នាពេលកន្លងមក មនុស្សភាគច្រើនតែងគិតថា ជំងឺមហារីកពោះវៀនធំ (Colorectal Cancer) គឺជាជំងឺរបស់អ្នកមានអាយុច្រើន (ចាប់ពី ៥០ឆ្នាំឡើងទៅ)។ ប៉ុន្តែ យោងតាមទិន្នន័យវេជ្ជសាស្ត្រចុងក្រោយបង្អស់ អត្រានៃអ្នកកើតជំងឺនេះក្នុងចំណោម យុវវ័យដែលមានអាយុក្រោម ៥០ឆ្នាំ (ជាពិសេសចន្លោះពី ២០ ដល់ ៤០ឆ្នាំ) កំពុងតែមានការកើនឡើងយ៉ាងគំហកគួរឱ្យព្រួយបារម្ភ។
របៀបរស់នៅបែបសម័យថ្មី ដូចជាការអង្គុយធ្វើការច្រើនខ្វះចលនា ការស្រ្តេស និងទម្លាប់ញ៉ាំអាហារកែច្នៃ (Fast food) សុទ្ធតែជាសត្រូវលាក់មុខដែលជម្រុញឱ្យជំងឺនេះមកបុកទ្វារយុវវ័យលឿនជាងមុន។ អ្វីដែលគ្រោះថ្នាក់ គឺយុវវ័យច្រើនតែគិតថាខ្លួននៅក្មេង រួចមើលរំលងសញ្ញាព្រមានដំបូងៗ រហូតបណ្តោយឱ្យជំងឺឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។
ខាងក្រោមនេះជា ៥ សញ្ញាព្រមានដំបូងៗ ដែលរាងកាយកំពុងព្យាយាមប្រាប់អ្នក៖
១. ការប្រែប្រួលទម្លាប់បន្ទោបង់អូសបន្លាយ (Changes in Bowel Habits)
ប្រសិនបើអ្នកសង្កេតឃើញថា ទម្លាប់នៃការបត់ជើងធំរបស់អ្នកស្រាប់តែប្រែប្រួលខុសពីធម្មតា ហើយស្ថានភាពនេះអូសបន្លាយលើសពី ២ ទៅ ៣សប្តាហ៍ វាអាចជាសញ្ញាគួរឱ្យសង្ស័យ៖
-មានអាការៈទល់លាមកផង និងរាគរូសផង ឆ្លាស់គ្នាខុសប្រក្រតី។
-លាមកមានទំហំតូចឆ្មារវែងដូចសរសៃមី ឬចង្កឹះ (ដោយសារតែមានដុំសាច់ដុះរាំងស្ទះនៅក្នុងរន្ធពោះវៀនធំ ធ្វើឱ្យលាមកមិនអាចឆ្លងកាត់ចេញមកទាំងដុំធំបាន)។
២. បត់ជើងធំមានឈាម (Blood in Stool)
យុវវ័យភាគច្រើននៅពេលបត់ជើងមកមានឈាម តែងតែសន្និដ្ឋានភ្លាមៗថាខ្លួនឯងកើត «ជំងឺឫសដូងបាត» រួចទិញថ្នាំលេបដោយខ្លួនឯង។ ប៉ុន្តែ ត្រូវដឹងថាការបត់ជើងមានឈាមពណ៌ក្រហមក្រម៉ៅ ឬលាមកមានពណ៌ខ្មៅអាប់ (ដោយសារមានឈាមហូរចេញពីពោះវៀនផ្នែកខាងលើ) គឺជាសញ្ញាស្នូលមួយនៃមហារីកពោះវៀនធំ។ ទោះជាមានឈាមតិច ឬច្រើន ក៏ត្រូវតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យឱ្យច្បាស់លាស់។
៣. ឈឺចុកណែនពោះ ឬហើមពោះជារឿយៗ (Abdominal Cramping)
