ប្រព័ន្ធរំលាយអាហារ ប្រៀបដូចជាម៉ាស៊ីនកិន និងបំប្លែងថាមពលសម្រាប់ទ្រទ្រង់រាងកាយទាំងមូល។ មនុស្សភាគច្រើនតែងតែគិតថា អាការៈឈឺពោះ ហើមពោះ ឬឆ្អល់ពោះបន្តិចបន្តួច ជារឿងធម្មតាដែលកើតហើយនឹងបាត់ទៅវិញ។ ប៉ុន្តែ ប្រសិនបើរាងកាយរបស់អ្នកចាប់ផ្តើមបញ្ចេញនូវ «សញ្ញាព្រមានធ្ងន់ធ្ងរ» ទាំងឡាយខាងក្រោមនេះ វាអាចជាការរោទ៍កណ្តឹងប្រកាសអាសន្នថា ប្រព័ន្ធរំលាយអាហាររបស់អ្នកកំពុងជួបបញ្ហាធំ ដែលមិនអាចបណ្តោយទុកបានឡើយ៖
៥ សញ្ញាព្រមានថា ប្រព័ន្ធរំលាយអាហារកំពុងមានបញ្ហាធ្ងន់ធ្ងរ
១. លាមកមានឈាម ឬមានពណ៌ខ្មៅខុសប្រក្រតី
នេះជាសញ្ញាគ្រោះថ្នាក់បំផុតមួយ។ ប្រសិនបើអ្នកសង្កេតឃើញមានឈាមក្រហមស្រស់ ឬលាមកមានពណ៌ខ្មៅស្អិតដូចជ័រតាកូ វាអាចជាសញ្ញានៃការហូរឈាមក្នុងប្រព័ន្ធរំលាយអាហារ (ដូចជាធ្លាយក្រពះ ដំបៅពោះវៀនធំ ឬអាចជាដុំសាច់/មហារីកពោះវៀន)។ ករណីនេះត្រូវប្រញាប់ទៅជួបវេជ្ជបណ្ឌិតភ្លាមៗ។
២. ស្រកទម្ងន់លឿនខុសធម្មតា ដោយគ្មានមូលហេតុ
ប្រសិនបើអ្នកមិនបានតមអាហារ ឬមិនបានហាត់ប្រាណសម្រកទម្ងន់ទាល់តែសោះ តែទម្ងន់បែរជាស្រកចុះយ៉ាងគំហុក នេះអាចមកពីប្រព័ន្ធរំលាយអាហារបាត់បង់សមត្ថភាពក្នុងការបឺតស្រូបសារធាតុចិញ្ចឹម ឬអាចបណ្តាលមកពីមានការលូតលាស់នៃកោសិកាមិនប្រក្រតី (ដុំសាច់កាច) នៅក្នុងសរីរាង្គខាងក្នុង។
៣. លេបអាហារមិនចូល ឬឈឺចាប់ពេលលេប (Dysphagia)
អារម្មណ៍ដែលមានអ្វីមួយទាស់ ឬស្លាក់នៅជាប់បំពង់កនៅពេលលេបអាហារស្ងួត និងវិវត្តទៅជាស្លាក់សូម្បីតែពេលផឹកទឹក គឺជាសញ្ញាមិនប្រក្រតីនៃបំពង់អាហារ។ វាអាចបង្កឡើងដោយការរលាកបំពង់អាហារធ្ងន់ធ្ងរ (បណ្តាលមកពីជំងឺច្រាលទឹកអាស៊ីតក្រពះរ៉ាំរ៉ៃ) ឬមានការស្ទះដោយសារដុំសាច់។
៤. ភើ ច្អើម ឬក្អួតរ៉ាំរ៉ៃ (ជាពិសេសក្អួតមានឈាម)
ការក្អួតចង្អោរញឹកញាប់ក្រោយពេលញ៉ាំអាហាររួច បង្ហាញថាអាហារមិនអាចឆ្លងកាត់ក្រពះទៅកាន់ពោះវៀនបានល្អឡើយ (អាចមានការស្ទះនៅផ្នែកណាមួយ)។ កាន់តែធ្ងន់ធ្ងរទៅទៀតនោះ ប្រសិនបើក្អួតមកមានឈាមក្រហម ឬមានពណ៌ក្រម៉ៅដូចកាកកាហ្វេ គឺត្រូវស្វែងរកការសង្គ្រោះបន្ទាន់ភ្លាមៗ។
៥. ឈឺពោះខ្លាំងក្លា ឬឈឺរ៉ាំរ៉ៃមិនព្រមបាត់
ការឈឺពោះចុកទាញខ្លាំងភ្លាមៗ (Acute pain) ឬការឈឺអផ្សុកអូសបន្លាយពេលរាប់សប្តាហ៍ ទោះបីជាលេបថ្នាំជំនួយក្រពះហើយក៏មិនធូរស្រាល អាចជាសញ្ញានៃជំងឺរលាកលំពែង ក្រួសក្នុងប្រមាត់ រលាកខ្នែងពោះវៀន ឬដំបៅក្រពះកម្រិតធ្ងន់ធ្ងរ។
+អាការៈបន្ទាប់បន្សំផ្សេងទៀតដែលមិនគួរមើលរំលង៖
–ទល់លាមករ៉ាំរ៉ៃ ឬរាគរូសផ្លាស់ប្តូរខុសធម្មតា៖ ជួនកាលទល់លាមកជាច្រើនថ្ងៃ ជួនកាលបែរជារាគខ្លាំង គ្មានលំនឹង (Change in bowel habits)។
–សបែក និងកែវភ្នែកឡើងពណ៌លឿង (Jaundice)៖ បង្ហាញពីបញ្ហាថ្លើម ឬផ្លូវទឹកប្រមាត់ ដែលជាផ្នែកមួយនៃប្រព័ន្ធរំលាយអាហារ។
+អនុសាសន៍សុខភាព
ប្រព័ន្ធរំលាយអាហារ មិនត្រឹមតែបំភាយថាមពលនោះទេ តែវាក៏ជាកន្លែងផ្ទុកប្រព័ន្ធការពាររាងកាយ (Immune system) ដ៏ធំជាងគេផងដែរ ។ បើអ្នក ឬមនុស្សជុំវិញខ្លួនមានសញ្ញាណាមួយក្នុងចំណោមចំណុចខាងលើនេះ សូមកុំទិញថ្នាំលេបផ្សំដោយខ្លួនឯង ឬទុកចាំឱ្យវាបាត់ទៅវិញឱ្យសោះ ។ ការទៅពិនិត្យឈាម ឆ្លុះក្រពះ (Endoscopy) ឬឆ្លុះពោះវៀនធំ (Colonoscopy) ជាមួយគ្រូពេទ្យជំនាញ គឺជាមធ្យោបាយតែមួយគត់ដើម្បីដឹងរោគវិនិច្ឆ័យច្បាស់លាស់ និងព្យាបាលបានទាន់ពេលវេលា!