យោងតាមការចុះផ្សាយពីប្រភពបរទេស ក្តីកតញ្ញូមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែវាត្រូវបានបណ្ដុះបណ្ដាលតាមរយៈសកម្មភាពរស់នៅប្រចាំថ្ងៃ។ ប្រសិនបើកូនរបស់អ្នកមានសញ្ញាទាំង ៤ នេះ អ្នកអាចរំពឹងបានថាពួកគេនឹងក្លាយជាមនុស្សដែលមានចិត្តសប្បុរស និងចេះដឹងគុណនៅពេលធំឡើង៖
ទីមួយ កូនចេះយល់ចិត្ត និងចាប់អារម្មណ៍ពីអារម្មណ៍ឪពុកម្ដាយ។ កូនដែលចេះសាកសួរ និងលួងលោមនៅពេលឃើញអ្នកហត់នឿយ គឺជាសញ្ញានៃការមានចិត្តទន់ភ្លន់ និងចេះយកចិត្តគេមកដាក់ចិត្តយើង។ ទីពីរ កូនចេះនិយាយពាក្យអរគុណ និងឱ្យតម្លៃ។ ការចេះដឹងគុណចំពោះការជួយជ្រោមជ្រែង ឬការខិតខំប្រឹងប្រែងរបស់ឪពុកម្ដាយ គឺជាមូលដ្ឋានគ្រឹះនៃភាពកតញ្ញូ។ ទីបី កូនចេះចែករំលែក។ ការចេះបែងចែករបស់របរ ឬអាហារជាមួយអ្នកដទៃ បង្ហាញថាពួកគេយល់ពីតម្លៃនៃការផ្តល់ឱ្យ។ ទីបួន កូនចេះជួយការងារផ្ទះ។ ការចូលរួមចំណែកកិច្ចការគ្រួសារ បង្ហាញពីការទទួលខុសត្រូវ និងភាពស្អិតរមួតជាមួយគ្រួសារ។
អ្វីដែលសំខាន់បំផុតគឺ «ឪពុកម្ដាយត្រូវតែជាគំរូ»។ កូនរៀនតាមសកម្មភាពរបស់អ្នកមិនមែនរៀនតាមពាក្យទូន្មាននោះទេ។ ការរស់នៅក្នុងបរិយាកាសដែលពោរពេញដោយការគោរព និងក្តីស្រឡាញ់ គឺជាវិធីល្អបំផុតដើម្បីបណ្ដុះកូនឱ្យក្លាយជាកូនកតញ្ញូ៕