យោងតាមការចុះផ្សាយពីប្រភពបរទេស ការផឹកភេសជ្ជៈមានជាតិហ្គាស និងជាតិស្ករជំនួសទឹកធម្មតារយៈពេលច្រើនឆ្នាំ បានធ្វើឱ្យបុរសវ័យ ៣៥ ឆ្នាំម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដល់ថ្នាក់សង្គ្រោះបន្ទាន់ ដោយសារអាស៊ីតក្នុងឈាមឡើងខ្ពស់ និងរលាកលំពែង។
ទោះបីជាមានសញ្ញាព្រមានដូចជា ការស្រកទម្ងន់ខុសធម្មតា, ស្រវាំងភ្នែក និងស្រេកទឹកខ្លាំង ប៉ុន្តែអ្នកជំងឺបានមើលរំលងរហូតដល់មានការឈឺពោះយ៉ាងខ្លាំង។ វេជ្ជបណ្ឌិតបានព្រមានថា ការប្រើប្រាស់ស្ករលើសកម្រិតជាប្រចាំ នឹងធ្វើឱ្យរាងកាយប្រឈមនឹងភាពស៊ាំនឹងអាំងស៊ុយលីន និងជំងឺទឹកនោមផ្អែមប្រភេទទី ២ យ៉ាងឆាប់រហ័ស។
ដូច្នេះ ការកាត់បន្ថយស្ករ និងងាកមកផឹកទឹកធម្មតា គឺជាកត្តាសំខាន់បំផុតដើម្បីការពារខ្លួនពីផលវិបាកសុខភាពដែលអាចគំរាមកំហែងដល់ជីវិត៕