យោងតាមការចុះផ្សាយពីប្រភពបរទេស ប្រអប់ប្លាស្ទិកមិនមែនជាជម្រើសល្អបំផុតសម្រាប់អាហារគ្រប់ប្រភេទនោះទេ។ ការរក្សាទុកមិនត្រឹមត្រូវអាចធ្វើឱ្យអាហារឆាប់ខូច និងបង្កហានិភ័យដល់សុខភាព។
អាហារក្ដៅៗមិនគួរដាក់ក្នុងប្រអប់ប្លាស្ទិកទេ ព្រោះកម្ដៅនឹងធ្វើឱ្យបញ្ចេញសារធាតុគីមីគ្រោះថ្នាក់។ ឈីសត្រូវការខ្យល់អាកាសសម្រាប់រក្សារសជាតិ ដូច្នេះការរុំប្លាស្ទិកជិតពេកនឹងធ្វើឱ្យវាបាត់បង់គុណភាព។ អាហារដែលមានជាតិអាស៊ីតខ្ពស់ដូចជាទឹកជ្រលក់ប៉េងប៉ោះ អាចធ្វើឱ្យប្លាស្ទិកសឹក និងស្រូបយកសារធាតុគីមី។ ចំពោះខ្ទឹមបារាំង និងខ្ទឹមស ការរក្សាទុកក្នុងថង់បិទជិតនឹងធ្វើឱ្យវាងាយដុះផ្សិត ផ្ទុយទៅវិញគួរទុកក្នុងកន្លែងដែលមានខ្យល់ចេញចូលបាន។ បន្លែស្លឹកពណ៌បៃតង និងបន្លែក្លិនប្រហើរវិញ ក៏មិនគួរទុកក្នុងថង់ប្លាស្ទិកដែរ ព្រោះសំណើមនឹងធ្វើឱ្យបន្លែឆាប់ស្អុយ។
ដើម្បីសុវត្ថិភាព និងរក្សាភាពស្រស់បានយូរ អ្នកគួរជំនួសប្រអប់ប្លាស្ទិកដោយប្រអប់កែវ ឬដែកអ៊ីណុក និងចេះវិធីរៀបចំដាក់បន្លែឱ្យមានខ្យល់ចេញចូលត្រឹមត្រូវ៕