ជំងឺទឹកនោមផ្អែម មិនមែនជាជំងឺដែលកើតឡើងភ្លាមៗហើយបង្កការឈឺចាប់ខ្លាំងភ្លាមនោះទេ ប៉ុន្តែវាត្រូវបានគេស្គាល់ថាជា «ឃាតករលាក់មុខ»។ មនុស្សភាគច្រើនតែងតែមានការធ្វេសប្រហែស ដោយគិតថាការញ៉ាំផ្អែមបន្តិចបន្តួច ការឡើងជាតិស្ករខុសធម្មតាបន្តិចបន្តួច ឬការមិនមានរោគសញ្ញាឈឺចាប់អ្វីសោះក្នុងពេលបច្ចុប្បន្ន គឺជាកត្តាមិនអីនោះទេ។ ប៉ុន្តែ នៅក្នុងពិភពវេជ្ជសាស្ត្រ ភាពព្រងើយកន្តើយចំពោះជំងឺនេះ គឺជាការបើកទ្វារឱ្យជាតិស្ករទៅបំផ្លាញសរីរាង្គសំខាន់ៗពាសពេញរាងកាយបន្តិចម្តងៗ រហូតហួសពេលជួយសង្គ្រោះ។
តើការធ្វេសប្រហែសតូចតាច អាចវិវត្តទៅជាការបំផ្លាញសរីរាង្គដ៏គួរឱ្យខ្លាចយ៉ាងដូចម្តេចខ្លះ?
១. ភ្នែក៖ ពីការស្រវាំងតិចតួច ឈានទៅរកភាពងងឹតសូន្យឈឹង
នៅពេលកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ក្នុងរយៈពេលយូរ វានឹងទៅបំផ្លាញសរសៃឈាមតូចៗដែលចិញ្ចឹមបាតភ្នែក។
-ផលវិបាក ៖ ដំបូងឡើយ អ្នកជំងឺអាចមានអារម្មណ៍ស្រវាំងភ្នែកភ្នែកតិចតួច ឬមើលមិនសូវច្បាស់ ដែលភាគច្រើនតែងគិតថាជាបញ្ហាខ្សោយភ្នែកតាមអាយុ។ ប៉ុន្តែប្រសិនបើទុកចោល វានឹងបង្កជាជំងឺបាតភ្នែក (Diabetic Retinopathy) បង្កឱ្យមានការហូរឈាមក្នុងភ្នែក ដាច់ស្រទាប់បាតភ្នែក និងឈានទៅរកការពិការភ្នែកទាំងស្រុង។
២. តម្រងនោម៖ ពីការមិនដឹងខ្លួន ឈានទៅរកការលាងឈាមអស់មួយជីវិត
តម្រងនោមមានតួនាទីជាអ្នកចម្រោះជាតិពុលចេញពីរាងកាយ។ ប៉ុន្តែជាតិស្ករដែលលើសលប់នៅក្នុងឈាម ប្រៀបដូចជាគ្រាប់ខ្សាច់ដែលទៅកកិត និងបំផ្លាញកោសិការចម្រោះរបស់តម្រងនោមជារៀងរាល់ថ្ងៃ។
-ផលវិបាក៖ ជំងឺខ្សោយតម្រងនោមដោយសារទឹកនោមផ្អែម (Diabetic Nephropathy) មិនបញ្ចេញរោគសញ្ញាអ្វីទាំងអស់នៅក្នុងដំណាក់កាលដំបូង។ នៅពេលដែលអ្នកជំងឺចាប់ផ្តើមមានអាការៈហើមជើង ហើមមុខ ឬនោមមានពពុះ នោះមានន័យថាតម្រងនោមបានខូចខាតធ្ងន់ធ្ងរទៅហើយ ដែលតម្រូវឱ្យមានការលាងឈាម (Dialysis) ឬប្តូរតម្រងនោមដើម្បីបន្តជីវិត។
៣. ប្រព័ន្ធសរសៃប្រសាទ និងជើង៖ ពីការរមាស់ស្រពន់ ឈានទៅរកការកាត់ជើងចោល
