យោងតាមការចុះផ្សាយពីប្រភពបរទេស នៅវ័យជំទង់ ការស្រលាញ់ជារឿងធម្មជាតិ ប៉ុន្តែឪពុកម្តាយត្រូវបង្រៀនកូនឱ្យចេះមើលមនុស្ស ដើម្បីកុំឱ្យធ្លាក់ចូលក្នុងទំនាក់ទំនងដែលបំផ្លាញខ្លួនឯង។
ចំពោះកូនប្រុស កុំវាយតម្លៃនារីតាមសម្រស់ឬសម្តីផ្អែមល្ហែម ប៉ុន្តែត្រូវសង្កេតមើលមិត្តភក្តិជុំវិញខ្លួនរបស់នាង។ បើក្រុមមិត្តភក្តិរបស់នាងមានអាកប្បកិរិយាអវិជ្ជមាន ឬមិនយកចិត្តទុកដាក់ការសិក្សា នោះនាងក៏អាចមានឥទ្ធិពលមិនល្អដល់កូនដែរ។ ត្រូវចៀសវាងអ្នកដែលចាត់ទុកការលះបង់របស់អ្នកដទៃជារឿងធម្មតា និងចូលចិត្តប្រៀបធៀបដើម្បីទាមទារផលប្រយោជន៍។
ចំពោះកូនស្រី ត្រូវចៀសវាងបុរសដែលមិនចេះទទួលខុសត្រូវ មិនចេះគោរពអ្នកដទៃ ឬចូលចិត្តប្រើការគំរាមកំហែងផ្លូវចិត្តដើម្បីទាមទារការយកចិត្តទុកដាក់។ ត្រូវបង្រៀនកូនឱ្យសង្កេតលើការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន គោលការណ៍ជីវិត និងមិត្តភក្តិដែលគេរាប់អាន។
សរុបមក ឪពុកម្តាយមិនអាចហាមឃាត់ការស្រលាញ់របស់កូនបានទេ ប៉ុន្តែការចង្អុលបង្ហាញពីរបៀបមើលមនុស្ស នឹងជួយឱ្យកូនចៀសផុតពីទំនាក់ទំនងដែលមានគ្រោះថ្នាក់ និងដើរលើផ្លូវជីវិតដ៏សុវត្ថិភាព៕