យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាស្រាវជ្រាវខ្នាតធំថ្មីមួយនៅសហរដ្ឋអាម៉េរិកទៅលើមនុស្សចំនួន ៤ លាននាក់ បានរកឃើញថា ស្ថានភាពអាពាហ៍ពិពាហ៍មានទំនាក់ទំនងយ៉ាងស្អិតល្មួតទៅនឹងការកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ ទិន្នន័យបានបង្ហាញថា មនុស្សដែលនៅលីវនិងមិនធ្លាប់រៀបការ មានអត្រាប្រឈមនឹងការកើតជំងឺមហារីកខ្ពស់ជាងអ្នកដែលបានរៀបការរួចរហូតដល់ ៦៨% ចំពោះបុរស និងកើនឡើងរហូតដល់ ៨៣% ចំពោះស្ត្រី។
មូលហេតុចម្បងដែលធ្វើឱ្យអ្នករៀបការរួចមានអត្រាកើតមហារីកទាប គឺដោយសារតែពួកគេមានទំនោរថែទាំសុខភាពខ្លួនឯងបានល្អជាង មានដៃគូជួយរំលឹក និងជំរុញឱ្យទៅជួបគ្រូពេទ្យបានលឿននៅពេលមានសញ្ញាមិនប្រក្រតី ព្រមទាំងឧស្សាហ៍ទៅពិនិត្យស្វែងរកជំងឺមហារីកដំណាក់កាលដំបូងជាប្រចាំ។ ផ្ទុយទៅវិញ អ្នករស់នៅម្នាក់ឯងច្រើនតែធ្វេសប្រហែស មានទម្លាប់ជក់បារីច្រើន និងកម្រទៅពិនិត្យសុខភាពណាស់។
ជាងនេះទៅទៀត ការសិក្សាក៏បានកត់សម្គាល់ថា អាពាហ៍ពិពាហ៍បានផ្តល់ផលប្រយោជន៍ការពារសុខភាពយ៉ាងខ្លាំងដល់ស្ត្រី ដោយសារកត្តាយន្តការបន្តពូជ (ការមានកូនជួយកាត់បន្ថយមហារីកស្បូននិងអូវែ) ខណៈចំពោះបុរសស្បែកខ្មៅ ពួកគេទទួលបានការមើលថែ និងជំរុញឱ្យទៅព្យាបាលជំងឺបានទាន់ពេលវេលាពីភរិយា ដែលធ្វើឱ្យពួកគេក្លាយជាក្រុមបុរសដែលទទួលបានផលល្អបំផុតពីជីវិតអាពាហ៍ពិពាហ៍៕