នៅពេលនិយាយដល់ «ជំងឺទឹកនោមផ្អែម» មនុស្សភាគច្រើនតែងតែនឹកឃើញដល់អាការៈនោមញឹកញាប់ ស្រកទម្ងន់លឿន ឬការស្រេកទឹកខ្លាំង។ ប៉ុន្តែ តើអ្នកដឹងទេថាសរីរាង្គដែលធំជាងគេបង្អស់នៃរាងកាយ គឺ «ស្បែក» ក៏ជាកញ្ចក់ឆ្លុះបញ្ចាំង និងផ្ញើសារព្រមានមុនគេបង្អស់ នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកចាប់ផ្តើមឡើងខ្ពស់ខុសប្រក្រតីផងដែរ។
គ្រូពេទ្យឯកទេសបានបង្ហាញថា ជិត៣០% នៃអ្នកជំងឺទឹកនោមផ្អែម តែងតែជួបប្រទះបញ្ហាស្បែកនៅដំណាក់កាលដំបូង ។ ប្រសិនបើអ្នកសង្កេតឃើញមានការប្រែប្រួលខុសប្រក្រតីនៅលើស្បែកត្រង់ចំណុចទាំងនេះ ចូរប្រញាប់ទៅពិនិត្យឈាម និងជួបគ្រូពេទ្យជាបន្ទាន់៖
៥ សញ្ញាព្រមាននៅលើស្បែក ដែលអាចជាសញ្ញានៃជំងឺទឹកនោមផ្អែម
១. ស្បែកឡើងក្រាស់ និងខ្មៅស្រអាប់ត្រង់ក ក្រលៀន
នេះជាសញ្ញាទូទៅ និងច្បាស់ក្រឡែតបំផុត ។ អ្នកនឹងសង្កេតឃើញស្បែកនៅម្ដុំជុំវិញក ឃ្លៀក ក្រលៀន ឬប្រឡោះម្រាមដៃម្រាមជើង ស្រាប់តែប្រែជាពណ៌ ឬខ្មៅស្រអាប់ ហើយមានសភាពក្រាស់ ឬទន់ៗដូចជាសាច់ខ្សេឡូ (Velvet) ។ មនុស្សជាច្រើនតែងតែច្រឡំថាវាជា «ក្អែល» តែទោះជាដុសខាត់យ៉ាងណាក៏មិនបាត់ដែរ ព្រោះវាជាសញ្ញាបង្ហាញថា រាងកាយរបស់អ្នកកំពុងមានបញ្ហា «ស៊ាំនឹងអាំងស៊ុយលីន» (Insulin Resistance)។
២. ស្បែកស្ងួតខ្លាំង និងរមាស់ខ្លាំងខុសធម្មតា
ជាតិស្ករក្នុងឈាមខ្ពស់ ធ្វើឱ្យរាងកាយបាត់បង់ជាតិទឹកតាមរយៈការនោមញឹកញាប់ ដែលធ្វើឱ្យស្បែកខ្សោះជាតិទឹក ស្ងួត ប្រេះស្រកា និងរមាស់ ជាពិសេសត្រង់តំបន់ស្មងជើង ប្រអប់ជើង និងបាតដៃ។ លើសពីនេះ ការរត់នៃចរន្តឈាមចុះខ្សោយ ក៏រុញច្រានឱ្យអាការៈរមាស់នេះកាន់តែធ្ងន់ធ្ងរផងដែរ។
៣. របួស ឬដំបៅតូចតាច ក្រជាសះស្បើយខ្លាំង
នៅពេលដែលជាតិស្ករក្នុងឈាមឡើងខ្ពស់ក្នុងរយៈពេលយូរ វាបំផ្លាញសរសៃឈាមតូចៗ និងធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ។ ហេតុនេះ ប្រសិនបើអ្នកមានរបួសតូចតាច ដូចជាមូសខាំ ដាច់រលាត់ស្បែក ឬពងបែក ហើយសង្កេតឃើញថាវាចំណាយពេលរាប់សប្តាហ៍ ឬរាប់ខែនៅតែមិនព្រមជាសះស្បើយ នោះជាសញ្ញាអាសន្នដែលត្រូវប្រយ័ត្នបំផុត។
៤. ងាយឆ្លងមេរោគសើស្បែក និងកើតផ្សិត
ជាតិស្ករខ្ពស់ គឺជាចំណីដ៏ឆ្ងាញ់ពិតប្រាកដរបស់មេរោគផ្សិត និងបាក់តេរី។ អ្នកជំងឺទឹកនោមផ្អែម ងាយនឹងកើតមានបញ្ហាផ្សិតស៊ីតាមប្រឡោះម្រាមជើង (ស្រែង កើតស្រាំង) បញ្ហារលាកគល់រោម ឬកើតបូសញឹកញាប់ខុសពីមនុស្សទូទៅ ។ អាការៈឆ្លងផ្សិតនេះ តែងតែបង្កជាស្នាមក្រហម រមាស់ និងផ្សាខ្លាំង ត្រង់តំបន់ដែលមានសំណើមនៃរាងកាយ។
៥. ស្នាមអុជពណ៌ត្នោត ឬក្រហមព្រាលៗត្រង់ស្មងជើង
សញ្ញានេះត្រូវបានគេស្គាល់ថាជា «ស្នាមអុជទឹកនោមផ្អែម»។ វាលេចឡើងជាដុំ ឬស្នាមអុជតូចៗរាងមូល ឬពងក្រពើ ពណ៌ត្នោតស្រអាប់ ឬក្រហម ភាគច្រើនកើតឡើងនៅត្រង់តំបន់ស្មងជើងទាំងសងខាង។ មនុស្សភាគច្រើនតែងតែគិតថាវាជាស្នាមជាំ ឬស្នាមមូសខាំធម្មតា ប៉ុន្តែវាបង្កឡើងដោយសារការលេចធ្លាយ ឬខូចខាតសរសៃឈាមតូចៗនៅក្រោមស្បែក។