នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃដែលពោរពេញដោយភាពមមាញឹក ការមានអារម្មណ៍អស់កម្លាំង ល្ហិតល្ហៃ ឬហត់នឿយ គឺជារឿងធម្មតាដែលតែងតែកើតឡើងលើមនុស្សគ្រប់រូប បន្ទាប់ពីបំពេញការងារធ្ងន់ អត់ងងុយ ឬស្ត្រេសខ្លាំង។ មនុស្សភាគច្រើនតែងតែគិតថា «មិនអីទេ គ្រាន់តែហត់បន្តិចបន្តួច សម្រាកទៅក៏បាត់ហើយ»។
ប៉ុន្តែ នៅក្នុងពិភពវេជ្ជសាស្ត្រ មានការព្រមានយ៉ាងម៉ឺងម៉ាត់ថា៖ «ការអស់កម្លាំងខ្លះ មិនមែនមកពីការងារនោះទេ ប៉ុន្តែវាជាសម្រែកសុំជំនួយពីបេះដូងរបស់អ្នក!» ។ ការយល់ច្រឡំរវាងការហត់នឿយទូទៅ និងសញ្ញាព្រមាននៃជំងឺបេះដូង អាចនាំឱ្យមានការយឺតយ៉ាវក្នុងការទប់ស្កាត់ និងគ្រោះថ្នាក់ដល់ជីវិត។
តើធ្វើដូចម្តេចដើម្បីបែងចែកឱ្យច្បាស់រវាងការហត់នឿយទាំងពីរប្រភេទនេះ?
១. ការហត់នឿយធម្មតា
ការហត់នឿយប្រភេទនេះ តែងតែមានមូលហេតុច្បាស់លាស់ទាក់ទងនឹងសកម្មភាពរាងកាយ ឬរបៀបរស់នៅ៖
-មូលហេតុ៖ កើតឡើងក្រោយពេលធ្វើការងារធ្ងន់ ហាត់ប្រាណខ្លាំង អត់ងងុយពីរបីយប់ ឬបន្ទាប់ពីឆ្លងកាត់សម្ពាធផ្លូវចិត្តខ្លាំង។
-លក្ខណៈសម្គាល់ ៖ នៅពេលដែលអ្នកបានសម្រាកគ្រប់គ្រាន់ គេងលក់ស្កប់ស្កល់ ឬញ៉ាំអាហារមានជីវជាតិត្រឹមត្រូវ រាងកាយរបស់អ្នកនឹងត្រលប់មកមានថាមពល និងស្រស់ថ្លាឡើងវិញយ៉ាងលឿន។
២. ការអស់កម្លាំងដោយសារជំងឺបេះដូង
នេះជាសញ្ញាព្រមានដ៏គ្រោះថ្នាក់ ដែលកើតឡើងដោយសារបេះដូងខ្សោយ មិនអាចច្របាច់ឈាមទៅចិញ្ចឹមសរីរាង្គ និងសាច់ដុំបានគ្រប់គ្រាន់។
+សញ្ញាសម្គាល់ពិសេសដែលអ្នកមិនត្រូវមើលរំលង៖
-អស់កម្លាំងខ្លាំងដោយគ្មានមូលហេតុ៖ ទោះបីជាអ្នកមិនបានធ្វើការធ្ងន់ មិនបានលើករបស់ធ្ងន់ ឬទើបតែភ្ញាក់ពីគេងក៏ដោយ ក៏នៅតែមានអារម្មណ៍ថាល្ហិតល្ហៃ អស់កម្លាំងល្វើយ រហូតដល់គ្មានកម្លាំងកំហែងនឹងធ្វើសកម្មភាពប្រចាំថ្ងៃតូចតាច (ដូចជាការដើរទៅបន្ទប់ទឹក ឬបត់ខោអាវ)។
-ហត់ដង្ហក់ ឬណែនទ្រូងពេលធ្វើចលនាបន្តិចបន្តួច៖ គ្រាន់តែដើរឡើងជណ្តើរ ១-២កាំ ឬដើរចំងាយខ្លីៗ ក៏មានអារម្មណ៍ថាថប់ដង្ហើម ហត់ដង្ហក់ខុសពីធម្មតា និងមានអារម្មណ៍ធ្ងន់ ឬណែនៗនៅដើមទ្រូង។
-សម្រាកក៏មិនបាត់៖ ទោះបីជាអ្នកព្យាយាមគេងពេញមួយថ្ងៃ ឬសម្រាកច្រើនម៉ោងយ៉ាងណាក៏ដោយ ក៏អារម្មណ៍អស់កម្លាំង និងល្ហិតល្ហៃនោះនៅតែមិនព្រមបាត់ទៅណាឡើយ។
-រោគសញ្ញារួមផ្សំផ្សេងទៀត៖ មានអាការៈវិលមុខ ងងឹតមុខភ្នែក (ជាពិសេសពេលក្រោកឈរ) បេះដូងលោតខុសចង្វាក់ (លោតញាប់ពេក ឬលោតរំលងចង្វាក់) និងមានអាការៈហើមនៅត្រង់ប្រទព្វជើង កជើង ឬស្មងជើងនៅពេលល្ងាច។
តើអ្នកគួរធ្វើដូចម្តេចនៅពេលសង្ស័យ?
ប្រព័ន្ធរាងកាយរបស់យើងឆ្លាតវៃណាស់ វាតែងតែផ្ញើសញ្ញាព្រមានមកយើងជានិច្ច គ្រាន់តែយើងជ្រើសរើសស្តាប់ ឬព្រងើយកន្តើយ។ ប្រសិនបើអ្នក ឬមនុស្សជាទីស្រឡាញ់មានអាការៈអស់កម្លាំងរ៉ាំរ៉ៃ អស់រយៈពេលលើសពី ២សប្តាហ៍ ដោយគ្មានមូលហេតុច្បាស់លាស់ ហើយសម្រាកមិនបាត់៖
-កុំទិញថ្នាំលេបខ្លួនឯង៖ ការលេបថ្នាំបំប៉ន ឬថ្នាំឈឺក្បាលហត់នឿយ គ្រាន់តែជាការបិទបាំងរោគសញ្ញាប៉ុណ្ណោះ ប៉ុន្តែវាមិនអាចព្យាបាលឫសគល់នៃជំងឺបេះដូងបានឡើយ។
-ទៅជួបគ្រូពេទ្យជំនាញ៖ គួរអញ្ជើញទៅពិនិត្យសុខភាពបេះដូង ធ្វើការវាស់ចង្វាក់បេះដូង (ECG) ឬអេកូបេះដូង ដើម្បីដឹងពីស្ថានភាពពិតប្រាកដ។
«ការនឿយហត់ពីការងារ គ្រាន់តែត្រូវការការសម្រាក។ ប៉ុន្តែការអស់កម្លាំងពីជំងឺបេះដូង គឺត្រូវការការសង្គ្រោះ។ ចូររៀនសង្កេត និងស្តាប់សញ្ញាពីរាងកាយរបស់អ្នកឱ្យបានហ្មត់ចត់ ព្រោះការដឹងមុន និងការព្យាបាលទាន់ពេលវេលា គឺជាខ្សែបន្ទាត់ខណ្ឌចែករវាងជីវិត និងហានិភ័យ!»