យោងតាមការចុះផ្សាយពីប្រភពបរទេស សារធាតុប៉ូតាស្យូមដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាមុខងារបេះដូង សាច់ដុំ ប្រព័ន្ធប្រសាទ និងជួយសម្រួលសម្ពាធឈាមដោយការបណ្តេញជាតិសូដ្យូមលើសចេញពីរាងកាយ។
ក្រៅពីផ្លែចេក បន្លែសាមញ្ញៗ ៣ ប្រភេទនេះជាប្រភពប៉ូតាស្យូមដ៏អស្ចារ្យ រួមមាន ស្ពៃពុយឡេងដែលមានប៉ូតាស្យូម ព្រមទាំងមានវីតាមីន A, C និងជាតិដែកជួយពង្រឹងភាពស៊ាំ និងជំនួយភ្នែក បន្ទាប់មកគឺផ្សិតចំបើងសដែលសម្បូរប្រូតេអ៊ីន វីតាមីនក្រុម B និងជាតិសរសៃជួយសម្រួលប្រព័ន្ធរំលាយអាហារ និងការពារការទល់លាមក និងចុងក្រោយគឺសារ៉ាយសមុទ្រ ដែលមានប៉ូតាស្យូមខ្ពស់ រួមទាំងមានជាតិអ៊ីយ៉ូតជំនួយក្រពេញទីរ៉ូអ៊ីត ប៉ុន្តែមិនគួរញ៉ាំច្រើនហួសប្រមាណឡើយ។
ទោះជាយ៉ាងណា អ្នកជំនាញណែនាំឱ្យបំពេញជាតិប៉ូតាស្យូមពីរបបអាហារធម្មជាតិចម្រុះ ហើយចំពោះអ្នកមានជំងឺតម្រងនោម ដាច់ខាតត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ដើម្បីចៀសវាងគ្រោះថ្នាក់ពីការកកកុញជាតិប៉ូតាស្យូមខ្ពស់ក្នុងឈាម៕