រាងកាយរបស់មនុស្សយើងពឹងផ្អែកទាំងស្រុងលើ «ប្រព័ន្ធសរសៃឈាម» ដើម្បីដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹមទៅចិញ្ចឹមកោសិកា សាច់ដុំ និងសរីរាង្គគ្រប់ផ្នែក។ នៅពេលប្រព័ន្ធរត់នៃឈាមជួបឧបសគ្គ ឬដំណើរការមិនបានល្អ (Poor Blood Circulation) ផ្នែកចុងបំផុតនៃរាងកាយ ដូចជា ម្រាមដៃ ម្រាមជើង បាតដៃ និងបាតជើង នឹងចាប់ផ្តើមផ្ញើសញ្ញាអាសន្នមកភ្លាមៗ ដែលសញ្ញាទូទៅបំផុតគឺ «អការៈស្ពឹកស្រពន់ និងការរមួលក្រពើ»។
តើការរត់មិនស្រួលនៃឈាម ទៅបង្កផលប៉ះពាល់ជាខ្សែច្រវាក់រហូតដល់មានការរមួលក្រពើ និងស្ពឹកដៃជើងយ៉ាងដូចម្តេច?
យន្តការ ៖ ហេតុអ្វីខ្វះឈាម ទើបស្ពឹក និងរមួលក្រពើ?
-ដើមហេតុនៃអការៈស្ពឹក (Numbness)៖ នៅពេលលំហូរឈាមទៅកាន់ដៃជើងត្រូវបានកាត់បន្ថយ វានឹងធ្វើឱ្យខ្វះអុកស៊ីសែនទៅចិញ្ចឹមខ្សែសរសៃប្រសាទគ្រឿងក្នុង (Peripheral nerves)។ កាលណាសរសៃប្រសាទអត់មានអាហារបំរុងគ្រប់គ្រាន់ វានឹងបាត់បង់សមត្ថភាពបញ្ជូនសញ្ញាជាបណ្តោះអាសន្ន បង្កើតទៅជាអារម្មណ៍ដូចមានស្រមោចរោម ចាក់ចាក់ ឬស្ពឹកស្រពន់ស្ពឹកជើងតែម្តង។
-ដើមហេតុនៃការរមួលក្រពើ (Muscle Cramps)៖ សាច់ដុំត្រូវការឈាមរត់កាត់ ដើម្បីនាំយកអុកស៊ីសែនទៅដុតបំផ្លាញថាមពល និងជួយកម្ចាត់កាកសំណល់អាស៊ីត (Lactic acid) ចេញ។ ពេលឈាមដើរមិនស្រួល សាច់ដុំនឹងខ្វះខាតអុកស៊ីសែន ហើយកកកុញជាតិអាស៊ីត បណ្តាលឱ្យកោសិការសាច់ដុំកន្ត្រាក់ឡើងរឹងជារបាំងការពារខ្លួន ដែលយើងហៅថា «រមួលក្រពើ» នោះឯង។
មូលហេតុចម្បងៗដែលធ្វើឱ្យសរសៃឈាមរត់មិនស្រួល
ជំងឺសរសៃឈាមរត់មិនល្អ មិនមែនកើតឡើងដោយគ្មានហេតុផលនោះទេ វាច្រើនតែបណ្តាលមកពីកត្តារស់នៅ និងជំងឺប្រចាំកាយមួយចំនួន៖
១. ជំងឺសរសៃឈាមដើរគ្រឿងក្នុង (PAD – Peripheral Artery Disease)៖ នេះជាស្ថានភាពដែលសរសៃឈាមអាទែដែលនាំឈាមទៅជើង និងដៃ ត្រូវរងការត្បៀត ឬតូចចង្អៀត ដោយសារមានបន្ទះខ្លាញ់អាក្រក់ (Plaque) ទៅកកកុញតាមជញ្ជាំងសរសៃឈាម។
២. ទម្លាប់អង្គុយ ឬឈរ យូរពេក៖ ការអង្គុយធ្វើការសម្លឹងអេក្រង់ពេញមួយថ្ងៃដោយមិនសូវផ្លាស់ប្តូរឥរិយាបថ ធ្វើឱ្យឈាមកកកុញនៅផ្នែកខាងក្រោម និងមិនអាចហូរត្រឡប់ទៅបេះដូងវិញបានស្រួលឡើយ។
៣. ជំងឺទឹកនោមផ្អែម (Diabetes)៖ កម្រិតជាតិស្ករក្នុងឈាមខ្ពស់យូរអង្វែង អាចបំផ្លាញទាំងជញ្ជាំងសរសៃឈាម និងខ្សែសរសៃប្រសាទ ធ្វើឱ្យអ្នកជំងឺឧស្សាហ៍ស្ពឹកចុងដៃចុងជើងខ្លាំង។
៤. ការជក់បារី និងការខ្វះលំហាត់ប្រាណ៖ សារធាតុនីកូទីនក្នុងបារី ធ្វើឱ្យសរសៃឈាមរួមតូច និងរឹងខូចភាពយឺតញ៉ាំ ធ្វើឱ្យឈាមរត់កាន់តែយឺតយ៉ាវ។
+វិធីសាស្ត្រជួយជម្រុញឈាមឱ្យរត់ស្រួល និងកាត់បន្ថយអការៈ
ប្រសិនបើអ្នកកំពុងរងទុក្ខដោយសារអការៈស្ពឹក និងរមួលក្រពើញឹកញាប់ ចូរអនុវត្តតាមគន្លឹះងាយៗទាំងនេះ៖
-ធ្វើចលនាជារៀងរាល់ ១ម៉ោង៖ ប្រសិនបើធ្វើការការិយាល័យ ចូរក្រោកឈរ ដើរចុះឡើង ឬពត់ខ្លួនប្រហែល ៥នាទី ដើម្បីបើកផ្លូវឱ្យឈាមរត់ឡើងវិញ។
-ម៉ាស្សា និងត្រាំទឹកក្តៅឧណ្ហៗ៖ ការត្រាំជើងក្នុងទឹកក្តៅឧណ្ហៗមុនគេង ជួយឱ្យសរសៃឈាមរីកធំ និងបន្ធូរសាច់ដុំ ជួយការពារការរមួលក្រពើពេលកណ្តាលអធ្រាត្របានយ៉ាងល្អ។
-បរិភោគអាហារជំនួយសរសៃឈាម៖ ញ៉ាំអាហារដែលសម្បូរដោយប៉ូតាស្យូម និងម៉ាញេស្យូម (ដូចជា ផ្លែចេក គ្រាប់ធញ្ញជាតិ និងបន្លែបៃតង) និងអាហារជួយពង្រាវឈាមដូចជា ខ្ទឹមស និងខ្ញី។
-ផឹកទឹកឱ្យបានគ្រប់គ្រាន់៖ ជាតិទឹកជួយឱ្យឈាមមិនសូវខាប់ ងាយស្រួលក្នុងការហូរឆ្លងកាត់សរសៃឈាមតូចៗ។