យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺខ្លាញ់ក្នុងឈាមខ្ពស់អាចបង្កហានិភ័យដល់បេះដូង និងសរសៃឈាម ដែលអ្នកអាចសង្កេតឃើញបានតាមរយៈសញ្ញា ៣ នៅលើផ្ទៃមុខ៖
ទីមួយ គឺការលេចឡើងនូវស្នាមអុចពណ៌លឿងនៅជុំវិញត្របកភ្នែក ដែលជាការប្រមូលផ្ដុំនៃជាតិខ្លាញ់។ ទីពីរ គឺការកើតមានដុំពកពណ៌លឿងតូចៗជាច្រើននៅលើស្បែកមុខ ថ្ងាស ឬថ្ពាល់។ ទីបី គឺការលេចឡើងនៃរង្វង់ពណ៌ប្រផេះ ឬសជុំវិញកញ្ចក់ភ្នែក ដែលបង្ហាញពីការកកស្ទះកូឡេស្តេរ៉ុល។ ទោះយ៉ាងណា រោគសញ្ញាទាំងនេះមិនលេចឡើងលើមនុស្សគ្រប់រូបឡើយ ដូច្នេះការធ្វើតេស្តឈាមទៀងទាត់គឺជាវិធីសាស្ត្រតែមួយគត់ដើម្បីដឹងច្បាស់។
ដើម្បីការពារ អ្នកគួរកាត់បន្ថយអាហារសម្បូរខ្លាញ់ បង្កើនការហាត់ប្រាណ និងជៀសវាងការសេពគ្រឿងស្រវឹង ដើម្បីរក្សាសុខភាពបេះដូងឱ្យរឹងមាំ៕