យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺលើសសម្ពាធឈាមជាឃាតករលាក់មុខដែលមិនសូវបញ្ចេញរោគសញ្ញា ប៉ុន្តែអាចបំផ្លាញសរសៃឈាមបេះដូង និងបង្កឱ្យមានគ្រោះថ្នាក់សរសៃឈាមខួរក្បាលយ៉ាងធ្ងន់ធ្ងរ។
បើតាមការស្រាវជ្រាវពីសាកលវិទ្យាល័យ Queen Mary នៅទីក្រុងឡុងដ៍ បានរកឃើញថា ការញ៉ាំទឹកមើមយ៉េនចំនួន ២៥០មិល្លីលីត្រជារៀងរាល់ថ្ងៃ អាចជួយកាត់បន្ថយសម្ពាធឈាមឱ្យមកនៅកម្រិតធម្មតាវិញបាន ព្រោះវាមានផ្ទុកសារធាតុនីត្រាតធម្មជាតិខ្ពស់ ដែលរាងកាយនឹងបំប្លែងទៅជាអុកស៊ីតនីទ្រីក ជួយពង្រីកនិងធ្វើឱ្យសរសៃឈាមរលូន។
ទោះជាយ៉ាងណា អ្នកជំនាញបានរំលឹកថា ទឹកមើមយ៉េនមិនអាចជំនួសថ្នាំពេទ្យទាំងស្រុងបានឡើយ ហើយសម្រាប់អ្នកកំពុងប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាម គួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ដើម្បីជៀសវាងការធ្លាក់ចុះសម្ពាធឈាមខ្លាំងពេក ព្រមទាំងអ្នកងាយប្រឈមនឹងជំងឺក្រួសក្នុងតម្រងនោម ក៏ត្រូវប្រយ័ត្នផងដែរ ព្រោះបន្លែនេះមានសារធាតុអុកសាឡាតខ្ពស់៕