ថ្លើម គឺជាសរីរាង្គមួយដ៏អស្ចារ្យ និងមានភាពអត់ធ្មត់បំផុតនៅក្នុងរាងកាយ។ វាបំពេញមុខងារចម្រោះជាតិពុល និងរក្សាថាមពលជារៀងរាល់ថ្ងៃដោយស្ងៀមស្ងាត់។ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺ ថ្លើមគ្មានសរសៃប្រសាទទទួលអារម្មណ៍ឈឺចាប់នៅខាងក្នុងនោះទេ ដែលជាហេតុធ្វើឱ្យជំងឺមហារីកថ្លើមត្រូវបានគេប្រសិទ្ធនាមថា «ឃាតករលាក់មុខ» ព្រោះវាមិនសូវបញ្ចេញរោគសញ្ញាច្បាស់លាស់ឡើយនៅក្នុងដំណាក់កាលដំបូង។
ទោះជាយ៉ាងណាក៏ដោយ រាងកាយរបស់យើងតែងតែផ្ញើសារព្រមានតូចៗមកជានិច្ច ជាពិសេសគឺ «អារម្មណ៍ឈឺចាប់ភើៗ ឬទាស់ៗនៅតំបន់ពោះ» ដែលមនុស្សភាគច្រើនតែងតែយល់ច្រឡំថាជាជំងឺក្រពះ ឬគ្រាន់តែជាការហើមពោះធម្មតា។
ខាងក្រោមនេះជារោគសញ្ញាព្រមានគន្លឹះ និងសញ្ញាឈឺចាប់តូចៗដែលអ្នកមិនត្រូវមើលរំលងដាច់ខាត៖
១. ការឈឺទាស់ ឬណែនអួលនៅពោះផ្នែកខាងស្តាំ (ចុងដង្ហើម ឬក្រោមឆ្អឹងជំនី)
នេះជាសញ្ញាព្រមានលេចធ្លោបំផុតមួយនៃបញ្ហាថ្លើម។ អ្នកអាចនឹងមានអារម្មណ៍ឈឺអុកៗ ឈឺចុកតិចៗ ឬណែនខ្លាំងនៅតំបន់ពោះផ្នែកខាងស្តាំខាងលើ (ក្រោមឆ្អឹងជំនីស្តាំ)។
-ហេតុអ្វីបានជាឈឺ? ទោះបីជាសាច់ថ្លើមខាងក្នុងគ្មានសរសៃប្រសាទឈឺចាប់ ប៉ុន្តែ «ស្រទាប់កន្សោមការពារថ្លើម» (Liver Capsule) គឺសម្បូរទៅដោយសរសៃប្រសាទ។ នៅពេលមានដុំសាច់មហារីកលូតលាស់ វាធ្វើឱ្យថ្លើមហើមប៉ោង ឬរីកធំទៅរុញច្រាន និងទាញស្រទាប់កន្សោមការពារនោះ ទើបបង្កឱ្យមានអារម្មណ៍ឈឺអួលៗអត់បាត់ជារៀងរាល់ថ្ងៃ។
២. ហើមពោះ ទល់លាមក ឬឆាប់ឆ្អែតខុសធម្មតា
មនុស្សជាច្រើនតែងទិញថ្នាំក្រពះមកញ៉ាំ នៅពេលមានអាការៈភើ ហើមពោះ ឬណែនពោះក្រោយពេលញ៉ាំអាហារ។ ប៉ុន្តែ បើអាការៈហើមពោះនេះកើតឡើងរ៉ាំរ៉ៃ រួមផ្សំជាមួយនឹងការញ៉ាំអាហារបានបន្តិចក៏មានអារម្មណ៍ថា «ឆ្អែតណែនស្ទះចុងដង្ហើម» វាអាចជាសញ្ញាថាថ្លើមរបស់អ្នកកំពុងរងសម្ពាធ។ ដុំសាច់មហារីកដែលរីកធំអាចទៅសង្កត់លើក្រពះ ឬបង្កឱ្យមានការកកកុញទឹកនៅក្នុងស្រទាប់ពោះ (Ascites) ដែលធ្វើឱ្យពោះមើលទៅប៉ោងធំខុសពីធម្មតា។
៣. ការឈឺរាលដាលឡើងទៅស្មាខាងស្តាំ
នេះជាសញ្ញាវេជ្ជសាស្ត្រមួយដ៏ប្លែកដែលគេហៅថា Referred Pain (ការឈឺរាលដាល)។ ដុំសាច់មហារីកថ្លើមដែលរីកធំអាចទៅរំញោចសរសៃប្រសាទ Phrenic Nerve ដែលរត់កាត់តំបន់សន្ទះទ្រូង និងថ្លើម។ សរសៃប្រសាទនេះមានទំនាក់ទំនងផ្ទាល់ទៅនឹងតំបន់ស្មា ដូច្នេះហើយទើបអ្នកជំងឺមហារីកថ្លើមមួយចំនួន តែងមានអារម្មណ៍ឈឺចុក ឬចុកពើតនៅស្មាខាងស្តាំ ឬខ្នងផ្នែកខាងស្តាំ ដោយរកមូលហេតុមិនឃើញ ទោះបីជាមិនបានលើករបស់ធ្ងន់ក៏ដោយ។
សញ្ញាព្រមានបន្ទាប់បន្សំផ្សេងទៀត ដែលត្រូវប្រុងប្រយ័ត្ន៖
ប្រសិនបើការឈឺចាប់តិចៗនៅក្នុងពោះរបស់អ្នក មកជួបជុំគ្នាជាមួយនឹងរោគសញ្ញាទាំងនេះ ចូរប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់៖
-ស្រកទម្ងន់លឿនខុសធម្មតា៖ ស្រកទម្ងន់ទាំងមិនបានតមអាហារ ឬហាត់ប្រាណ។
-អស់កម្លាំងខ្លាំង លែងឃ្លានអាហារ៖ មានអារម្មណ៍ល្វើយៗ ទន់ដៃទន់ជើង មិនចង់ញ៉ាំអ្វីទាំងអស់។
-ភ្នែកលឿង និងស្បែកលឿង (Jaundice)៖ កើតឡើងដោយសារថ្លើមមិនអាចចម្រោះសារធាតុពណ៌លឿង Bilirubin ចេញពីឈាមបាន។
-ទឹកនោមមានពណ៌ក្រម៉ៅខ្លាំង៖ ទោះបីជាផឹកទឹកច្រើនក៏ដោយ។
«ថ្លើមជាសរីរាង្គដែលអត់ធ្មត់ និងលះបង់បំផុត ។ វាមិនដែលស្រែកថ្ងូរប្រាប់ថាវាហត់នឿយ ឬឈឺចាប់នោះទេ រហូតទាល់តែវាត្រូវបានបំផ្លាញជិតអស់ពីកោសិកាទៅហើយ ។ ដូច្នេះ ការយកចិត្តទុកដាក់លើសញ្ញាឈឺចាប់តិចតួចនៅក្នុងពោះ និងការពិនិត្យសុខភាពទៀងទាត់ គឺជាគន្លឹះតែមួយគត់ដើម្បីសង្គ្រោះជីវិតរបស់អ្នក។»