ្យរលាកក្រពះវិវត្តទៅជាមហារីក?
-ការឆ្លងមេរោគម៉ាស៊ីនក្រពះ (H. Pylori)៖ នេះជាមូលហេតុចម្បងបំផុត។ មេរោគបាក់តេរីប្រភេទនេះរស់នៅក្នុងក្រពះ ហើយបង្កការរលាករ៉ាំរ៉ៃ បំផ្លាញស្រទាប់ការពារក្រពះ និងជម្រុញឱ្យកោសិកាក្លាយជាមហារីក បើមិនបានព្យាបាលសម្លាប់មេរោគនេះឱ្យដាច់ដោយថ្នាំផ្សះ។
-ការបរិភោគអាហារផ្អាប់ និងប្រៃពេក ៖ អាហារផ្អាប់ ត្រីប្រឡាក់ ម៉ាំ ផ្អក ឬអាហារដែលមានសារធាតុគីមីរក្សាទុកបានយូរ បង្កើនហានិភ័យមហារីកក្រពះខ្ពស់។
-ការជក់បារី និងសេពគ្រឿងស្រវឹង៖ ជាតិអាល់កុល និងជាតិពុលពីបារី បំផ្លាញកោសិកាស្រទាប់ខាងក្នុងនៃក្រពះផ្ទាល់តែម្តង។
+វិធានការការពារទាន់ពេលវេលា៖ ថែរក្សាក្រពះឱ្យមានសុវត្ថិភាព
ដើម្បីកាត់ផ្តាច់ឫសគល់នៃជំងឺមហារីកក្រពះ ចូរចាប់ផ្តើមអនុវត្តទម្លាប់ល្អៗទាំងនេះចាប់ពីថ្ងៃនេះតទៅ៖
-ញ៉ាំអាហារឱ្យទៀងពេល៖ កុំទុកឱ្យក្រពះទទេរហូតដល់អាស៊ីតដុតបំផ្លាញសាច់ក្រពះខ្លួនឯង។
-អនាម័យក្នុងការរស់នៅ៖ ញ៉ាំអាហារដែលចម្អិនឆ្អិនល្អ ផឹកទឹកស្អាត និងលាងដៃមុនពេលអាហារ ដើម្បីជៀសវាងការឆ្លងមេរោគ H. Pylori តាមរយៈការញ៉ាំអាហាររួមគ្នាដែលគ្មានអនាម័យ។
-កាត់បន្ថយអាហារហឹរ ខ្លាញ់ និងអាហារកែច្នៃ៖ ងាកមកញ៉ាំបន្លែ ផ្លែឈើស្រស់ៗ ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។
-កុំទិញថ្នាំលេបផ្តេសផ្តាស៖ ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចុកចាប់ (ដូចជាថ្នាំសន្លាក់ ថ្នាំបំបាត់ការឈឺក្បាលខ្លាំង) ដោយគ្មានវេជ្ជបញ្ជា គឺជាថ្នាំពុលដែលធ្វើឱ្យក្រពះធ្លាយ និងរលាកធ្ងន់ធ្ងរបំផុត។
-ទៅឆ្លុះក្រពះ (Endoscopy) បើមានអាការៈសង្ស័យ៖ ការឆ្លុះមើលក្រពះ គឺជាវិធីសាស្ត្រតែមួយគត់ដែលច្បាស់លាស់ ១០០% ក្នុងការស្វែងរកកោសិកាមហារីកតាំងពីដំណាក់កាលដំបូង ដែលអាចព្យាបាលជាសះស្បើយបាន។
ជំងឺឈឺក្រពះ មិនមែនជា រឿងដែលត្រូវស៊ាំ ឬស៊ូទ្រាំនោះឡើយ។ ចូរកុំរង់ចាំរហូតដល់ដំបៅតូចមួយ ក្លាយជាដុំសាច់មហារីកដ៏ធំ ទើបចាប់ផ្តើមស្តាយក្រោយ។ ស្រឡាញ់ប្រព័ន្ធរំលាយអាហាររបស់អ្នក ព្រោះវាជាប្រភពថាមពលនៃរាងកាយទាំងមូល!