ការមានអារម្មណ៍ថា ចុកពោះ រមួលពោះ ណែនពោះ ឬហើមពោះវៀនខុសធម្មតា ក្រោយពេលញ៉ាំអាហាររួច ជារឿងដែលមិនគួរព្រងើយកន្តើយឡើយ។ ក្រៅពីនេះ គឺសញ្ញា«បន្ទោបង់មិនអស់» ពោលគឺទើបតែដើរចេញពីបន្ទប់ទឹកសោះ តែស្រាប់តែមានអារម្មណ៍ថាចង់បត់ជើងធំម្តងទៀតភ្លាមៗ ដោយសារដុំសាច់ក្នុងពោះវៀនធ្វើឱ្យប្រព័ន្ធប្រសាទយល់ច្រឡំថាមានលាមកដក់សល់។
៤. អស់កម្លាំងល្ហិតល្ហៃ និងស្លេកស្លាំង (Unexplained Fatigue and Anemia)
កោសិកាមហារីកនៅក្នុងពោះវៀនធំ អាចបណ្តាលឱ្យមានការហូរឈាមសើៗនៅខាងក្នុងដែលយើងមើលមិនឃើញដោយភ្នែកទទេ (Occult blood)។ ការបាត់បង់ឈាមតិចៗជារៀងរាល់ថ្ងៃនេះ នឹងធ្វើឱ្យរាងកាយធ្លាក់ខ្លួនខ្វះឈាមក្រហម បណ្តាលឱ្យយុវវ័យមានអការៈអស់កម្លាំងខ្លាំង ល្ហិតល្ហៃ មុខស្លេកស្លាំង និងដង្ហក់ ទោះបីជាមិនបានធ្វើការធ្ងន់ និងគេងលក់គ្រប់គ្រាន់ក៏ដោយ។
៥. ស្រកទម្ងន់ចុះលឿន ដោយគ្មានមូលហេតុ
ប្រសិនបើអ្នកមិនបានធ្វើការតមអាហារសម្រកទម្ងន់ ឬហាត់ប្រាណខ្លាំងក្លាឡើយ ប៉ុន្តែទម្ងន់បែរជាស្រកចុះលឿនខុសប្រក្រតី នេះអាចមកពីប្រព័ន្ធស៊ាំរបស់រាងកាយកំពុងដុតបំផ្លាញថាមពលទប់ទល់នឹងជំងឺ ឬកោសិកាមហារីកកំពុងបឺតជញ្ជក់យកសារធាតុចិញ្ចឹមទាំងស្រុងពីពោះវៀន។
+ វិធីសាស្ត្រការពារ និងកាត់បន្ថយហានិភ័យសម្រាប់យុវវ័យ
-កែសម្រួលរបបអាហារ៖ កាត់បន្ថយការញ៉ាំសាច់ក្រហម (សាច់គោ សាច់ជ្រូក) អាហារបំពងខ្លាញ់ និងគ្រឿងកំប៉ុង។ បង្កើនការញ៉ាំបន្លែបៃតង ផ្លែឈើ និងគ្រាប់ធញ្ញជាតិដែលសម្បូរជាតិសរសៃ (Fiber) ដើម្បីជួយលាងសម្អាត និងសម្រាលការងារពោះវៀន។
-ធ្វើចលនារាងកាយ៖ ជៀសវាងការអង្គុយនៅលើកៅអីធ្វើការលើសពី ២ម៉ោងជាប់គ្នា ចូរក្រោកដើរ និងហាត់ប្រាណឱ្យបានយ៉ាងតិច ១៥០នាទីក្នុងមួយសប្តាហ៍។
-កុំខ្លាចការឆ្លុះពោះវៀន (Colonoscopy)៖ ប្រសិនបើអ្នកមានសញ្ញាព្រមានខាងលើអូសបន្លាយ ឬមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺនេះ ចូរទៅជួបគ្រូពេទ្យដើម្បីឆ្លុះពិនិត្យ។ ការរកឃើញ និងកាត់ចោលសាច់ដុះតូចៗ (Polyps) ទាន់ពេលវេលា អាចការពារមិនឱ្យវាក្លាយជាមហារីកបាន ១០០%។