យោងតាមការចុះផ្សាយពីប្រភពបរទេស អាហារធម្មជាតិមិនមែនសុទ្ធតែមានសុវត្ថិភាពទាំងស្រុងនោះទេ ប្រសិនបើចម្អិនឬញ៉ាំខុសរបៀប។
បើតាមការព្រមានរបស់វេជ្ជបណ្ឌិតជំនាញខាងតម្រងនោម បានបង្ហាញពីអាហារចំនួន ៥ ប្រភេទដែលអាចបង្កជាជាតិពុលគ្រោះថ្នាក់ដល់រាងកាយ នាំឱ្យខូចតម្រងនោម និងប៉ះពាល់ប្រព័ន្ធប្រសាទរួមមាន៖ ទីមួយ «ដំឡូងបារាំងដុះពន្លក» ដែលបង្កើតសារធាតុពុលសូឡានីន រាលដាលពេញមើម ហើយកម្តៅចម្អិនធម្មតាមិនអាចកម្ចាត់អស់ឡើយ ដូច្នេះត្រូវបោះចោលទាំងស្រុង។ ទីពីរ «សណ្ដែកគ្រប់ប្រភេទដែលចម្អិនមិនឆ្អិនល្អ» ដូចជាសណ្ដែកក្រហម ឬសណ្ដែកខៀវ ដោយវាមានផ្ទុកសារធាតុពុលរុក្ខជាតិធ្វើឱ្យប៉ះពាល់ផ្លូវអាហារយ៉ាងធ្ងន់ធ្ងរ នាំឱ្យក្អួតចង្អោរ និងបាត់បង់ជាតិទឹកខ្លាំងរហូតដល់ខូចតម្រងនោម ដូច្នេះត្រូវដំឡើងកម្ដៅចម្អិនឱ្យឆ្អិនល្អ។ ទីបីនិងទីបួន «ដំឡូងមី និងទំពាំងស្រស់» ដែលមានផ្ទុកសារធាតុដែលអាចបំប្លែងជាអ៊ីដ្រូសែនស៊ីយានីតដែលជាជាតិពុលកាចសាហាវ ដោយវិធីកាត់បន្ថយពុលគឺត្រូវត្រាំទឹកឱ្យបានយូរ កោសសំបក ហាន់ស្តើងៗ និងបើកគម្របឆ្នាំងពេលស្ងោរឱ្យឆ្អិនដើម្បីឱ្យជាតិពុលហួតតាមចំហាយទឹក។ ទីប្រាំ «គ្រាប់ផ្លែឈើមួយចំនួន» ដូចជាគ្រាប់អាល់ម៉ុនល្វីង គ្រាប់ប៉ោម ឬគ្រាប់ផ្លែប៊្លុម ដែលមានសារធាតុអាចបញ្ចេញជាតិស៊ីយានីតបង្កឱ្យឈឺក្បាល ពិបាកដកដង្ហើម និងប្រកាច់ ជាពិសេសចំពោះកុមារតូចៗ។
ដើម្បីការពារសុខភាព គ្រូពេទ្យណែនាំឱ្យជ្រើសរើសតែវត្ថុធាតុដើមស្រស់ សម្អាតនិងចម្អិនឱ្យឆ្អិនល្អជានិច្ច៕