នៅក្នុងពិភពវេជ្ជសាស្ត្រ ជំងឺទឹកនោមផ្អែម ត្រូវបានគេប្រសិទ្ធនាមថាជា «សត្រូវស្ងប់ស្ងាត់»។ មូលហេតុគឺដោយសារតែនៅដំណាក់កាលដំបូង វាមិនបង្កការឈឺចាប់ខ្លាំងក្លាឱ្យយើងដឹងខ្លួនភ្លាមៗនោះទេ ប៉ុន្តែវត្តមាននៃជាតិស្ករគ្លុយកូសដ៏លើសលប់នៅក្នុងចរន្តឈាម កំពុងតែធ្វើការងារយ៉ាងសកម្មក្នុងការកាត់បំផ្លាញ និងធ្វើឱ្យសរីរាង្គសំខាន់ៗពីខាងក្នុងរាងកាយចុះខ្សោយទៅៗជារៀងរាល់ថ្ងៃ។
តើជាតិស្ករដែលលើសទាំងនោះ ទៅបំផ្លាញរាងកាយរបស់អ្នកតាមរបៀបណាខ្លះ? មកស្វែងយល់ពីផលប៉ះពាល់ធំៗទាំងនេះទាំងអស់គ្នា៖
១. បំផ្លាញសរសៃឈាម និងបេះដូង
បេះដូងគឺជាម៉ាស៊ីនមេនៃជីវិត។ នៅពេលដែលឈាមរបស់អ្នកមានផ្ទុកជាតិស្ករខ្ពស់រយៈពេលយូរ វានឹងធ្វើឱ្យសរសៃឈាមទៅជាគ្រើម រឹង និងងាយកកកុញដោយបន្ទះខ្លាញ់។ ស្ថានភាពបែបនេះ បណ្តាលឱ្យចរន្តឈាមដើរមិនស្រួល ជម្រុញឱ្យសម្ពាធឈាមឡើងខ្ពស់ និងបង្កើនហានិភ័យនៃជម្ងឺគាំងបេះដូង (Heart Attack) ក៏ដូចជាជម្ងឺដាច់សរសៃឈាមខួរក្បាល (Stroke) ខ្ពស់ជាងមនុស្សទូទៅដល់ទៅ ២ ទៅ ៤ដង។
២. វាយប្រហារតម្រងនោម (ក្រលៀន)
ក្រលៀនមានតួនាទីជាកញ្ចក់ចម្រោះជាតិពុល និងកាកសំណល់ចេញពីឈាម។ នៅក្នុងក្រលៀននីមួយៗពោរពេញទៅដោយសរសៃឈាមតូចៗរាប់លាន។ កម្រិតជាតិស្ករខ្ពស់នឹងទៅរារាំង និងបំផ្លាញប្រព័ន្ធចម្រោះដ៏តូចឆ្មារទាំងនោះ ធ្វើឱ្យក្រលៀនលែងមានសមត្ថភាពលាងសម្អាតជាតិពុលបានល្អ រហូតបណ្តាលឱ្យជាតិពុលហូរច្រាលចូលក្នុងឈវិញ និងឈានទៅរកជម្ងឺខ្សោយក្រលៀនរ៉ាំរ៉ៃដែលត្រូវលាងឈាម ឬប្តូរក្រលៀនជាដាច់ខាត។
៣. រូងបំផ្លាញប្រព័ន្ធប្រសាទ (សរសៃវិញ្ញាណ)
តើអ្នកធ្លាប់ដឹងទេថា ហេតុអ្វីបានជាអ្នកជំងឺទឹកនោមផ្អែមងាយនឹងមានដំបៅជើងរហូតដល់ត្រូវកាត់ម្រាម ឬកាត់ជើង? នោះគឺដោយសារតែជាតិស្ករទៅបំផ្លាញសរសៃឈាមតូចៗដែលទៅចិញ្ចឹមប្រព័ន្ធប្រសាទ។ នៅពេលសរសៃប្រសាទខូចខាត វាស្តែងចេញជាអាការៈស្រពន់ រមាស់ក្រហាយអុជៗ ឬបាត់បង់វិញ្ញាណដឹងខុសត្រូវ (លែងដឹងឈឺ) នៅត្រង់ចុងដៃចុងជើង។ ពេលមានរបួស ឬមុតអ្វីមួយ ពួកគាត់អត់ដឹងខ្លួនឡើយ បណ្តាលឱ្យដំបៅនោះរលួយធ្ងន់ធ្ងរ។
