យោងតាមការចុះផ្សាយពីប្រភពបរទេស ការរក្សាទុកគ្រឿងទេសស្ងួតដូចជា ម្សៅម្ទេស ម្រេច ឬម្សៅគ្រឿងទេសផ្សេងៗក្នុងរយៈពេលយូរ និងមិនត្រឹមត្រូវ អាចបង្កឱ្យមានផ្សិតដែលផលិតសារធាតុពុលដែលជាកត្តាបង្កមហារីកថ្លើមដ៏គ្រោះថ្នាក់។
សារធាតុពុលនេះមានភាពធន់នឹងកម្តៅខ្ពស់ ដូច្នេះការចម្អិនធម្មតាមិនអាចកម្ចាត់វាបានឡើយ។ លោកអ្នកគួរពិនិត្យមើលផ្ទះបាយជាប្រចាំ ហើយបោះចោលគ្រឿងទេសដែលមានសភាពកកដុំ ប្តូរពណ៌ ឬមានសញ្ញាសើម ព្រមទាំងគ្រឿងទេសដែលទុកចោលយូរពេក។
ដើម្បីការពារសុខភាព សូមរក្សាទុកគ្រឿងទេសក្នុងកន្លែងស្ងួត ឆ្ងាយពីចង្ក្រានបាយ បិទគម្របឱ្យជិត និងជៀសវាងការទិញទុកច្រើនពេក ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពក្នុងការបរិភោគ៕