យោងតាមការចុះផ្សាយពីប្រភពបរទេស ស្ថានភាពងាប់លិង្គ ឬខ្សោយសមត្ថភាពផ្លូវភេទ កំពុងកើតមានកាន់តែច្រើនចំពោះបុរសវ័យក្មេង (សូម្បីតែវ័យ ៣០ ឆ្នាំ) ដោយសារសម្ពាធការងារ និងស្ត្រេសខ្លាំង។
ជំនួសឱ្យការទៅជួបគ្រូពេទ្យ បុរសភាគច្រើនមានអារម្មណ៍អៀនខ្មាស ហើយបាននាំគ្នាសម្រុកស្វែងរកទិញថ្នាំលេប ថ្នាំលាប ឬថ្នាំបាញ់ដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គមមកប្រើប្រាស់ដោយខ្លួនឯង ដែលមិនត្រឹមតែមិនអាចព្យាបាលជាសះស្បើយនោះទេ ប៉ុន្តែថែមទាំងអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពទៀតផង។
អ្នកជំនាញវេជ្ជសាស្ត្របានព្រមានថា បញ្ហាខ្សោយសមត្ថភាពផ្លូវភេទមិនមែនត្រឹមតែជារឿងលើគ្រែនោះទេ ប៉ុន្តែវាគឺជា «សញ្ញាអាសន្ន» ព្រមានមុនពីជំងឺខ្វះឈាមបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល (ដាច់សរសៃឈាម) ជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម។ ការទិញថ្នាំប្រើប្រាស់ដោយខ្លួនឯងដោយគ្មានការពិនិត្យ ជាសកម្មភាពដ៏គ្រោះថ្នាក់បំផុត ជាពិសេសចំពោះអ្នកមានជំងឺបេះដូង ឬអ្នកកំពុងប្រើប្រាស់ថ្នាំក្រុម Nitrate។ ដូចនេះ បុរសៗគួរតែលុបបំបាត់ភាពអៀនខ្មាស ហើយប្រញាប់ទៅជួបគ្រូពេទ្យឯកទេសខាងបុរសសាស្ត្រ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងទទួលបានការព្យាបាលយ៉ាងត្រឹមត្រូវ ប្រកបដោយសុវត្ថិភាពនិងភាពឯកជន៕