៤. ធ្វើឱ្យងងឹតភ្នែក (ទឹកនោមផ្អែមឡើងភ្នែក)
ភ្នែកក៏ជាសរីរាង្គរងគ្រោះខ្លាំងបំផុតពីសត្រូវស្ងប់ស្ងាត់នេះដែរ។ ជាតិស្ករខ្ពស់បំផ្លាញសរសៃឈាមតូចៗនៅត្រង់បាតភ្នែក (Retina) បណ្តាលឱ្យសរសៃឈាមទាំងនោះហើម ធ្លាយឈាម ឬដុះសរសៃឈាមមិនប្រក្រតីថ្មីៗ ដែលរំខានដល់គំហើញ។ ប្រសិនបើខកខានមិនបានពិនិត្យ និងព្យាបាលទាន់ពេលវេលាទេ វាអាចបណ្តាលឱ្យងងឹតភ្នែកទាំងស្រុងតែម្តង។
+ធីសាស្ត្រគ្រប់គ្រង និងវាយបកទៅលើសត្រូវស្ងប់ស្ងាត់
ទោះបីជាជំងឺទឹកនោមផ្អែមសាហាវ ប៉ុន្តែអ្នកអាចគ្រប់គ្រង និងការពារសរីរាង្គរបស់អ្នកមិនឱ្យរងការបំផ្លាញបាន តាមរយៈវិន័យប្រចាំថ្ងៃដ៏សាមញ្ញទាំងនេះ៖
-សន្សំមុនចាយលើរបបអាហារ៖ កាត់ផ្តាច់ការញ៉ាំស្ករកែច្នៃ ភេសជ្ជៈផ្អែមៗ និងកាត់បន្ថយអាហារពពួកកាបូអ៊ីដ្រាត (បាយ នំបញ្ចុក នំប៉័ង)។ ងាកមកជ្រើសរើសបន្លែបៃតង និងផ្លែឈើមិនសូវផ្អែមជំនួសវិញ។
-ធ្វើចលនារាងកាយ (Cardio)៖ ការហាត់ប្រាណបែបកាតឌីយ៉ូដូចជា ការដើរលឿន រត់ត្រឹកៗ ឬសូម្បីតែការដើរលំហែកាយក្រោយអាហាររួច ជួយឱ្យកោសិការាងកាយស្រូបយកជាតិស្ករទៅប្រើប្រាស់បានល្អ និងជួយសម្រាលបន្ទុកបេះដូង។
-ប្រើប្រាស់គ្រឿងទេសធម្មជាតិ៖ បន្ថែមគ្រឿងទេសធម្មជាតិដូចជា ខ្ទឹមស និងខ្ញី ទៅក្នុងម្ហូបអាហារប្រចាំថ្ងៃ ដើម្បីជួយប្រឆាំងការរលាកក្នុងរាងកាយ និងជួយគាំទ្រដល់ប្រព័ន្ធការពាររាងកាយឱ្យរឹងមាំ។
សុខភាពមិនមែនជាការចៃដន្យឡើយ ប៉ុន្តែវាជាជម្រើស និងវិន័យរស់នៅ។ ជំងឺទឹកនោមផ្អែមអាចបំផ្លាញយើងបាន លុះត្រាតែយើងបណ្តោយខ្លួនឱ្យរស់នៅក្នុងជីវិតខ្វះវិន័យ ចាយវាយសុខភាពតាមអារម្មណ៍។ ចូរចាប់ផ្តើមយកចិត្តទុកដាក់ ពិនិត្យសុខភាពជាប្រចាំ បរិភោគអាហាររូបត្ថម្ភពីធម្មជាតិ និងរស់នៅដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃនេះតទៅ ដើម្បីការពារម៉ាស៊ីនមេនៃជីវិតរបស់អ្នកឱ្យនៅរឹងមាំ និងរស់នៅបានយូរអង្វែងប្រកបដោយភាពរីករាយ។