ជាតិស្ករខ្ពស់ធ្វើឱ្យស្ទះសរសៃឈាមតូចៗដែលទៅចិញ្ចឹមសរសៃប្រសាទ ជាពិសេសគឺនៅត្រង់ចុងដៃចុងជើង។
-ផលវិបាក៖ អ្នកជំងឺនឹងចាប់ផ្តើមមានអារម្មណ៍ពុល ស្រពន់ ឬក្តៅក្រហាយនៅបាតជើង។ យូរៗទៅ ជើងនឹងលែងដឹងវិញ្ញាណ (បាត់បង់ការឈឺចាប់)។ នៅពេលមានរបួស ឬមុតអ្វីបន្តិចបន្តួច អ្នកជំងឺនឹងមិនដឹងខ្លួននោះទេ ហើយដោយសារតែឈាមរត់មិនបានល្អ រួមផ្សំនឹងជាតិស្ករខ្ពស់ដែលជាចំណីរបស់បាក់តេរី មុខរបួសនឹងរលួយរាលដាលយ៉ាងលឿន រហូតត្រូវបង្ខំចិត្តកាត់ម្រាមជើង ឬកាត់ជើងចោល ដើម្បីរក្សាជីវិត។
៤. បេះដូង និងខួរក្បាល៖ ផ្លូវកាត់នៃគ្រោះថ្នាក់ដល់ជីវិត
ទឹកនោមផ្អែមបង្កើនល្បឿននៃការកកស្ទះ និងរឹងសរសៃឈាមធំៗនៅក្នុងរាងកាយយ៉ាងគំហុក។
-ផលវិបាក៖ អ្នកជំងឺទឹកនោមផ្អែមមានហានិភ័យខ្ពស់ជាងមនុស្សធម្មតាពី ២ ទៅ ៤ដង ក្នុងការកើតជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) បណ្តាលឱ្យស្លាប់មួយចំហៀងខ្លួន ឬជំងឺគាំងបេះដូង (Heart Attack) ដែលអាចធ្វើឱ្យបាត់បង់ជីវិតភ្លាមៗក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទី។
វិធីសាស្ត្រទប់ស្កាត់៖ ប្តូរពី «ការធ្វេសប្រហែស» មកជា «ការការពារ»
សេចក្តីប្រកាសអាសន្នខាងលើ មិនមែនដើម្បីឱ្យអ្នកមានការភ័យខ្លាចនោះទេ ប៉ុន្តែគឺដើម្បីឱ្យមានការភ្ញាក់រលឹក។ ជំងឺទឹកនោមផ្អែមអាចគ្រប់គ្រងបានយ៉ាងល្អប្រសើរ ប្រសិនបើអ្នកលះបង់ចោលនូវភាពធ្វេសប្រហែស ហើយចាប់ផ្តើមអនុវត្តចំណុចទាំងនេះ៖
-ពិនិត្យឈាមជាប្រចាំ ៖ គួរពិនិត្យកម្រិតជាតិស្ករក្នុងឈាមយ៉ាងហោចណាស់ ១ដងក្នុងមួយឆ្នាំ ទោះបីជាមានអារម្មណ៍ថាខ្លួនឯងរឹងមាំក៏ដោយ។
-គ្រប់គ្រងរបបអាហារ៖ កាត់បន្ថយអាហារដែលមានជាតិម្សៅកែច្នៃ ភេសជ្ជៈផ្អែមៗ និងអាហារ Fast Food។ បង្កើនការញ៉ាំបន្លែ និងអាហារមានជាតិសរសៃខ្ពស់។
-ធ្វើចលនារាងកាយ៖ ការហាត់ប្រាណត្រឹមតែ ៣០នាទីក្នុងមួយថ្ងៃ ជួយឱ្យកោសិការាងកាយស្រូបយកជាតិស្ករទៅប្រើប្រាស់បានល្អ និងកាត់បន្ថយការកកសន្សំជាតិស្ករក្នុងឈាម។