យោងតាមការចុះផ្សាយពីប្រភពបរទេស ការទំពារអាហារឱ្យយឺត និងម៉ត់ល្អ គឺជាវិធីសាស្ត្រដ៏សាមញ្ញតែមានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងសុខភាព។
ការទំពារយឺតជួយឱ្យអង់ស៊ីមរំលាយអាហារដំណើរការបានល្អ ដែលជួយឱ្យរាងកាយបញ្ចេញជាតិស្ករចូលទៅក្នុងឈាមបានយឺតៗ នាំឱ្យកម្រិតជាតិស្ករមានលំនឹង និងការពារជំងឺទឹកនោមផ្អែម។ លើសពីនេះ ការទំពារយឺតជួយឱ្យខួរក្បាលចាប់សញ្ញាឆ្អែតបានទាន់ពេល ដែលធ្វើឱ្យអ្នកញ៉ាំតិចជាងធម្មតា និងជួយសម្រកទម្ងន់បានដោយធម្មជាតិ។ មិនតែប៉ុណ្ណោះ វាក៏កាត់បន្ថយបញ្ហារំលាយអាហារដូចជាហើមពោះ និងទល់លាមកផងដែរ។
ដើម្បីទទួលបានប្រសិទ្ធភាព អ្នកគួរញ៉ាំអាហារជាដុំតូចៗ ទំពារឱ្យបានពី ២០ ទៅ ៣០ ដង និងផ្ដោតអារម្មណ៍ទៅលើការញ៉ាំដោយមិនប្រើប្រាស់ទូរស័ព្ទឡើយ៕